សម្ដេចតេជោ ហ៊ុន សែន អំពាវនាវកុំឲ្យម្ចាស់ផ្ទះជួលឡើងថ្លៃ ខណៈប្រាក់ឈ្នួលកម្មករឡើង១៩០ដុល្លារ

36

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអំពាវនាវដល់បណ្តាម្ចាស់ផ្ទះជួលទាំងអស់ កុំដំឡើងថ្លៃឈ្នួល ឬឡើងមិនឲ្យលើស២ដុល្លារ ព្រោះប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២០ ឡើងបានត្រឹម៨ ដុល្លារប៉ុណ្ណោះ ពោលកើនឡើងពី១៨២ដុល្លារ ដល់១៩០ដុល្លារ ។

ឆ្នាំ២០១៩ ក្រសួងការងារ បានកំណត់ប្រាក់ឈ្នួលឲ្យកម្មករ១៧៧ដុល្លារ រាជរដ្ឋាភិបាលឧត្ថម្ភបន្ថែម៥ដុល្លារ ទៀតសរុបទាំងអស់១៨២ដុល្លារ ចំណែកប្រាក់ឈ្នួលក្នុងឆ្នាំ២០១៨គឺ ១៧០ដុល្លារ ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិជាង១ពាន់នាក់ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ សម្ដេចតេជោបានថ្លែងអំណរគុណ និងកោតសរសើរក្រសួងការងារ ជាពិសេសយន្តការ ត្រីភាគីដែលបានចរចាប្រាក់បៀរវត្សន៍អប្បបរមាសម្រាប់ឆ្នាំ២០២០ ឡើងពី១៨២ដុល្លារ ដល់១៩០ដុល្លារ ។

សម្ដេចបន្តថា នៅបង់ក្លាដែសវិញប្រាក់ឈ្នួលកម្មករទើបតែទទួលបានត្រឹមតែ ៩០ដុល្លារ នៅឡាវ ១៣៥ដុល្លារ និងមីយ៉ាន់ម៉ា១២០ដុល្លារ ក្នុងពេលដែលកម្ពុជាឡើងដល់១៩០ដុល្លារ ។

សម្ដេចតេជោបញ្ជាក់ថា «អ្វីដែលខ្ញុំចង់អំពាវនាវ នៅទីនេះសុំម្ចាស់ផ្ទះឈ្នួលទាំងឡាយ មេត្តាកុំដំឡើង ថ្លៃជ្រុលហួស កាលពីឆ្នាំ២០១៧ ខ្ញុំបានស្នើសុំម្ដងហើយ កុំតម្លៃថ្លៃផ្ទះនៅឆ្នាំ២០១៨ ។ ឥឡូវជាថ្មីម្ដងទៀត បើសិនជាឡើងសុំកុំឲ្យលើសពី ២ដុល្លារ ក្នុងមួយបន្ទប់ ព្រោះប្រាក់ខែគ្នាឡើងបានត្រឹមតែ ៨ដុល្លារ ឯងខ្លះទៅឡើងថ្លៃផ្ទះដល់១០ ឬ២០ដុល្លារ វាមិនងាប់គ្នាទៅហើយ ។ ចឹងខិតខំធ្វើការងារនេះ ។ បើមិនឡើងកាន់តែល្អ បើឡើងសុំកុំឲ្យលើស២ដុល្លារ» ។

សម្ដេចតេជោ បានឲ្យឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីការងារ ត្រូវចាត់វិធានការជាមួយ ម្ចាស់ផ្ទះជួល តាមបណ្ដាខេត្ត និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្វើ ការងារជាមួយម្ចាស់ផ្ទះ ជួលក្នុង រាជធានីភ្នំពេញ ។ពាក់ព័ន្ធបញ្ហានេះ សម្ដេចតេជោ ក៏បានឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យតម្លៃភ្លើង និងទឹកសម្រាប់ កម្មករ-កម្មការិនីឲ្យបានជាប់លាប់ផងដែរ ។

សម្ដេចគូសបញ្ជាក់ថា ទន្ទឹមនឹងការឡើងប្រាក់បៀរវត្សន៍ ត្រូវខិតខំកម្រិតតម្លៃទំនិញកុំឲ្យឡើងថ្លៃផងដែរ ។

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំប្រាក់ឈ្នួលកម្មករឆ្នាំ២០២០ លើកទី៦ ដែលជាកិច្ចចុង ក្រោយដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្រសួងការងារបានសម្រេចកំណត់ចំនួន១៨៧ដុល្លារ ខណៈរាជរដ្ឋាភិបាលថែម៣ដុល្លារទៀត ដូច្នេះសរុបទាំងអស់ ១៩០ដុល្លារ ៕

ដោយ NCNDaily ប្រភព FB