ក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ពន្សាំងអំពាវនាវ ដល់អ្នកពាក់ព័ន្ធក្នុងក្នុងមូលដ្ឋានសង្កាត់ពន្សាំង ទប់ស្កាត់សកម្មភាពរបស់ក្រុម ប្រឆាំងដែលចង់ផ្ដួល រំលំរាជរដ្ឋាភិបាល

6

ភ្នំពេញ: ខណៈដែលសភាពការណ៍នយោបាយរវាងរាជរដ្ឋាភិបាល ជាមួយក្រុមប្រឆាំង ក្រៅច្បាប់ ចេះតែវិវត្តទៅមុខនោះ ក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ពន្សាំង បានប្រជុំជាមួយសមាជិកភូមិ មេភូមិ  អនុភូមិទាំង២៤ភូមិ ដើម្បីផ្សព្វផ្សាយ ពីវិធានការនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ ធ្វើយ៉ាងណា ទប់ស្កាត់ឱ្យខាងតែបាន នូវសកម្មភាព របស់ក្រុមប្រឆាំងដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល។

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិធានការចាំបាច់នានាសម្រាប់សភាពការណ៍ថ្មីបច្ចុប្បន្ននេះ ធ្វើឡើងនៅ ទីស្នាក់ បក្សសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពឯកឧត្តម ទិត សាវុដ្ឋ ប្រធានការងារ ថ្នាក់ជាតិចុះជួយការងារសង្កាត់ពន្សាំង លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង និងលោក- លោកស្រីក្រុម ប្រឹក្សាសង្កាត់ សមាជិកសមាជិកាក្រុម ការងារថ្នាក់ ជាតិចុះជួយ សង្កាត់ មេភូមិ អនុភូមិសរុបចំនួន៣០០នាក់៕

នាឱកាសនោះ លោក ម៉ៅ បូរ៉ា បានណែនាំដល់សមាជិកភូមិ មេភូមិ អនុភូមិ ត្រូវរួមចំណែកទប់ស្កាត់ សកម្មភាពល្មើសនឹងរដ្ឋធម្មនុញ្ញរបស់ក្រុមប្រឆាំង ដើម្បីការស្ថិរភាព សន្តិភាព ការអភិវឌ្ឍ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ពិសេសគឺដើម្បីការពារ ការអភិវឌ្ឍ វិស័យទេសចរណ៍របស់កម្ពុជា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ទិត សាវុដ្ឋ បានដាល់តឿនដល់ប្រជាពលរដ្ឋទូទាំងសង្កាត់ពន្សាំង កុំឆាប់ជឿការ ឃោសនារបស់ពួកប្រឆាំង ចង់បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គមដែលយើងខំរកមក ដោយលំបាក ហើយដែលពួកប្រឆាំងទាំងនោះមិនបានចូលរួមអ្វីបន្តិចសោះទ្បើយ គឺមានតែមកឃោសនាបំ ផុសបំផុល ប្រជាពលរដ្ឋ ជាពិសេសក្នុងជួរកងទ័ពឱ្យក្បត់ជាតិ និងផ្តាច់ខ្លួន ដើម្បីរៀបចំធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។

សូមជម្រាបថា បើតាមការប្រកាសរបស់ក្រុមប្រឆាំងដែលមានទណ្ឌិត សម រង្ស៊ី ជាមេក្លោងក្បត់ជាតិនោះ ពួកគេនឹងត្រឡប់ចូលមកកម្ពុជាវិញចំថ្ងៃទី០៩ ខែវិច្ឆិកា ពោលគឺចំថ្ងៃប្រារព្ធទិវាឯករាជ្យជាតិ ក៏ដូចជានៅ ក្នុងកំលុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែផងដែរ៕

ក្នុងឱកាសនោះ លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង បានអញ្ជើញទ្បើងអានឯកសារសំខាន់ ដោយបញ្ជាក់ ច្បាស់អំពីសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា នាពេលបច្ចុប្បន្ន រួមទាំងឧបាយកល និងសកម្មភាពរបស់ពួកប្រឆាំង និងវិធានការណ៍ទប់ស្កាត់ ផែនការធ្វើរដ្ឋប្រហារ សំដៅថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។ លោកចៅសង្កាត់បានបន្ថែមទៀតថា កុំចាក់អង្ករ យកអង្កាម អ្នកចូលរួមគាំទ្រនូវគម្រោងនេះ ក៏ត្រូវជាប់ទោសពីបទល្មើសរួមគំនិតក្បត់ជាតិដែរ ។

លោក ឈួន ឆាំ បានបញ្ជាក់ថា ការចូលរួមរបស់បងប្អូន សមាជិកភូមិ លោក លោកស្រីមេភូមិ អនុភូមិ និងប្រជាពលរដ្ឋ ទាំងអស់ ត្រូវចូលរួមនៅក្នុងកិច្ចដំណើរការរបស់រដ្ឋក្នុងការថែរក្សា ការពារសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម ដែលទាំងនេះបានបង្ហាញអំពីស្មារតីស្នេហាជាតិ ឯកភាពជាតិ រួមគ្នាជាធ្លុងមួយ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែ សម្បូរសប្បាយ ជាបន្តទៀតជារៀងរហូត៕