សម្តេចប្រធានរដ្ឋសភាស្នើដល់ឯកអគ្គរាជទូតខ្មែរ ដែលត្រូវចេញទៅបំពេញការងារការទូតនៅបរទេស យកចិត្តទុកដាក់ពីផលប្រយោជន៍ជាតិនិងប្រជាជនជាធំ

30

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  បានជម្រាបឯកអគ្គរាជទូតនៃ ព្រះរាជាណាចក្រកម្ពុជា ដែលត្រៀមចេញទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេសថា នៅពេលបំពេញ ការងារ ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារ និង លើកតម្លៃជាតិជានិច្ច។ ត្រូវរក្សាការសម្ងាត់របស់ជាតិ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ គោលនយោបាយ ការបរទេសរបស់កម្ពុជា ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា បេសកកម្មកាទូត ត្រូវបង្ហាញនិងប្រកាន់ខ្ជាប់ នូវអត្ត សញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយឱ្យបរទេសស្គាល់កម្ពុជាឱ្យបានច្បាស់  ទាំងផ្នែកសិល្បៈ វប្បធម៌ប្រពៃណីរបស់ខ្មែរដែលឆ្លុះបញ្ចាំងឱ្យឃើញពីអត្តសញ្ញាណរបស់ជាតិ ដែលមាន វប្បធម៌ផូរផង់ តាំងពីសម័យអង្គរមក។

ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតំាងប្រចំានៅ ប្រទេស វៀតណាម រុស្សី អូស្រ្តាលី ស្វីស មីយ៉ាន់ម៉ា ម៉ាឡេស៊ី គុយបា គុយវ៉ែត និង ប្រទេសប្រុយណេ ដារ៉ូសាលឹម បានចូលជម្រាបលា និងទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៩  នៅវិមានរដ្ឋសភា មុនចេញទៅបំពេញបេសកកម្មការទូត នៅលើឆាកអន្តរជាតិ។ ក្នុងឱកាសនោះ សម្តេច ក៏បានផ្តាំផ្ញើរដល់ឯកអគ្គរាជទូតទាំងអស់ ចុះស្វែងយល់សុខទុក្ខ និងក្តាប់ព័ត៌មានឱ្បបានច្បាស់ លាស់ជាក់ស្តែង អំពី ប្រជាពលរដ្ឋ សិស្ស-និស្សិត និងពលករខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស។ សូមបង្កលក្ខណៈងាយស្រួល លើ សេវាកម្មនានារបស់ស្ថានទូត លើកកម្ពស់ សុខុមាលភាព និងការពារផលប្រយោជន៍របស់ពួកគាត់ ។

សម្តេចប្រធានរដ្ឋសភា បានជំរុញ តំណាងកម្ពុជា តាមប្រទេសនានា ដែលទើបតែងតំាងនោះ បន្តជំរុញ និងលើកកម្ពស់ការផ្សព្វផ្សាយសំដៅទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍បរទេស មកប្រទេសយើង ឱ្យកាន់តែច្រើន ថែមទៀត  ដោយផ្អែកលើសក្តានុពល ដែលប្រទេសមានស្រាប់ ហើយត្រូវបង្កើន កិច្ចសហប្រតិបត្តិការល្អ ជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេស ដទៃទៀត ប្រចាំនៅប្រទេស នោះផងដែរ។ សម្តេចប្រធានរដ្ឋសភា មានសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ ទាំងអស់នឹង ប្រតិបត្តិតួនាទីរបស់ខ្លួន បានល្អជានិច្ច សក្តិសមជាឯកអគ្គរាជទូត ដែលរាជរដ្ឋាភិបាល បានផ្តល់នូវទំនុកចិត្ត។

តំណាងឯកអគ្គរាជទូតកម្ពុជា ដែលបានចូលជម្រាបលា  និងទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋសភា នាឱកាសនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចបានចំណាយ ពេលវេលា អនុញ្ញាត បានចូលជម្រាបលា និងទទួលបានអនុសាសន៍ល្អៗ ដែលជាចក្ខុវិស័យ សម្រាប់យកទៅ អនុវត្តការងារទទួលបានជោគជ័យ ស្របតាមគោលនយោបាយការទូតរបស់កម្ពុជា។

ឯកអគ្គរាជទូតថ្មីទាំង ៩រូប  រួមមាន៖

១-ឯកឧត្តម ចាយ ណាវុធ  ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម

២-ឯកឧត្តម  អ៊ាត សីលា  ឯកអគ្គរាជទូតកម្ពុជា  ប្រចាំសហព័ន្ធរុស្ស៊ី

៣-ឯកឧត្តម  ចាន់ រតនា  ឯកអគ្គរាជទូតកម្ពុជា  ប្រចាំប្រទេសអូស្រ្តាលី

៤-ឯកឧត្តម អាន សុខខឿន  ឯកអគ្គរាជទូតកម្ពុជា  ប្រចាំប្រទេសស្វីស

៥-ឯកឧត្តម ឈូក ប៊ុនណា  ឯកអគ្គរាជទូតកម្ពុជា  ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

៦-ឯកឧត្តម ចឺយ វិចិត្រ  ឯកអគ្គរាជទូតកម្ពុជា  ប្រចាំប្រទេសម៉ាឡេស៊ី

៧-លោកជំទាវ បាន បូរ៉ុម  ឯកអគ្គរាជទូតកម្ពុជា  ប្រចាំសាធារណរដ្ឋគូបា

៨-ឯកឧត្តម ហ៊ុន ហាន  ឯកអគ្គរាជទូតកម្ពុជា  ប្រចាំរដ្ឋគូវ៉ែត

៩-ឯកឧត្តម ហុក សុភា  ឯកអគ្គរាជទូតកម្ពុជា  ប្រចាំប្រទេសប្រ៊ុយណេដារូសាឡាម៕