ស្ត្រីជនជាតិអង់គ្លេសម្នាក់បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅលើកោះរ៉ុងចំនួន៤ថ្ងៃហើយសមត្ថកិច្ចកំពុងបន្តរការស្វែងរក

15

ខេត្តព្រះសីហនុៈ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុថ្លែងថា នៅព្រឹកថ្ងៃទី២៧តុលា២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកម្លាំងចម្រុះ របស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះរុករកស្ត្រីជនជាតិអង់គ្លេសមួយរូបឈ្មោះAmelia Bambridge អាយុ ២១ឆ្នាំ ដែលបាត់ខ្លួននៅលើកោះរ៉ុង ក្នុងភូមិសាស្ត្រភូមិកោះតូចសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង តាំងថ្ងៃទី២៤តុលា២០១៩ ។

 

មន្ត្រីផ្លូវការនានាដែលចូលរួមប្រតិបត្តិការរុករកនេះថ្លែងថា ក្រោយការបាត់ខ្លួនស្ត្រីជនបរទេសរូបនេះភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានព្យាយាមស្វែងរកដែរ ប៉ុន្តែមិនទាន់ប្រទះឃើញ ទើបនៅថ្ងៃ២៧តុលានេះ កម្លាំងធំរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំផ្ទាល់ដោយឯកឧត្តមអភិបាលខេត្ត បើកប្រតិបត្តិការរុករកនៅលើកោះនេះ ទាំងនៅលើគោកនិងក្នុងទឹកសមុទ្រ ដោយមានការចូលរួមពីក្រុមអ្នកមុជទឹកផងដែរ។

លោក ណុប បញ្ញា ស្នងការរងនគរបាលខេត្តព្រះសីហនុថ្លែងថា គេបានឃើញស្ត្រីរូបនោះចុងក្រោយ មុនបាត់ខ្លួន នៅវេលាម៉ោង៣,៣០ទាបភ្លឺថ្ងៃទី២៤តុលា២០១៩ ក្នុងពិធីជប់លៀងមួយនៅកោះរ៉ុង ក្រោយមកក៏បាត់ដំណឹងតែម្តង។ លោកស្នងការរងបញ្ជាក់បន្ថែមថា ស្ត្រីដែលបាត់ខ្លួននេះមានមិត្តភក្ត័ ម្នាក់ជាជនជាតិហូឡង់ ដែលទើបស្គាល់ គ្នានៅពេលមកលេងប្រទេសកម្ពុជា និងថា នាងមានឪពុកធ្វើការនៅប្រទេសវៀតណាម។


ទោះជាយ៉ាងនេះក្តី មន្ត្រីនៅមិនទាន់បញ្ជាក់បានថា ការបាត់ខ្លួនរបស់ស្ត្រីជនជាតិអង់គ្លេសរូបនេះ ជាការវង្វេងផ្លូវជាប់ក្នុងព្រៃលើកោះដូចជនបរទេសមួយចំនួនដែលធ្លាប់វង្វេងក្នុងព្រៃលើកោះនេះកន្លងមក ឬមានហេតុការណ៍អ្វីផ្សេងនៅឡើយ៕

ប្រភព៖ Huy Bunleng
កែសម្រួលដោយ៖ NCN Daily