សមត្ថកិច្ចបំបែកសំណុំរឿង ករណីប្លន់សម្លាប់អ្នករត់ម៉ូតូឌុបនៅខណ្ឌដង្កោចាប់ឃាត់ខ្លួនជនសង្សយ័ចំនួន៣នាក់

12

ភ្នំពេញ ៖ ករណីឃាតកម្មប្លន់សម្លាប់ដ៏សាហាវ ហើយជនរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានពលរដ្ឋប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ លើផ្លូវលំវាលស្រែ ស្ថិតនៅភូមិខ្វា សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។


ពេលនេះ បានបំបែកសំណុំរឿងបានហើយ ដោយកម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយ កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋានព្រហ្មទណ្ក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ។

ជនសង្ស័យ៖ទី១-ឈ្មោះអឿង ភាព ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទី២-ឈ្មោះ ណោម ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ទី៣- ឈ្មោះប៉ុក សុខនីភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត (ទទួលផលចោរកម្ម) ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូត ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃចំនួន១គ្រឿង ជារបស់ជនរងគ្រោះ)។
បច្ចុប្បន្នក្រុម ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំយកមកធ្វើការសាកសួរ នៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់តាមច្បាប់៕

ប្រភព៖Heng Ly
កែសម្រួលដោយ៖NCN Daily