សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវការប្រមាណ១៥០លានដុល្លារចង់ប្រែក្លាយខេត្តព្រះសីហនុឲ្យទៅជាខេត្តមួយដ៏សំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

6

ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស​-​ហុង​គ្រី ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​ត្រូវការ​ថវិកា​ប្រមាណ​១៥០​លាន​ដុល្លារ​ដើម្បី​ធ្វើ​ផ្លូវ និង​ប្រព័ន្ធ​លូ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នៅ​ពេល​ខាង​មុខ ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ​ព្រោះ​ចង់​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ទៅ​ជា​ខេត្ត​មួយ​ដ៏​សំខាន់​ក្នុង​ការ​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ។

ឯកឧត្តម កៅ គឹ​ម​ហួ​ន រដ្ឋមន្ត្រី​ប្រតិភូ​អមដំណើរ​នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​នៅ​ក្រោយ​ជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហុង​គ្រី​បាន​អនុញ្ញាត​ឲ្យ​លោក Li Yong (​លី យ៉ុ​ង​) អគ្គនាយក​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៃ​អង្គការសហប្រជាជាតិ​ចូល​ជួប​ពិភាក្សា​ការងារ​នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស ប្រទេស​ហុង​គ្រី ។

លោក លី យ៉ុ​ង បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា លោក​ពិតជា​មាន​កិត្តិយស​ដែល​បាន​ជួប​សម្តេច​តេ​ជោ​នៅ​ពេល​នេះ​ដែល​ជា​ឱកាស​ដែល​លោក​អាច​សម្តែង​ការ​គោរព​និង​សម្តែង​ការ​គួរសម​ដល់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ។

លោក​ចង់​រាយការណ៍​ជូន​សម្តេច​តេ​ជោ​ថា លោក​បាន​ជួប​ជាមួយ​អភិបាល​នៃ​ទីក្រុង​សិន​ជិន ប្រទេស​ចិន​ហើយ​ទីក្រុង​សិន​ជិន​ចង់​សហការ​ជា​ពិសេស​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្កើត​គម្រោង​ថ្មី​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ។ លោក​បាន​កោតសរសើរ​ចំពោះ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​គាំទ្រ​ដល់​ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​គម្រោង​ផ្សេង​ៗ​ដែល​បាន​សហការ​ជាមួយ​គ្នាសម្តេច​តេ​ជោ​ក៏​បាន​អរគុណ​ដល់​អគ្គនាយក​អង្គការ UNIDO ដែល​បច្ចុប្បន្ន​អង្គការ​នេះ​មាន​ដៃគូ​ជា​ច្រើន​រួម​ទាំង​ដៃគូ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ ។

ថ្វី​ត្បិត​អង្គការ​នេះ​មាន​ដៃគូ​ច្រើន​តែ​អ្វី​ដែល​សំខាន់​សម្តេច​ស្នើ​ឲ្យ​អង្គការ​នេះ​ជួយ​ទៅ​លើ​គោល​នយោ​បាយ​ពីរ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​យកចិត្តទុកដាក់​ដែល​ទី​១ ៖ ធ្វើ​យ៉ាង​ណា​ជួយ​អភិវឌ្ឍន៍​គោលនយោបាយ​ផលិតកម្ម​អង្ករ​ដើម្បី​នាំ​ចេញ និង​ទី​២៖ អនុវត្តន៍​គោលនយោបាយ​ឧស្សាហកម្ម​ឆ្នាំ ២០១៥-២០២៥ ហើយ​អង្គការ UNIDO ពិតជា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​នេះ​។

សម្តេច​តេ​ជោ​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ខេត្ត​ព្រះ​សីហ​នុ​ដែល​ជា​ខេត្ត​សំខាន់​និង​ជា​ខេត្ត​ដែល​កំពុង​តែ​ត្រូវការ​ការ​គាំទ្រ​ដោយសារ​តែ​ខេត្ត​នេះ​កំពុង​ឆ្លង កាត់​ការ​អភិវឌ្ឍ​ជា​ពិសេស​ទៅ​លើ​វិស័យ​សេវា​ផ្សេង​ៗ​ទៀត​ដោយសារ​កន្លង​មកនេះ​ខេត្ត​ព្រះ​សីហ​នុ​បាន​រង​គ្រោះ​ដោយសារ​គ្រោះ​ទឹកជំនន់​និង​មានការ អភិវឌ្ឍ​ដ៏​ឆាប់រហ័ស​ផង​ធ្វើ​ឲ្យ​តម្រូវការ​ចាំបាច់​គឺ​ការ​គ្រប់គ្រង​នៃ​ទឹក​កខ្វក់​និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ប្រៀបធៀប​ថា ខេត្ត​ព្រះ​សីហ​នុ​ជា​ខេត្ត​មួយ​សំខាន់​ប្រៀប​ដូច​ជា​បុប្ផា​លាក់ខ្លួន​ដែល​ជា​ខេត្ត​កំពុង​មាន​សក្តានុពល​ខ្លាំង និង​កំពុង​តែ​ជំរុញ​ការ​អភិវឌ្ឍ​ហើយ​អ្វី​ដែល​ខេត្ត​សិន​ជិន​គ្មាន​គឺ​ខេត្ត​ព្រះ​សី​ហនុមាន​ជា​ពិសេស​បណ្តា​កោះ និង​បណ្តា​រី​ស៊​ត​ថ្មី​ៗ​ដែល​អាច​ទាក់ទាញ​នូវ​ទេសចរណ៍​សំខាន់​ៗ ៕

ដកស្រង់ពី កោះសន្តិភាព កែសម្រួលដោយ ៖  NCNDaily