ថតសំញែងកាំភ្លើង បង្ហោះបង្អួតក្នុងហ្វេសប៊ុក ត្រូវសមត្ថកិច្ចស្រាវជ្រាវ ចាប់វ៉ៃខ្នោះទាំងយប់

20

ខេត្តកំពង់ចាម៖ នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ យុវជនម្នាក់ ដែលបាននថតកាំភ្លើងវែង-ខ្លី២ដើម បង្ហោះសំញែងតាមបណ្ដាញសង្គម Facebook ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ជនសង្ស័យដែលមានគណនី Facebook ឈ្មោះ ​Kongkia VS​ ហើយបង្ហោះរូបភាព​បង្អួតកាំភ្លើងសំញែងលើតាប្លូរថយន្តនោះមាន ឈ្មោះ លី វណ្ណៈ អាយុ២៧​ឆ្នាំ មានទីលំនៅនៅភូមិ១ ផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរធ្វើការនៅក្រសួងមហា​ផ្ទៃ។

បន្ទាប់ពីឃើញយុវជនខាងលើបង្ហោះរូបភាពសំញ៉ែងកាំភ្លើងភ្លាម កម្លាំងសមត្ថកិច្ចក៏បានចេញប្រតិបត្តិការស្រាវជ្រាវស្វែងរកយុវជននោះ រហូតរកឃើញយុវជននោះនៅមុខវត្តត្រពាំងព្រះ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម​ ហើយបាននាំមកអធិការដ្ឋាន និងត្រួតពិនិត្យឆែកឆេរ លើរថយន្តម៉ាកឡង់រ៉ូវ៉ែ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ 2U-​0199 ឃើញមានអាវុធ០២ដើម អាកាស្វាយវែង​០១​ដើម លេខ​៤៣៦២ បង់មួយគ្រាប់គ្មាន និងអាវុធខ្លី​០១ដើម ម៉ាក Pak លេខ​០៨១៦.០០១០៤៨ បង់០១ គ្រាប់០៦​។

ដោយឡែក អាវុធនេះជនសង្ស័យបានសារភាពថា កាំភ្លើងទាំងនោះជារបស់បងឈ្មោះ ហាក់ ប៉េងឃីម អាយុ៣៤ឆ្នាំ រស់នៅជាមួយគ្នា មានមុខរបរមន្ដ្រីនគរបាល ក្រសួងមហាផ្ទៃ​។

ក្រោយសួរនាំអាវុធទាំងពីរដើម និងរថយន្តមួយគ្រឿងខាងលើ និងជនសង្ស័យនេះ គ្មានអត្តសញ្ញាណសម្គាល់អ្វីទាំងអស់ ហើយជនសង្ស័យ​បានធ្វើតេស្តទឹកម៉ូត រកសារធាតុញៀនឃើញថា វិជ្ជមាន (មានសារធាតុញៀន) ខណៈដែលខ្លួនជិះរថយន្តពីភ្នំពេញ មកចូលរួមការនៅភូមិព្រៃទទឹង។ ជនសង្ស័យនឹងត្រូវកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ប្រភព៖ Hemg Ly