រដ្ឋបាលរាជធានី បានចាត់តាំងអនុវត្តន៍គោលនយោបាយ “ភូមិ សង្កាត់ មានសុវត្ថិភាព” បានយ៉ាងល្អប្រសើរ បង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋ

19

ភ្នំពេញ៖ នៅក្នុងត្រីមាសទី៣នេះ ក្រោមការដឹកនាំផ្ទាល់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ រដ្ឋបាល រាជធានីភ្នំពេញ បានបន្តខិតខំជម្នះ ពុះពារការលំបាកស្មុគស្មាញ ដោយអនុវត្តន៍គ្រប់វិធានការ ពិសេស ការចាត់តាំងអនុវត្តន៍គោលនយោបាយ “ភូមិ សង្កាត់ មានសុវត្ថិភាព” កាន់តែល្អប្រសើរ រក្សាបាននូវស ភាពការណ៍ សន្តិសុខទូទៅល្អ ក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ សកម្មភាពបង្កចលាចលនយោបាយ និងអំពើភេរវកម្ម ត្រូវបានទប់ស្កាត់មិនឲ្យកើតមាននូវអំពើប្លន់ប្រដាប់អាវុធ ក្មេងទំនើង និងគ្រឿងញៀន ដោយសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ ផ្តល់នូវភាពកក់ក្តៅដល់ប្រជាជន វិនិយោគិន និងភ្ញៀវបរទេស”។

នេះបើយោងតាមសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំសាមញ្ញ លើកទី៥របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ដែល បានធ្វើឡើង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងគ្រប់ មន្ទីរ និងមន្ត្រី ក្នុងរចនាសម្ព័ន្ធ នៃរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូបទៀត។

អង្គប្រជុំនេះក៏បានសន្និដ្ឋានទៀតថា “សភាពការណ៍បែបនេះ បានផ្តល់នូវភាពអនុគ្រោះ ដល់ការអនុវត្ត គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋា ភិបាលឲ្យទទួលជោគជ័យ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ លូ ស្ពាន សួនច្បារ សំណង់ អគារខ្ពស់ៗ ទីក្រុងរណប និងថេរភាពល្អប្រសើរ នៃទីផ្សារអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ ដោយរួម ចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ សុខុមាល ភាពរបស់ប្រជាជន”។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៥ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ខាងលើនេះ បានលើក នូវរបៀបវារៈចំនួន៤ចំណុច ក្នុងនោះរួមមាន៖ ១)ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ ហេតុកិច្ចប្រជុំ សាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សារាជធានៅភ្នំពេញ អាណត្តិទី៣ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ ២)ពិនិត្យ និងអនុម័យលើសេចក្តីព្រាងរបាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ ស្តីពីការអនុវត្ត ការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ ៣)ពិនិត្យ និងអនុម័តលើសំណើសុំ តែងតាំងមុខតំណែងមន្ត្រីរាជ ការចំនួន១រូប នៅក្នុងរចនាសម្ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ និង៤)បញ្ហាផ្សេងៗ៕