Update: គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ត្រង់ចំណោតលោកយាយម៉ៅមនុស្សម្នាក់បានស្លាប់ និង៨នាក់រងរបួស និងរថយន្តចំនួន២០គ្រឿង

6

(កំពង់ស្ពឺ) គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ត្រង់ចំណោតលោកយាយម៉ៅពេជ្រនិលខេត្តកំពង់ស្ពឺ សមត្ថកិច្ច អះអាងថាបណ្តាលមកពីរថយន្តដឹកថ្មដាច់ហ្វ្រាំងពេលចុះចំណោត ទើបបណ្តាលអោយ បុករះប៉ះរថយន្តចំនួន២០គ្រឿងទៀត ក្នុងនោះមានមនុស្សម្នាក់ស្លាប់និង៨នាក់ទៀតរងរបួស។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចខេត្តកំពង់ស្ពឺអោយដឹងតាមរបាយការណ៍ជាបណ្តោះសន្នថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះកើតឡើងរវាងរថយន្ដដឹកថ្ម និងរថយន្ដធុនតូច ធំ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ជិតជ្រោះពេជ្រនិល ស្ថិតក្នុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ បណ្ដាលមកពីរថយន្ដដឹកថ្ម ដាច់ហ្វ្រាំងពេលកំពុងចុះចំណោត ពីកើតទៅលិច ហើយក៍ជ្រុលទៅបុករះលើរថយន្ដផ្សេងទៀតចំនួន២០គ្រឿងអោយរងការខូចខាត និងបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់និងរងរបួសធ្ងន់ ស្រាលចំនួន៨នាក់។

 

បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់បញ្ជាក់ផងដែរថា ហេតុការណ៍ដំបូងគឺឃើញរថយន្ដដឹកថ្មមួយគ្រឿងនេះ បើកចុះចំណោតក្នុងល្បឿនលឿន នៅម្ដុំយាយម៉ៅ ក៍ស្រាប់តែដាច់ហ្វ្រាំង ទើបបុករះរថយន្ដជាង២០គ្រឿង ផ្សេងទៀត មានទាំងរថយន្ដធំ និងរថយន្ដតូច បណ្ដាលឲ្យជនរងគ្រោះខ្លះគៀបជាប់នៅក្នុងរថយន្ដ ហើយមានរថយន្ដខ្លះធ្លាក់ផ្លូវទៅល្បាក់ជ្រោះផងដែរ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជាច្រើននាក់ បានអន្ដរាគន៍ជាច្រើនម៉ោងដើម្បីសង្គ្រោះជនរងគ្រោះនិងសម្រួលចរាចរណ៍ ស្របពេលដែលស្ថានភាពចរាចរណ៍មានការកកស្ទះយ៉ាងខ្លាំង នៅក្រោយពេលកើតហេតុ៕