តើអ្នកចង់ក្លាយជាភ្នាក់ងារអចលនវត្ថុស្របច្បាប់នៅកម្ពុជាទេ ?

57

ខណៈវិស័យអចលនវត្ថុ កំពុងតែមានភាពរីកចម្រើននៅកម្ពុជាក៏មានក្រុមហ៊ុន  ភ្នាក់ងារ អ្នកគក់ជេ និងអ្នក រកស៊ីដីធ្លីយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ដែលកំពុងរកស៊ីក្នុងវិស័យមួយនេះ។ បច្ចុប្បន្នមានក្រុមហ៊ុនដែល ផ្តល់សេវាកម្មភ្នាក់ងារអចលនវត្ថុជិត ២០០ ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានចុះបញ្ជី និងស្នើសុំអាជ្ញាប័ណ្ណនៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា ។

ក្រៅពីនេះមានក្រុមហ៊ុន ភ្នាក់ងារ និងអ្នកគក់ជេដីធ្លីរាប់មិនអស់នៅទូទាំងប្រទេស។ អ្វីដែលជាការកង្វល់ សព្វនេះ គឺមានអ្នកគក់ជេគ្រប់ប្រភេទ និងគ្រប់រូបភាព មានទាំងកសិករនៅតាមភូមិ មានទាំងអ្នករត់ម៉ូតូឌុប អ្នករត់ទុកទុក និង កង់បី (Pass App) មានទាំងគ្រូបង្រៀន មានទាំងមេភូមិ មេឃុំ ស្មៀន មន្រ្តីរាជការ មាន ទាំងប៉ូលីស ទាហ៊ាន មេធាវី ។ល។ នាំគ្នារកស៊ីធ្វើជាអ្នកគក់ជេដីធ្លីស្ទើរតែគ្មានចន្លោះភូមិស្រុកទៅហើយ។

កត្តានេះបានធ្វើអោយមានកង្វល់ដល់បណ្តាអ្នករកស៊ីស្របច្បាប់ អ្នកមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ ភ្នាក់ងារអ ចលនវត្ថុស្របច្បាប់ និងក្រុមហ៊ុនដែលបានចុះបញ្ជី និងមានអាជ្ញាប័ណ្ណ ត្រឹមត្រូវដោយសារតែកំណើនរបស់ អ្នកគក់ជេគ្មានច្បាប់ទំលាប់ទាំងអស់នោះ។

ទោះជាយ៉ាងណា បច្ចុប្បន្នក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ ងារអចល នវត្ថុកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងសស្រាក់ស្រាំដុតដៃដុតជើងក្នុងការរៀបចំច្បាប់ និងវិធានផ្សេងៗ ក្នុងន័យទប់ស្កាត់ និងកាត់បន្ថយក្រុមអ្នករកស៊ីបែបគក់ជេដីធ្លី ដោយច្បាប់ទំលាប់ទាំងនោះ ជៀសវាង ភាពច្របូកច្របល់ ដែលធ្វើប៉ះពាល់ដល់ប្រយោជន៍ពីរ គឺប្រយោជន៍ប្រយោជន៍អ្នករកស៊ីស្របច្បាប់ និងការបាត់បង់ចំណូលពន្ធចូលរដ្ឋរាប់ម៉ឺនសែនដុល្លារក្នុងមួយឆ្នាំៗ។

ដូច្នេះ តើអ្នករកស៊ីដីធ្លីបែបណា ទើបអាចកំណត់បានថាគ្មានច្បាប់ទំលាប់?

ភាសាសាមញ្ញ គេហៅបុគ្គលនោះថា “អ្នកគក់ជេ” ដែលគេនិយមហៅជាទូទៅចំពោះ អ្នករកស៊ីដីធ្លីគ្រប់ ប្រភេទខាងលើ ដែលមិនទាន់ទទួលស្គាល់ដោយច្បាប់នៃប្រទេសកម្ពុជា (មិនមានកាន់វិញ្ញាបន បត្រវិជ្ជាជីវៈ ដែលផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) និងមិនដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាល ជំនាញភ្នាក់ ងារអចលនវត្ថុជាដើម។ល។

យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា (ប្រកាសលេខ ៦៣៦ សហវ.ប្រក ស្តីពីការគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មភ្នាក់ងារអចលនវត្ថុ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧) បុគ្គលអ្នករកស៊ីដីធ្លីគ្រប់ប្រភេទ ដើម្បីអោយក្លាយខ្លួនជាភ្នាក់ ងារអចលនវត្ថុស្របច្បាប់ ត្រូវកាន់ វិញ្ញាបនប័ត្រវិជ្ជាជីវៈសេវាកម្មអចលនវត្ថុ (សូមមើលគំរូវិញ្ញាបនបត្រខាងក្រោម)។

ប៉ុន្តែទោះជាយ៉ាងណា សម្រាប់បុគ្គលមិនអាចស្នើសុំកាន់វិញ្ញាបនប័ត្រនេះ បានដោយខ្លួនឯងទេ គឺត្រូវស្នើសុំ តាមរយៈក្រុមហ៊ុនណាមួយ ដែលមានអាជ្ញាប័ណ្ណភ្នាក់ងារអចលនវត្ថុ ដែលចេញដោយក្រសួង (អាជ្ញា ប័ណ្ណភ្នាក់ងារអចលនវត្) មានន័យថា បើលោក-អ្នកចង់ក្លាយជាភ្នាក់ ងារអចលនវត្ថុ ស្របច្បាប់ នៅ កម្ពុជា មានច្រក ឬផ្លូវ ០២ យ៉ាង ដែលអាចជួយលោក-អ្នកបាន៖

អាជ្ញាប័ណ្ណភ្នាក់ងារអចលនវត្

ទីមួយ៖ លោក-អ្នកត្រូវតែជាបុគ្គលិកពេញសិទ្ធិ (បុគ្គលិកចុះកិច្ចសន្យា) របស់ក្រុមហ៊ុនអចលន វត្ថុណា មួយដែលមានអាជ្ញាប័ណ្ណ ហើយបំពេញលក្ខខណ្ឌតម្រូវរបស់ក្រុមហ៊ុននោះ បន្ទាប់មកលោក-អ្នកអាចសុំអោយក្រុមហ៊ុន ដាក់ពាក្យទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើសុំអោយ ក្រសួងចេញ វិញ្ញាបនប័ត្រវិជ្ជាជីវៈជូនលោក-អ្នក នៅពេលដែលក្រសួងចេញអោយហើយនោះ លោក-អ្នកនឹងក្លាយ ជាភ្នាក់ងារអចលនវត្ថុស្របច្បាប់ ១០០% នៅកម្ពុជា ។

ទីពីរ៖ លោក-អ្នកមិនចាំបាច់ធ្វើជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុនណាមួយក៏បាន ប៉ុន្តែលោក-អ្នកត្រូវ ជ្រកក្រោមម្លប់នៃក្រុមហ៊ុនណាមួយនោះ តាមរយៈធ្វើជាភ្នាក់ងារឯករាជ្យ ចុះកិច្ចសន្យា Freelancer របស់ក្រុមហ៊ុននោះជាដើម ។ បញ្ជាក់៖ បច្ចុប្បន្នក្រុមហ៊ុនទាំងនោះមាន ដូចជា Century 21 និង Keller William (KW) ជាដើម ដែលអនុញ្ញាតអោយអ្នកមានក្តីស្រមៃចង់រកស៊ីស្របច្បាប់ក្នុងវិស័យដីធ្លី អាចចុះកិច្ច សន្យាធ្វើជាភ្នាក់ងារឯករាជ្យរបស់ក្រុមហ៊ុនទាំងនោះបាន ពេលដែលគ្រប់លក្ខខណ្ឌតម្រូវ លោក-អ្នកអាច សុំអោយក្រុមហ៊ុនណាមួយនោះ ស្នើសុំទៅក្រសួងដើម្បីអោយលោក-អ្នកអាចកាន់ វិញ្ញាបនបត្រ វិជ្ជា ជីវៈបាន ។

ទោះបីជាយ៉ាងណា ការអនុវត្តជាក់ស្តែងនាពេលបច្ចុប្បន្ននេះ គេឃើញថានៅមានករណីលើកលែង និងអនុគ្រោះច្រើន ដោយក្រុមហ៊ុនដែលមានភ្នាក់ងារអចលនវត្ថុច្រើន ប៉ុន្តែអ្នកកាន់វិញ្ញាបន ប័ត្រវិជ្ជាជីវៈ មានតែម្នាក់ ឬ ២-៣ នាក់ប៉ុណ្ណោះ ចំណែកអ្នកផ្សេងទៀត អាចបំពេញការងារជា ភ្នាក់ងារអចលនវត្ថុ ស្រប ច្បាប់ បានដោយមិនចាំបាច់កាន់វិញ្ញាបនប័ត្រ ដោយគ្រាន់តែខ្លួនជាបុគ្គលិករបស់ក្រុមហ៊ុន ឬចុះកិច្ចសន្យា ធ្វើការក្រៅម៉ោងជាមួយក្រុមហ៊ុនណាមួយដែលមានអាជ្ញាប័ណ្ណជាការស្រេច។

ភាពខ្វះចន្លោះ និងការអនុគ្រោះត្រង់ចំនុចនេះ នឹងត្រូវមានការកែតម្រូវ ឬរឹតបណ្តឹងនៅពេល ខាងមុខក្នុង រយៈពេលណាមួយមិនខាន ដោយក្រសួងនឹងតម្រូវដាច់ខាតថា គ្រប់ក្រុមហ៊ុនទាំងអស់ ដែលមានបុគ្គលិក បំពេញសេវាកម្មភ្នាក់ងារអចលនវត្ថុត្រូវតែកាន់វិញ្ញាបនប័ត្រជាដាច់ខាត ទាំងបុគ្គលិកពេញសិទ្ធិ និងបុគ្គ លិកធ្វើការក្រៅម៉ោង។

ខាងក្រោមនេះ គឺជាលក្ខណ្ឌ និងឯកសារតម្រូវ ដើម្បីស្នើសុំកាន់វិញ្ញា បនប័ត្រវិជ្ជាជីវៈអ្នក ជំនាញភ្នាក់ ងារអចលនវត្ថុ៖

ពាក្យស្នើសុំវិញ្ញាបនបត្រ របស់សាម៉ីខ្លួន (មានគំរូ)

រូបថត 4×6 របស់អ្នកស្នើសុំ ចំនួន ០៣សន្លឹក

ប្រវត្តិរូបសង្ខេប និងថតចំលងវិញ្ញាបនបត្រ និងលិខិតបញ្ជាក់បទពិសោធន៍ ការងារទាក់ទងនឹង ជំនាញវិជ្ជា ជីវៈអចលនវត្ថុ

ថតចំលងបរិញ្ញាបត្រ ឬសញ្ញាបត្រប្រហាក់ប្រហែល ឬវិញ្ញាបនបត្រ ឬសញ្ញាបត្រផ្នែកភ្នាក់ងារ អចលនវត្ថុដែលចេញដោយគ្រឹះស្ថានបណ្តុះបណ្តាលណាមួយដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លិខិតថ្កោលទោសរបស់សាម៉ីខ្លួន ដែលចេញដោយក្រសួងយុត្តិធម៌ នៃប្រទេសកម្ពុជា

ថតចំលងអត្តសញ្ញាណប័ណ្ណរបស់សាម៉ីខ្លួន

ថតចំលងសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច

តាមរយៈលក្ខខណ្ឌតម្រូវខាងលើ អ្នកចង់កាន់វិញ្ញាបនបត្រខាងលើ យ៉ាងហោចណាស់ ត្រូវធ្លាប់បាន រៀនជំនាញភ្នាក់ងារអចលនវត្ថុនៅគ្រឹះស្ថានបណ្តុះបណ្តាលណាមួយដែលទទួលស្គាល់ក្រសួង ឬមានបទពិសោធន៍ការងារនៅក្រុមហ៊ុនណាមួយ យ៉ាងតិច ០៦ ខែ ផ្នែកភ្នាក់ងារអចលនវត្ថុនេះ ក្រៅពីនេះគ្រាន់តែជាលក្ខខណ្ឌរណប ដែលអាចរៀបចំ និងធ្វើវាបាននៅពេលគ្រប់លក្ខខណ្ឌទាំងពីរច​ម្បងៗនេះ។

ជារួមមកវិញ រាល់ការរកស៊ីដីធ្លីនៅក្នុងប្រទេសកម្ពុជា ត្រូវតែមានវិញ្ញាបនប័ត្រវិជ្ជាជីវៈកាន់នៅក្នុងដៃ ហើយ រាល់ការរកស៊ីជាអ្នកគក់ជេ ដែលគ្មានច្បាប់ទទួលស្គាល់ នឹងត្រូវបានបិទជាស្ថាពរ នៅពេលណា មួយខាងមុខ ហើយរាល់អ្នករកស៊ីទាំងនោះ បើនៅតែបន្តនឹងទទួលទោសបញ្ញត្តិ ស្របតាម ខ្លឹមសារណែនាំ ក្នុងជំពូកទី៧ នៃប្រកាសលេខ ៦៣៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុខាងលើ៕

ដក់ស្រង់ពី realestate កែសម្រួលដោយ NCNDaily