ប្រជាពលរដ្ឋខណ្ឌដូនពេញ សុំអភិបាលរាជធានី ជួយដោះស្រាយបញ្ហាដើមឈើ នៅតាមដងផ្លូវ ក្នុងសង្កាត់ជ័យជំនះ ខ្លាចបាក់រលំបង្កគ្រោះថ្នាក់

19

ប្រជាពលរដ្ឋ រស់នៅខណ្ឌដូនពេញ សុំអភិបាលរាជធានីភ្នំពេញជួយដោះស្រាយបញ្ហាដើមអំពិល នៅតាមដងផ្លូវក្នុងសង្កាត់ជ័យជំនះ ដែលចាស់ទ្រុឌទ្រោម ខ្លាចបាក់រលំបង្កគ្រោះថ្នាក់ដល់អ្នកជិតខាងនិងសុំឲ្យអាជ្ញាធរ ចុះពិនិត្យបញ្ហាបុកគ្រឹះសាងសង់ ជាប់លំនៅដ្ឋាន មានសភាពញ័ររង្គើរ ដែលបញ្ហាទាំងនេះ ធ្វើឲ្យគាត់មានការព្រួយបារម្ភ សុំអភិបាលមានវិធានការ និងដោះស្រាយជូន។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ នៅវិទ្យាស្ថានជាតិអប់រំ ស្ថិតក្នុងខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី ២៥ធ្នូ លោក ស្រី ប្រាក់ វណ្ណា ជាប្រធានភូមិ១០ ដំណាងប្រជាពលរដ្ឋនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញបានលើកឡើងថា សព្វថ្ងៃ ក្រុមគ្រួសារកាត់ ក៏ដូចប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ ក្នុងសង្កាត់ជ័យជំនះ មានការព្រួយបារម្ភ អំពីដើមអំពិលនៅផ្លូវ១៨៤ នៅពេលមានភ្លៀងខ្យល់ម្តងៗស្ទើររលំបាក់។ ដោយឡែកអ្នកសាងសង់លំនៅដ្ឋាន មានការបុកគ្រឹះមាន សភាពញ័ររង្គើរធ្វើឲ្យមានការភ័យខ្លាច។ ដូច្នេះបញ្ហានេះ សុំឲ្យអភិបាលដោះស្រាយជូនពួកគាត់។

សំឡេង៖ បាទប្រជាពលរដ្ឋនៅម្តុំនោះ ដេកមិនលក់ បក់មិនល្ហើយទេរាល់ថ្ងៃ ដោយសារខ្លាចដើម អំពិលដួលរលំលើ ព្រោះនៅជាប់មុខផ្ទះ ដូច្នេះ យើងសុំសំណូមពរដល់អ្នកគ្រប់គ្រងទាំងអស់គ្នាមេតា ជួយ ដោះស្រាយ  ពិសេស លោកអភិបាលសាលារាជធានីភ្នំពេញ សុំជួយកាប់ដើមអំពិលផងប្រជាពលរដ្ឋមាន ការភ័យខ្លាចខ្លាំងណាស់។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលយកនូវសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ ដោយ ឯកឧត្តម អភិបាលបានដាក់ផែនការឲ្យផ្នែកពាក់ព័ន្ធ ចុះដោះស្រាយជូនបងប្អូនជា បន្ទាប់។ ឯកឧត្តម អភិបាលបន្តថា ចៅសង្កាត់ អភិបាលខណ្ឌ និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមចុះពិនិត្យមើល ដូចជាបង្គោលភ្លើង លូ ដើមឈើ និងបញ្ហាបុកគ្រឹះជាដើម ដែលជាសំណូមពរតូចតាចរបស់បងប្អូន អាចដោះស្រាយបាន ត្រូវដោះស្រាយទៅ មិនចាំបាច់ឲ្យពួកគាត់លើកនៅក្នុងវេទិកានេះទេ។

សូមបញ្ជាក់ថា៖ ខណ្ឌដូមពេញមាន១១ សងកលាត់ គឺ សង្កាត់ស្រះចក វត្តភ្នំ ផ្សារចាស់ ផ្សារកណ្តាល១ ផ្សារកណ្តាល២ ជ័យជំនះ ចតុមុខ ផ្សារថ្មី២ ផ្សារថ្មី២ ផ្សារថ្មី៣ និងសង្កាត់បឹងរាំង៕