ឯកឧត្តម អ៊ាង សុផល្លែត ណែនាំឲ្យក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកអូររាំងឪ ត្រូវចុះធ្វើវេទិការសាធារណៈដើម្បីស្តាប់ ទទួល និងដោះស្រាយបញ្ហា ជូនពលរដ្ឋ

9

ត្បូងឃ្មុំ៖ ឯកឧត្តម អ៊ាង សុផលែ្លត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកអូររាំងឪ នាថ្ងៃទី០១ ខែតុលាឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាព ប្រកាសក្រុម ការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជ រដ្ឋាភិបាលកម្ពុជា ។

ថ្លែងក្នុងឳកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើង២ចំនុចជាសំខាន់ ដើម្បីក្រុមការងារ អនុវត្តន៍ឲ្យមានប្រសិទ្ធភាពនោះ គឺត្រូវចុះធ្វើវេទិការសាធារណៈ និងចុះដល់មូល ដ្ឋានគៀកជាប់ពលរដ្ឋ ដើម្បីឆ្លុះបញ្ចាំង ឆ្លុះបង្ហាញពីភាពស្និទ្ធស្នាល ជិតស្និត ជឿជាក់ យកចិត្តទុកដាក់ ស្រលាញ់ យកបេះដូង រក្សាមើលថែប្រជាជន ក្នុងនាមអាណាព្យាបាលរបស់ប្រជាជន។

ឯកឧត្តម ក៍បានណែនាំដល់ក្រុមការងារធ្វើវេទិការសាធារណៈ បើកចំហរឲ្យទូលាយគ្រប់មជ្ឈដ្ឋានទាំងអស់ បន្ថែមពីនេះ ត្រូវចុះដល់ខ្នងផ្ទះរបស់ប្រជាជន ដើម្បីស្តាប់ ទទួលយកសំណូមពរ និងប្រមូលយកបញ្ហា ធ្វើការពិភា ក្សាស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ ទំនុកចិត្ត ការទទួលខុសត្រូវ ក្នុងគោលដៅគាំទ្រអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងវិស័យអទិភាព ទាំង៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន ផ្លូវ ទឹក ភ្លើង និងធនធាន មនុស្ស។

ជាមួយគ្នានោះ ផ្សព្វផ្សាយរាល់សមិទ្ធផល ការខិតខំប្រឹងប្រែង និងទស្សនៈវិស័យរបស់រាជ រដ្ឋាភិបាល កម្ពុជាបញ្ជ្រាបដល់ក្រអៅបេះដូងប្រជាជន ប្រមូលយកសមានចិត្ត ដើម្បីបន្តស្រលាញ់គាំទ្រ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃកម្ពុជា ៕