មន្រ្តីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបង្ហាញពីគំរោងស្ពានវែងចំនួនពីរទៀត ដើម្បីបំពេញ……

38

ភ្នំពេញៈ មន្រ្តីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបង្ហាញពីគំរោងស្ពានវែងចំនួនពីរទៀត ដើម្បីបំពេញឲ្យបានពេញលេញ នូវគំរោងផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ដែលបាននិងកំពុងសាងសង់។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក វ៉ាស៊ីម សូរិយា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៦ កញ្ញានេះថា ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងដំណើរការមួយកំណាត់ ហើយបច្ចុប្បន្នក្រុមហ៊ុនចិនបាន និងកំពុងសិក្សាពីជម្រើសចំនួនពីរទៀតនៃផ្លូវនេះ ទី១ នៅត្រើយខាងកើតទន្លេមេគង្គ ដោយនឹងសាងសង់ស្ពានចំនួន១នៅក្តីតាកុយ ទៅកាន់តំបន់អរិយក្សត្រ និងស្ពានមួយទៀតសាងសង់នៅតំបន់ស្វាយជ្រុំភ្ជាប់មក
កាន់តំបន់ផ្លូវជាតិលេខ៦អា។



ជម្រើសទី២ គឺសាងសង់ស្ពានចេញពីតំបន់គគី ក្នុងស្រុកកៀនស្វាយ (តំបន់កំពង់ផែស្វយ័ត្នភ្នំពេញ) ភ្ជាប់មកតំបន់វិហារសួគ៌ឬ 7NG ហើយអូសកាត់តំបន់លិចទឹកនៅល្វាឯម និងសាងសង់ស្ពានមួយទៀតកាត់នៅលើកោះដាច់ ហើយភ្ជាប់មកកាន់មហាវិថីឈ្នះ ឈ្នះ (ផ្លូវទំនប់កប់ស្រូវ)។

លោក វ៉ាស៊ីម សូរិយា បានបញ្ជាក់ថា “ក្រុមហ៊ុនចិនកំពុងសិក្សាជម្រើសទាំងពីរនេះ ប៉ុន្តែការសិក្សាលំអិតយ៉ាងណា ខ្ញុំនៅមិនទាន់ទទួលបានរបាយការណ៍នៅឡើយទេ”។ លោកបន្តថា “នេះជាផែនការឬគំនូសព្រាងរបស់ក្រសួងសាធារណៈការ ដែលផ្តល់ជូនក្រុមហ៊ុនចិនសិក្សា ចំណែកផ្លូវក្រវ៉ាត់ក្រុងទី៤ ខ្ញុំមិនទាន់មានរបាយការណ៍នៅឡើយទេ”។

គំរោងសាងសង់ស្ពានកាត់តំបន់កោះដាច់ ធ្លាប់ត្រូវបានបង្ហើបដោយលោកប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានបង្ហើបផងដែរពីគំរោងសាងសង់ស្ពានពីក្តីតាកុយ ភ្ជាប់ទៅតំបន់អរិយក្សត្រ និងស្ពាននៅតំបន់ស្វាយជ្រុំ ដោយសម្តេចបញ្ជាក់ថា ស្ពានទាំងពីរនេះនឹងត្រូវសាងសង់ ដើម្បីធ្វើឲ្យគំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣មានសភាពពេញលេញ៕

ប្រភព៖ Property

កែរសម្រួលដោយ៖ NCN Daily