អតីតតារាសម្តែងរឿងកប៉ាល់ Titanic សន្យាផ្តល់ជំនួយ៥លានដុល្លារជួយដល់ការប្រយុទ្ធប្រឆំាងនឹងភ្លើងឆេះព្រៃ Amazon

25

ប្រេស៊ីល៖ មូលនិធិបរិស្ថានថ្មីមួយដែលគំាទ្រដោយលោក លីអូណាដូ ឌីខាព្រីអូ ដែលជាអតីតតារាសម្តែងរឿងកប៉ាល់ ទីតានិច បានសន្យាផ្តល់កញ្ចប់ថវិការជំនួយ៥លានដុល្លារ ដើម្បីជួយទ្រទ្រង់ដល់តំបន់ព្រៃអាម៉ាហ្សូន ដែលត្រូវទទួលរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារភ្លើងឆេះព្រៃ នេះបើតាមសារព័ត៌មានចិន CGTN នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ ។

មូលនិធិបរិស្ថានដែលមានឈ្មោះថា អឺន អាល់លៀន (Earth Alliance) ត្រូវបានបង្កើតឡើងកាលពីខែមុនដោយលោក ឌីខាព្រីអូ និងលោកស្រី ភីលែនរ៉ូភីស ឡូរ៉េន ផៅវែល ចបស៍ និងលោក ប្រាយអិន ហ្សេត ។ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ មូលនិធិបរិស្ថានបានចាប់ផ្តើមមូលនិធិព្រៃអាម៉ាហ្សូន នៅក្នុងសេចក្តីប្រកាសមួយនៅគេគេហទំព័ររបស់ខ្លួន ។ មូលនិធិនេះទៀតសោត ក៏កំពុងស្វែងរកការបរិច្ចាគនានា ដើម្បីជួយជួសជុលព្រៃត្រូពិកប្រេស៊ីល ដែលគេហៅថា “ សួតនៃភពផែនដី ” ផងដែរ ។

បើតាមទីភ្នាក់ងារត្រួតពិនិត្យផ្កាយរណបរបស់ប្រេស៊ីល គិតមកទល់ឆ្នាំនេះមានភ្លើងឆេះព្រៃជាង៤ម៉ឺន១ពាន់កន្លែងនៅតំបន់ព្រៃ អាម៉ាហ្សូន ដែលចំនួនជាងពាក់កណ្តាលនៃភ្លើងឆេះព្រៃនោះ បានកើតឡើងនៅក្នុងខែនេះ ។ ក្រុមអ្នកជំនាញបាននិយាយថា ភ្លើងឆេះព្រៃនោះ ភាគច្រើនបណ្តាលមកពីកសិករ ឬម្ចាស់កសិដ្ឋានចិញ្ចឹមសត្វបានដុតរានដីព្រៃ ។ សូមជម្រាបថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះប្រទេសចំនួន៧ក៏បានប្រកាសដែរថា ពួកគេកំពុងត្រៀមជួយប្រេស៊ីលទប់ស្កាត់ភ្លើងឆេះព្រៃដែលកំពុងកើតឡើងនៅទូទាំងតំបន់ព្រៃ អាម៉ាហ្សូន ៕