អចលនទ្រព្យ តម្លៃដីធ្លីបានបន្តកើនឡើង ខណៈឆ្នាំ២០២០ជិតចូលមកដល់

6

ភ្នំ​ពេញ៖​ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាង​ថា​ តម្លៃ​ដីធ្លី​បាន​បន្ត​កើនឡើង​នៅ​ឆ្នាំនេះ​ ដោយសារ​កត្តា​មួយចំនួន​ដែល​ធ្វើឲ្យ​ចរន្ត​នៃ​ការទិញ​លក់​ដីធ្លី​កើនឡើង​ ខណៈ​ឆ្នាំ២០២០បាន​និង​កំពុង​រំ​កិ​លប​ណ្តើរៗ​ចូល​មក​ ដែល​ធ្វើឲ្យ​គេ​នឹកឃើញ​ពី​វិបត្តិ​ថ្មី​មួយ​អាច​នឹង​មកដល់​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភា្ន​ក់​ងារ​អចលនវត្ថុ​កម្ពុជា​លោក​ច្រឹក​ សុ​ខនី​មបាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ វិស័យ​ដីធ្លី​ មិនថា​នៅពេល​បច្ចុប្បន្ន​ ក៏ដូចជា​ពេល​អនាគត​នោះ​ទេ​ សន្ទស្សន៍​នៃ​តម្លៃ​គឺ​នៅតែ​មាន​កំណើន​ជានិច្ច​ ដែល​វា​មិនទាន់​មាន​សញ្ញា​អវិជ្ជមាន​ណាមួយ​បង្ហាញ​នៅឡើយ​នោះ​ទេ​។

ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ន​នេះ​យើង​ឃើញស្រាប់​ហើយ​ថា​ ចំពោះ​តម្លៃ​ដីធ្លី​ គឺ​កំពុងតែ​មាន​កំណើន​ជាបន្តបន្ទាប់​ ដែល​ក្នុង​នោះ​រាប់ទាំង​ដី​នៅក្នុង​តំបន់​ក្រុង​ ក៏ដូចជា​នៅ​ជាយក្រុង​ ហើយ​នៅ​តាម​បណ្តា​ខេត្ត​សក្ដានុពល​មួយចំនួន​ ក៏​កំពុង​កើនឡើង​យ៉ាង​គំហុក​ផង​ដែរ​ ដូចជា​ ខេត្ត​ព្រះសីហនុ​ កំពត​ កោះកុង​ បាត់ដំបង​ និង​ក្រុង​ប៉ោយប៉ែត​ ជាដើម​”។

លោក​បន្ត​ទៀត​ថា​ “ប្រសិនបើ​កម្ពុជា​អាច​រក្សា​បាន​នូវ​ស្ថិរភាព​សេដ្ឋកិច្ច​ និង​នយោបាយ​ដូច​ពេល​បច្ចុប្បន្ន​នេះ​ សម្រាប់៥​-១០​ ឆ្នាំខាងមុខ​ទៀត​ តម្លៃ​ដី​នៅតែ​បន្ត​កើនឡើង​ ដែល​គិតជា​មធ្យម​អាច​ក្នុងរង្វង់​ជាង១០ភាគរយ​ ហើយ​ចំពោះ​ដី​ដែល​ស្ថិត​ក្នុង​តំបន់​ពាណិជ្ជកម្ម​ពិសេស​ ដូចជា​តំបន់​ទីប្រជុំជន​ក្នុង​ខេត្ត​ ឬក្នុង​ក្រុង​ អាច​មាន​កំណើន​តម្លៃ​ខ្ពស់​ជាង​នេះ​ទៅទៀត​”។

លោក​បន្ថែមទៀតថា​ ចំពោះ​វិបត្តិសេដ្ឋកិច្ច​ដែល​អាច​កើតឡើង​ឬអត់​ វា​មិនទាន់​មកដល់​នៅឡើយ​ទេ​ ហើយ​កម្ពុជា​ក៏​មិន​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ដែរ​ ដោយសារ​ទីផ្សារ​កម្ពុជា​បាន​ពង្រីក​ជាមួយ​បណ្តា​ប្រទេស​កាន់តែ​ច្រើន ​(ក្រៅពី​ចិន​) ដូចជា​ ជប៉ុន​ កូរ៉េ​ និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ហេតុនេះ​វា​មិន​មាន​អ្វី​គួរឲ្យ​បារម្ភ​ឡើយ​។

លើកឡើង​ស្រដៀង​គ្នាន​នេះ​ អ្នកនាង​អាន​ សុធី​តា​ នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ យើង​ពិតជា​មាន​មោទនភាព​រួចមក​ហើយ​ ដែល​ក្នុងរយៈពេល១០ឆ្នាំ​កន្លងទៅ​ តម្លៃ​ដីធ្លី​បាន​កើនឡើង​រហូតដល់២២៥ភាគរយ​ ពោល​គឺ​កាលពី​អំឡុង​ឆ្នាំ២០០៨​ តម្លៃ​ដី​ដែល​អាច​លក់​បាន​ខ្ពស់​ជាងគេ​ត្រឹម២៨០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​ត្រឹម​ឆ្នាំ២០១៨នេះ​ តម្លៃ​ដី​ដែល​ខ្ពស់​នបាន​ឡើង​រហូតដល់៦៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​វា​នឹង​បន្ត​កើន​ឡើ់ង​ខ្ពស់​ជាង​នេះ​ទៀត​នៅពេល​ខាងមុខនេះ​។

​អ្នកនាង​បាន​បន្ត​ថា​ “បើ​យើង​ធ្វើការ​ព្យាករណ៍​ទៅ​ថ្ងៃ​អនាគត​ ក្នុង​ចន្លោះ​ចាប់ពី៥​-១០ឆ្នាំខាងមុខ​ទៀត​ តម្លៃ​ដី​នៅ​កម្ពុជា​នៅតែ​មានការ​កើនឡើង​ខ្ពស់​ដដែល​ ដែល​អាច​ក្នុង​ចន្លោះ​ជាង៧ភាគរយ​ឡើង​ទៅ​”។ អ្នកនាង​បន្ត​ថា​ “កំនើន​តម្លៃ​ដីធ្លី​ជាមធ្យម៧ភាគរយ​នេះ​មិនមែន​មានន័យថា​ ជា​អត្រា​នៃ​កំណើនថេរ​ប្រចាំឆ្នាំ​នោះ​ទេ​ ប៉ុន្តែ​វា​អាច​មាន​ឆ្នាំ​ខ្លះ​ឡើង​បាន៥ភាគរយ​ ឆ្នាំ​ខ្លះ​ឡើង​បាន៧ភាគរយ​ ហើយ​ឆ្នាំ​ខ្លះ​ឡើង​បាន​ត្រឹម៣ភាគរយ​”។

​ការព្យាករណ៍​ចេញ​ជា​តួលេខ​នេះ​ ក៏​ព្រោះ​យើង​សម្អាង​ទៅលើ​ភាព​ជាក់ស្ដែង​ នៃ​តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​នា​ពេល​បច្ចុប្បន្ន​ នៅ​កម្ពុជា​ធៀប​ទៅ​នឹង​ប្រទេសជិតខាង​ក្នុង​តំបន់​ ជាពិសេស​ប្រទេស​ថៃ​ ដែល​កំពុង​មាន​លំហូរ​វិនិយោគ​យ៉ាង​គំហុក​ពីសំណាក់​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ក៏ដូចជា​ជនបរទេស​ ជាពិសេស​ជនជាតិ​ចិន​ជាដើម​។

ជាមួយគ្នា​នេះ​ អ្នកនាង​ អាន​ សុធី​តា​ ក៏បាន​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា​ ហេតុផល​មួយចំនួន​ទៀត​ ដែល​ជា​កក្តា​ជំរុញ​ឱ្យ​វិស័យ​ដីធ្លី​កាន់តែ​ឡើង​តម្លៃ​ខ្លាំង​ ក៏អាច​បណ្តា​មក​ពី​ដំនើ​រកា​រវិ​វឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ ជាពិសេស​ការ​រីកចម្រើន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​បាន​និង​កំពុង​វិនិយោគ​ដោយ​រដ្ឋាភិបាល​៕

ដកស្រង់ពី propertyarea កែសម្រួលដោយ NCNDaily