ពិធីផ្សព្វផ្សាយគោលនយោបាយស្តីពី”ការអនុវត្តរបបសន្តិសុខសង្គម ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងបរិស្ថាន

58

លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង​ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និង បណ្តុះ បណ្តាលវិជ្ជាជីវៈ​ បានអញ្ជើញជាអធិបតី​ក្នុងពិធីផ្សព្វផ្សាយគោល​នយោបាយ​ស្តីពី”ការអនុវត្តរបបសន្តិសុខសង្គមនិងប្រគល់​ប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)’’ ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងបរិស្ថាន ព្រមទាំងវត្តមាន លោកប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត នា​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក (ប.ស.ស) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិ​ត​ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ ដើម្បីសម្រេចបានកំណើតសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាប័ន្ន​ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម គឺមានលក្ខណៈទូលំទូលាយដោយផ្តោតលើសរសរស្តម្ភ​ពីរ​ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម​ ជាពិសេសបានផ្តល់ការពិនិត្យ និងព្យាបាលជំងឺមហារីកទាំងស្រុង ដោយផ្តល់ការព្យាបាលដោយ​កាំរស្មី ការប្រើប្រាស់ថ្នាំគីមី​ និងការវះកាត់ដោយឥតគិតថ្លៃ ដែលសេវានេះប្រទេសមួយចំនួននៅអាស៊ានមិនទាន់បានផ្តល់សេវានេះ​នៅឡើយទេ។

លោកជំទាវ ព្រំ សុភី មានប្រសាសន៍ថា៖ការបង្កើតរបបសន្តិសុខ​សង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីរាជការ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីក្រសួងបរិស្ថាន អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន គឺជាជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលដែលបានផ្តល់ជូនមន្ត្រីក្រសួងបរិស្ថាន នូវការគាំពារសង្គម និង ការធានានូវសន្តិសុខសង្គម ព្រមទាំងសេដ្ឋកិច្ចជូនមន្ត្រីរាជការដែលកំពុងបំពេញការងារ និងអតីតមន្ត្រីរាជការ និងអតីតយុទ្ធជន​ដែលបានតស៊ូបំពេញការងារជូនជាតិមាតុភូមិ នាពេលកន្លងឱ្យចាកផុតពីហានិភ័យនៅពេលពួកគាត់ជួបប្រទះបញ្ហាផ្សេងៗពាក់ព័ន្ធនឹងសុខភាព ឫគ្រោះថ្នាក់ជាយថាហេតុណាមួយ។

 

គួសបញ្ជាក់ថា៖(ប.ស.ស)បានផ្តល់ដល់មន្ត្រីរាជការសាធារណៈ ទូទាំងប្រទេស ក៍ដូចកម្មករ កម្មការនីតាមរោងចក្រព្រមទាំងវិស័យឯកជន​គាំ​ទ្រចូលរួមបន្ថែមក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នកសម្របសម្រួលក្នុងការអនុវត្តការងារ ក៍ដូចការផ្សព្វផ្សាយ ការតាមដានត្រួតពិនិត្យ ក្នុងការវាយតម្លៃផ្តល់សេវានេះ។