ក្រុមចោរចូលគាស់ទូរដែក យកលុយអស់ជាង៥ម៉ឺនដុល្លារ ក្នុងរោងចក្រតម្បាញ «មួនតៃ»

3

(កណ្ដាល)៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ក្រុមចោរ១ក្រុម បានធ្វើសកម្មភាពគាស់ទូរដែក រោងចក្រតម្បាញ «មួនតៃ» ស្ថិតនៅចំណុច ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរលិច១ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយលួចលុយក្រុមហ៊ុនអស់ជាង៥ម៉ឺនដុល្លារ ។

មុនពេលកើតហេតុ ជនរងគ្រោះដែលជាតំណាងរោងចក្រ និងខាងគណនេយ្យបានទុកទូរដែក នៅក្នុងបន្ទប់ហើយ បានចាក់ទ្វារបន្ទប់ត្រឹមត្រូវមុនចេញទៅផ្ទះ។ លុះដល់វេលាម៉ោង០៥និង០៩នាទី ពេលដែលឈ្មោះ យូ រ៉ាន់ ជាបុគ្គលិកផ្នែកបើកបរចូលទៅស្កែនមេដៃ ដើម្បីបើកឡានដឹកភ្ញៀវរបស់រោងចក្រ ស្រាប់តែឃើញទូរដែកដែលទុកនៅក្នុងបន្ទប់គណនេយ្យ ត្រូវបានជនសង្ស័យយកចេញមកគាស់ នៅមុខបន្ទប់។

គាត់ក៏បានដើរទៅហៅជនជាតិចិន ដែលស្នាក់នៅខាងក្រោយអគាររោងចក្រឱ្យមកមើល និងបានរាយ ការណ៍ជូនសមត្ថកិច្ចចុះ ទៅពិនិត្យឆែកមើលតាម រយៈកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យ២នាក់ ដែលមានភិនភាគដូចខាងលើ បានផ្លោះតាមរបងរោងចក្រផ្នែកខាងជើង ចូលទៅធ្វើសកម្មភាព គាស់ទ្វារបន្ទប់អូសទូរដែកចេញមកមុខបន្ទប់ ហើយគាស់យកលុយ រួចគេចខ្លួនបាត់តែម្តង។

ករណីនេះ ជនរងគ្រោះ ជាតំណាងរោងចក្រមានឈ្មោះ លឹម វិញ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិដើមមាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរប្រធានរដ្ឋបាលរោងចក្រ។

រីជនសង្ស័យ ០២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណភេទប្រុស អាយុប្រហែល ៣០ជាងឆ្នាំ ពាក់មួកកន្តឹប ពណ៌ស ពាក់ម៉ាស ស្លៀកពាក់ឈុតប៉ារ៉ា បានគេចខ្លួនបាត់។

កម្លាំងជំនាញបច្ចេកទេសខេត្ត និងកម្លាំងជំនាញយុត្តិធម៌ក្រុងតាខ្មៅ កំពុងបន្តធ្វើការស្រាវជ្រាវតាមនីតិវិធី៕

ប្រភព៖ Heng Ly
ដោយ៖ NCN Daily