ប្រជាពលរដ្ឋចំនួនជាង២ម៉ឺននាក់ ទទួលបានការពិនិត្យព្យាបាលជម្ងឹក្នុង រយៈ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះ

10

(ភ្នំពេញ) សម្រាប់រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋដែលមានអាការៈ ឈឺក្បាល វិលមុខ ចុកពោះ និងផ្តាសាយផ្សេងៗ មកទទួលសេវា ពិនិត្យ និងព្យាបាល មានចំនួន ២០.៣៦៤នាក់ ក្នុងនោះបើគិតជាមធ្យមភាគសំរាប់រយៈពេល១ថ្ងៃមានប្រជាពលរដ្ឋប្រមាណជាង៩០០០នាក់ ។ក្នុងចំនួននេះមានអ្នកជម្ងឺចំនួនតែ៣៧នាក់ប៉ុណ្ណោះត្រូវបញ្ជូនទៅមន្ទីរពេទ្យ តែមិនមានសភាពធ្ងន់ធ្ងរនោះទេ នេះតាមកាបញ្ជាក់ពីប្រធាន មន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌឹត ងី មានហេង។

លោក បន្តថា ដោយមានការណែនាំពីក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ មន្ទីរបានពង្រាយគោលដៅទីតាំងសេវាសុខាភិបាល(ស្តង់សុខាភិបាល)ដែលមានក្រុមគ្រូពេទ្យរងចាំជួយសង្គ្រោះប្រជាពលរដ្ឋ សម្រាប់ពិនិត្យ និងសង្គ្រោះបឋម ចំនួន៨ស្តង់ មានរថយន្តសង្គ្រោះបន្ទាន់ប្រចាំការ ចំនួន១៥ក្រុម និងក្រុមគ្រូពេទ្យចល័ត ចំនួន១៦ក្រុម ដែលមានក្រុមគ្រូពេទ្យសរុបជិត៨០០នាក់ ប្រចាំការប្តូរវេនគ្នា ដើម្បីជួយពិនិត្យ ព្យាបាលជំងឺ ក្នុងនោះក្រុមគ្រូពេទ្យចល័ត ដើម្បីអប់រំផ្សព្វផ្សាយអនាម័យចំណីអាហារ និងផ្សព្វផ្សាយទប់ស្កាត់ជំងឺអេដស៍ដោយឥតគិតថ្លៃផងដែរ ។

គួររំលឹកថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញឆ្នាំ២០១៧កន្លងមកនេះ មានប្រជាពលរដ្ឋ ឈឺក្បាល វិលមុខ ផ្តាសាយ អស់កម្លាំង ចុករាគ និងខ្យល់ចាប់ ចំនួន ១៥.៥៣៧ នាក់ ក្នុងនោះ ប្រុសចំនួន១១.៥០១នាក់ និងស្រីចំនួន៤០៣៦នាក់ ដែលទទួលសេវាពិនិត្យ និងព្យាបាលបឋមពីក្រុមគ្រូពេទ្យនៅតាមស្តង់  ៕