ឯកឧត្តម ឃួង ស្រេង ៖ ត្រូវឲ្យដាំដើមឈើ ដើម្បីធ្វើឲ្យតំបន់គល់ស្ពានជ្រោយចង្វារប្រែក្លាយជាឧទ្យានបៃតង និងផ្ដល់ជាម្លប់សម្រាប់អ្នកធ្វើដំណើរទាំងអស់

68

ភ្នំពេញ: សួនច្បារនៅខាងលិចស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ នឹងក្លាយជាសួនឧទ្យាន មួយដែលពោរពេញទៅដោយដើមឈើប្រណិតៗរាប់រយដើម អមសងខាក្បាលស្ពាន ដោយនៅពេលដ៏ ខ្លីខាងមុខនេះអ្វីដែលជាការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើពិធីដាំដើមឈើនៅទីនេះតែម្តង ក្រោមវត្ត មាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

នេះបើតាមការបញ្ជាក់របស់លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ០៤ តុលា ២០១៩ ខណៈ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះ មក ពិនិត្យមើលការដាំដើមឈើប្រណិតៗនៅលើសួនច្បារ មិត្ដភាព កម្ពុជា ជប៉ុន ខាងលិចស្ពាន ចំនួន ៣០០ដើម មានដើម គគី ធ្នង់ ក្រញ៉ូង នាងនួន និងត្របែកព្រៃ ។

លោក សំ សាមុត បានបញ្ជាក់បន្ថែមថា អ្វីដែលជាការណែនាំរបស់ឯកឧត្តម ឃួង ស្រេង ខណៈចុះពិនិត្យ មើល ការដាំដើមនេះជាក់ស្តែង គឺឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជម្រុញអោយអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដាំដើមឈើប្រណិតៗ នៅលើសួននេះអោយ បានច្រើនក្លាយជាសួនឧទ្យានមួយនៅក្នុងក្រុងភ្នំពេញ ហើយដើមឈើដែលត្រូវដាំ មានប្រភេទឈើធ្នង់ គគី ក្រញ៉ូង ដែលមានចំនួនចាប់ពី២៥០ ទៅ៣០០ដើម ។

ជាមួយនឹងការណែនាំពីឯកឧត្តមអភិបាលនេះដែរ អ្វីដែលជាការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងធ្វើពិធីដាំដើមឈើនៅទីនេះតែម្តង ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីអោយរាជធានីភ្នំពេញជាទីក្រុងដែលមានពណ៌ បៃតង និងមានបរិស្ថានស្រស់ល្អស្អាត ក្នុងគោល បំណង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៏ ជាតិ និងអន្ដរជាតិឲ្យចូលមកទស្សនា នៅរាជធានីភ្នំពេញ កាន់តែច្រើនឡើងថែមទៀតស្របយកអ្នកទេសចរណ៍កាន់តែច្រើនឡើងថែមទៀត ៕