ស្រវឹងធ្លាក់ភ្នែកបើករថយន្តឡើងខឿនបុករៈតូបលក់ទឹកក្រឡុកនិងនំប៉័ងដាក់សាច់ខ្ទេចខ្ទីគ្មានសល់ស្វាងស្រាចែស

27

ភ្នំពេញ:ស្រវឹងធ្លាក់ភ្នែកបើករថយន្តឡើងខឿនបុករៈតូបលក់ទឹកក្រឡុកនិងនំប៉័ងដាក់សាច់ខ្ទេចខ្ទីគ្មានសល់ស្វាងស្រាចែស ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចស្តុបផ្សារដេប៉ូ តាមបណ្ដោយផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

នៅមុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាជោកជាំ បានបើករថយន្តមួយគ្រឿង ម៉ាក RAV4 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-5162 ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវ១៨២ ក្នុងល្បឿនលឿនល្មម។ មកដល់ចំណុចកើតហេតុ ប្រហែលស្រវឹងខ្លាំងពេក មិនអាចគ្រប់គ្រងដៃចង្កូតបាន ក៏ងោកមួយភាំង ស្រាប់តែរថយន្តរេចង្កូត ទៅខាងស្តាំដៃឡើងលើខឿនចិញ្ចើមផ្លូវ ទៅបុកចូលតូបលក់ទឹក ក្រឡុក និងនំប៉័ងដាក់សាច់ខាងលើ បណ្ដាលឲ្យបាក់បែកចានឆ្នាំងកៅអីខ្ទាតរាយប៉ាយ រងការខូចខាតអស់មួយចំនួនតូច។ ចំណែកឯរថយន្ត ខូចខាតបន្តិចបន្តួច តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់កន្លែងកើតហេតុ ភ្លាមៗនោះ ក៏មានដំណាងភាគីខាងរថយន្តបង្ក បានចូលខ្លួន មកធ្វើការដោះស្រាយគ្នា ជាមួយម្ចាស់តូបរងគ្រោះ ហើយដោយភាគីទាំងពីរ មិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏បានសម្របសម្រួលគ្នា ដោយភាគីខាងរថយន្ត បានចេញសំណងចំនួន២០០ដុល្លារ ឲ្យទៅភាគីខាងម្ចាស់តូប ដើម្បីបញ្ចប់រឿង៕

ប្រភព៖Heng Ly
កែសម្រួលដោយ៖NCN Daily