ចាប់ខ្លួនឧកញ៉ា ក្លែងក្លាយម្នាក់ នៅស្រុកឧដុង្គករណីរំលោភទំនុកចិត្ត

18

ខេត្តកំពង់ស្ពឺ៖ ចាប់ខ្លួនឧកញ៉ា ក្លែងក្លាយម្នាក់ នៅស្រុកឧដុង្គករណីរំលោភទំនុកចិត្ត ការឃាត់ខ្លួនឧកញ៉ាក្លែងក្លាយម្នាក់នេះ ធ្វើឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចហាងកា​​ហ្វេមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ ភូមិបែកថ្លាង​ ​ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ករណី​ រំលោភ​ទំនុកចិត្ត​ ប្រព្រឹត្ត​នៅ​ភូមិប្រកិល​ ឃុំព្រះស្រែ​ ស្រុក​ឧដុង្គ​ ខេត្ត​កំពង់​ស្ពឺ​ ។

ជនសង្ស័យ​ឈ្មោះ​ សូ​ សារឹម​ ភេទប្រុស​ អា​យុ​ ៤២ឆ្នាំ​ មុខរបរ​ ឈ្មួញរកស៊ីដី​ នៅភូមិអង្រ្គង​ ឃុំព្រះស្រែ​ ស្រុក​ឧដុង្គ​ ខេត្ត​កំពង់​ស្ពឺ ​។

ប្រភពពីមន្ត្រីនគរបាលស្រុកឧដុង្គបានឲ្យដឹងថា ” តាមរឿងរ៉ាវ​ ឧកញ៉ាក្លែងក្លាយ ឬឧកញ៉ាប៉ម នេះ បានទិញដីពីប្រជាពលរដ្ឋ​ មិនឲ្យលុយ​ ហើយលួចយកទៅ​លក់ បន្តឲ្យថៅកែធំ​ ដោយបន្លំ និងឃុប​ឃិតគ្នាជាប្រព័ន្ធ ធ្វើ​ឯកសារដែលមានការទទួល​ស្គាល់​ពីអាជ្ញាធរ​ (ប៉ុន្តែ​ម្ចាស់ដីពិតប្រាកដ រងគ្រោះ​ ទឹកភ្នែក​ដោយសារតែអំពើបុគ្គលឈ្មោះសូ​ សារឹម​)​ ដោយគ្រាន់តែកក់លុយបន្តិចបន្តួចតែប៉ុណ្ណោះ ហើយនៅពេលម្ចាស់ដីសួរនាំ ឬទារលុយឧកញ៉ាប៉ម នេះសន្យា​ហើយសន្យាទៀត​ គឺសន្យាខ្យល់” ។

ប្រភពបន្តថា ” តាមសម្ដី​លោកមេភូមិម្នាក់ មិនបញ្ចេញឈ្មោះ​ បានបង្ហើបថា ដោយសារតែខ្លាចអំណាចបុគ្គលនេះ អាងខ្នងទើបពួកគាត់ សុខចិត្ដ​ ខាំមាត់ សង្កត់ចិត្ដ​ អង្វរ លោកសូ​ សារឹម​ថា មេត្ដា​ប្រគល់ប្រាក់ថ្លៃដីដែលទិញពីពួកគាត់(ប្រជាពលរដ្ឋ) ឲ្យបានគ្រប់​ចំនួន​ តែគាត់(សូសារឹម) យកលេសថា ឯកឧត្តមនេះ ឯកឧត្តមនោះ មិនទាន់ឲ្យ​លុយមកគ្រប់ ដែលធាតុពិតគឺអ្នកទិញបាន ទូទាត់លុយរួចអស់ហើយ” ។

មហាជនបានលើកឡើងថា សកម្មភាព​នេះ ឈ្មោះ សូ​ សារឹម​ មិនមែន មានខ្នងបង្អែកតូចតាចត្រឹម អាជ្ញាធរមូលដ្ឋាននោះទេ​ (ក្រុមប្រឹក្សាស្រុក) ទំនងជា​មានអ្នកការពារ ធ្វើជាបង្អែកធំជាងនេះ ហើយមើល៍ទៅ ទើបឈ្មោះនេះ​ ចាយលុយដូចក្រដាស​ ដែលលុយទាំងនោះ គឺជាលុយរបស់ពលរដ្ឋម្ចាស់ដី ។ យ៉ាងណាៗអំំពើទុច្ចរិត មិនអាចគង់វង់បានយូរឡើយ ជាក់ស្តែងដូចជាលុយ ដែលបុគ្គលសូ សារឹម ចាយគឺជាលុយថ្លៃដីរបស់ពលរដ្ឋ ម្ចាស់ដី ដែលគាត់យកទៅលក់ ហើយមិនឲ្យ​លុយថ្លៃដីជូនពលរដ្ឋស្លូតត្រង់ ។

អ្នកស្រុកឧដុង្គ អ្នកណាក៏​គេស្គាល់ថា ឧកញ៉ាប៉មរូបនេះ ជា អ្នកគក់​ជេដី​ ដ៏ល្បីឈ្មោះ ក្នុងទឹកដី ​ឃុំព្រះស្រែ​ ​ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ឯក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌខេត្ត បានឲ្យដឹងនៅល្ងាចថ្ងៃទី៨ កុម្ភៈ ២០១៩ថា “ការឃាត់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចូល ខ្លួនរបស់លោក ខៃ សម្ផ​ស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំ​ពង់ស្ពឺ ពាក់ព័ន្ធសំណុំរឿងរំលោភលើ ទំនុក​ចិត្ត ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ដែលជនសង្ស័​យ បា​នប្រព្រឹត្ត កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិរំលេច ​និងនៅ​ភូមិតារា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ” ។

ប្រជាពលរដ្ឋក៏ដូចជាអ្នករកស៊ី នៅបាត់ដឹង ស្រុកឧដុង្គ បានលើកឡើងថា ជនសង្ស័យឈ្មោះ សូ សារឹម ជាអ្នករកស៊ីគក់ជេ​ដីរូបនេះ ដែលប្រជាពលរដ្ឋល្បីតៗគ្នាថា បានប្រកាសខ្លួនមានងា​រជា​ ឧកញ៉ា ប៉ុន្តែមិនដែលបានបង្ហាញ ឲ្យពលរដ្ឋឃើញ ព្រះរាជក្រឹត្យតែងតាំងងារជា ឧកញ៉ារបស់បុគ្គលម្នាក់នេះទេ។

ក្រៅពីសំណុំរឿង ដែលសមត្ថកិច្ចកំពុងចាប់​ខ្លួន ជនសង្ស័យ ក៏នៅមានរឿងទិញដីប្រជាពលរដ្ឋក្នុងមូ​លដ្ឋា​ន ​ឃុំព្រះស្រែ ដោយគេចវេះមិនព្រមប្រគល់ លុយឲ្យ​ម្ចាស់ដី ហើយយកដីពលរដ្ឋទៅលក់បន្ត ជាច្រើ​នលើកច្រើនសារ និ​ងមានអាជ្ញាធរមូលដ្ឋានមួយចំនួន ក៏មានការជាប់ពាក់ព័ន្ធ ក្នុងករណីទាំងអស់នេះផងដែរ ។

​ពាក់ព័ន្ធករណីចាប់ខ្លួ​​​​​​​​​​​​​​​​​​​​នជនសង្ស័យ ជាអ្នករកស៊ីគក់ជេដី ដែលប្រកាសខ្លួនថា ជាឧកញ៉ា ឈ្មោះ សូ សារឹម សមត្ថកិច្ចបានប​ង្ហើ​បថា បច្ចុប្បន្ន ន​គរបាលជំនាញកំពុងសាកសួរ និ​ង​កសាងសំណុំរឿងបញ្ជូនបន្តទៅតុលា​ការ​​ដើម្បីចាត់ការ​តាមច្បាប់ ៕

ប្រភព៖ Heng Ly