ព្រះរាជសារ ព្រះមហាក្សត្រ ក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី ៣ នីតិកាលទី៦ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៩

28

ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្គាល់ ឃើញថា រយៈកាលកន្លងមកនេះ រដ្ឋសភានិងរាជរដ្ឋាភិបាល បានសហការរួមគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងសកម្មភាពជាចម្បង ដើម្បីថែរក្សានូវស្ថិរភាព សន្តិសុខ ជូនប្រជាពលរដ្ឋ រស់នៅប្រកប ដោយភាពសុខដុមរមនា។ រដ្ឋសភា និងរាជរដ្ឋាភិបាល បានកសាងគោល នយោបាយ និងច្បាប់រដ្ឋ បានល្អត្រឹមត្រូវធ្វើឲ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋទទួលបានអត្ថ ប្រយោជន៍ ដ៏មានសក្តានុពលធំបំផុត សម្រាប់កំណើន សេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គមរបស់យើង ។

ក្នុងរយៈពេលជាង២ទស្សវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាននូវជោគជ័យយ៉ាងត្រចះត្រចង់ ។ មូលដ្ឋាន គ្រឹះនៃជោគជ័យទាំងនេះ គឺជាការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់រដ្ឋសភា និងរាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច តាមរយៈការអនុវត្តន៍ យ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយ ច្បាប់ និងយុទ្ធសាស្ត្រនានា ដោយបានផ្តល់អាទិភាពដល់ការ វិនិយោគលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាលនិងវិស័យអប់រំ ។ល។

ព្រះមហាក្សត្រ បានកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិតអនុប្រធានទី១ នៃរដ្ឋសភា លោកជំទាវកិត្តិសង្គហបណ្ឌិត អនុប្រធានទី២ នៃរដ្ឋសភា សម្តេច ឯកឧត្តម លោកជំទាវ ជាប្រធានគណៈកម្មការ និងសមាជិក សមាជិកា នៃរដ្ឋសភាទាំងអស់ ដែលបាន បំពេញការងារអស់ពីកម្លាំងកាយចិត្ត ពុំគិតពីការនឿយហត់ ខិតខំ យកចិត្ត ទុកដាក់ក្នុងការបម្រើ ដល់ប្រជាពលរដ្ឋ និងដោះស្រាយនូវរាល់បញ្ហាប្រឈមបានជាបន្តបន្ទាប់ ។ ការខិតខំប្រឹងប្រែងរបស់ សម្តេច ឯកឧត្តម លោកជំទាវ និងសមាជិក សមាជិកានៃរដ្ឋសភាទាំងអស់ គឺជាសកម្មភាពដ៏ឧត្តុង្គឧត្តម ក្នុងការតាមដាននូវសុខទុក្ខ ទទួលយកនូវរាល់ បញ្ហាកង្វល់ និងបញ្ហា ប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយ ទៅតាមស្ថានការណ៍ ជាក់ស្តែង ដោយយកចិត្តទុកដាក់ខ្ពស់ ។

ព្រះមហាក្សត្រ បានកោតសរសើរយ៉ាងកក់ក្តៅ ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាល ប្រកបដោយគតិបណ្ឌិត និងសក្តានុពល ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្តពុំគិតពីការនឿយហត់ ។

ឆ្លៀតក្នុងឱកាសនេះដែរ ព្រះមហាក្សត្រ សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី ទេវតារក្សាព្រះមហាស្វេតឆ័ត្រ និងព្រះទសបារមី ព្រមទាំងវត្ថុស័ក្តិ សិទ្ធិទាំងអស់ក្នុងលោក សូមតាមបីបាច់ថែរក្សា សម្តេច ឯកឧត្តម លោកជំទាវ និងជនរួមជាតិ ទាំងអស់ សូមបានប្រកបដោយ សិរីសួស្តី កម្លាំងពលំមាំមួន អាយុយឺនយូរ និងវិបុលសុខគ្រប់ប្រការ ។

នៅទីបញ្ចប់នេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសូមប្រសិទ្ធិពរបវរសួស្តី ជ័យមង្គលមហាប្រសើរ ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ មានសក្តានុពលខ្លាំងក្លាបំពេញតួនាទី ភារកិច្ចរបស់ខ្លួន បានប្រកប ដោយជោគជ័យយ៉ាងត្រចះត្រចង់ ៕

សូមអានព្រះរាជសារខាងក្រោម៖

ដោយ NCNDaily