មកស្គាល់ចំណុចល្អ និងចំណុចអាក្រក់ របស់ Iphone 11 សម្រាប់ឆ្នាំនេះ

7

មកស្គាល់ចំណុចល្អ និងចំណុចអាក្រក់ របស់ Iphone 11 សម្រាប់ឆ្នាំនេះ Phone 11 ដែលទើបប្រកាសចេញមុខក្តៅៗនេះ កំពុងក្លាយជាប្រធានបទទាក់ទាញ ដោយសារមានកន្លែងខ្លះ Apple ធ្វើបានល្អ តែកន្លែងខ្លះទៀតអ្នកគាំទ្រឃើញហើយ ស្ទើរតែបោកក្បាល ដោយឆ្នាំនេះ Apple បានប្តូរពីរពាក្យ “X” មកជាប្រើលេខ 11 ជំនួសវិញ រួមមានម៉ូឌែល iPhone 11, iPhone 11 Pro និង iPhone 11 Max ។

ទោះជាយ៉ាងណាលុយ ១ ពាន់ដុល្លារនៅស្រុកខ្មែរវាដូចជាច្រើនគួរសមដែរ ដូចនេះមុនកាន់លុយទៅទិញ iPhone ភ្នែក ៣ នេះ អ្នកត្រូវគិតមើលឲ្យច្បាស់សិន ។

ចំណុចល្អរបស់ Apple ធ្វើបានល្អ

១-តម្លៃធូរថ្លៃជាងមុន

ឆ្នាំនេះ Apple ប្តូរយុទ្ធសាស្ត្របន្តិចពីលក់ iPhone ដែលមានតម្លៃកប់ក្តោង មកជាផ្តល់ជម្រើសដល់អ្នកទិញ ដោយទម្លាក់ថ្លៃ iPhone 11 មកនៅត្រឹម ៦៩៩ ដុល្លារ iPhone 11 Pro តម្លៃ ៩៩៩ ដុល្លារ តែ Apple ក៏មិនចោលក្បួនចាស់ដែលដោយកាប់សាច់ស៊ីថ្លៃ iPhone 11 Max ក្នុងតម្លៃចាប់ពី ១០៩៩ ដុល្លារ និងថ្លៃ Upgrade ឲ្យបានម៉ាស៊ីនធំខ្ទង់ ៣០០ ដុល្លារទៀត ។

២-ថ្មប្រើបានយូរជាងមុន

ឆ្នាំនេះ Apple អះអាងថាខ្សែស្រឡាយ iPhone 11 មានអាយុកាលថ្មប្រើបានយូរជាង iPhone Xs ដល់ទៅ ៤ ម៉ោងឯណោះ ដោយមើលវីដេអូបាន ១៨ ម៉ោង មើល Youtube បាន ១១ ម៉ោង និងស្តាប់តន្ត្រីបាន ៦៥ ម៉ោងនៅលើម៉ូឌែលស្តង់ដារ iPhone 11 ក្នុងនោះ Apple ថា iPhone 11 Pro ជាស្មាតហ្វូនដែលមានអាយុកាលថ្មល្អជាងគេ ។

៣-កាមេរ៉ា ៣ គ្រាប់

iPhone ថ្មីនេះបំពាក់កាមេរ៉ា ៣ គ្រាប់ទំហំ ១២ មេហ្កាភិចសែលក្នុងមួយគ្រាប់ មួយគ្រាប់ជាកាមេរ៉ាធម្មតា មួយគ្រាប់ជា Wide ultra-wide len មួយគ្រាប់ទៀតជា Telephoto len ។ សម្រាប់ iPhone 11 មិនមានអ្វីចម្លែកទេ ប៉ុន្តែ Apple បានដំឡើងសមត្ថភាពកាមេរ៉ា iPhone 11 Pro ឲ្យពង្រីកដោយប្រើឡេន ២ ដង ពង្រីកបែបឌីជីថល ១០ ដង និងពង្រីកបែបឌីជីថល ៦ ដងពេលថតវីដេអូ ។

៤-អេក្រង់ OLED

ទម្លាក់តម្លៃបន្តិច ឡើងអេក្រង់បន្តិច ប្រហែលជាយុទ្ធសាស្ត្រដែល Apple លួងចិត្តអតិថិជន ដោយសារឆ្នាំនេះ iPhone 11 បានប្រើអេក្រង់ OLED ជំនួសឲ្យអេក្រង់ LCD វិញ ។ iPhone 11 Pro បំពាក់អេក្រង់ Super Retina XDR ៥.៨ អ៊ីញ ចំណែក iPhone 11 Max បំពាក់អេក្រង់ដូចគ្នា ៦.៥ អ៊ីញ ក្នុងនោះ iPhone 11 បំពាក់អេក្រង់ Liquid Retina HD ។

ចំណុចមិនល្អ

១-កាមេរ៉ាដូចជើងចង្ក្រាន

អ្នកគាំទ្រ iPhone មិនតិចទេដែលខកចិត្តនឹងការឌីហ្សាញកាមេរ៉ាបីគ្រាប់របស់ iPhone 11 ដោយសារវាមើលទៅពិបាកភ្នែកបន្តិច អ្នកខ្លះថាជើងចង្ក្រាន អ្នកខ្លះថាដូចភ្នែកដូង អ្នកខ្លះថាកាមេរ៉ារាងការ៉េនេះមើលទៅអត់សមជាមួយរាង iPhone ទាល់តែសោះ ។

២-គ្មានអ្វីខុសគ្នាប៉ុន្មានផង

iPhone 11 Pro គ្រាន់តែដំឡើងលេខឲ្យធំជាងមុនប៉ុណ្ណោះ តែបើគិតពីម៉ាស៊ីនវាដូចជាគ្មានអ្វីខុសប្លែកពី iPhone 11 ស្តង់ដារផង បើធៀបជាមួយ Samsung Galaxy Note 10 Plus ដែលបានបន្ថែមមុខងារថ្មីៗ ជាពិសេសបច្ចេកវិទ្យាប៊ិចថ្មីរបស់ Samsung ចំណែក iPhone 11 និង iPhone Pro វិញ តម្លៃខុសគ្នាប្រមាណ ៣០០ ដុល្លារ តែសមត្ថភាពប្រហែលគ្នា ។

៣-គ្មាន USB C

ចំណុចមួយនេះ Apple ចាញ់ស្មាតហ្វូនចិនដាច់តែម្តង ដោយសារស្មាតហ្វូនចិនតម្លៃ ២០០-៣០០ ដុល្លារក៏មានបំពាក់ USB C ដែរ ដោយសារ USB C ជាអនាគតនៃស្មាតហ្វូន វាសាកថ្មលឿន និងមានល្បឿនចម្លងឯកសារបានលឿនផងដែរ តែគួរឲ្យស្តាយ ដែល Apple និយាយថា នឹងព្យាយាមដាក់ USB C ឲ្យបានឆាប់ៗ ដើម្បីជួយឲ្យអ្នកប្រើស្រួលភ្ជាប់ពី MacBook ៕

ដកស្រង់ពី Business កែសម្រួលដោយ NCNDaily