ស្រវឹងស្រា បើករថយន្ត TACOMA បុកប្រហារផ្ទះប្រជាពលរដ្ឋ គ្មានប្រណី បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

17

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បើករថយន្តក្នុងល្បឿនលឿន លុះមកដល់ចំណុចផ្លូវកោង បានជ្រុលចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

មុនពេលកើតហេតុ គេឃើញរថយន្តTOYOTA TACOMA មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-9834 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចផ្លូវកោងមុខវិទ្យាល័យជា ស៊ីម សាមគ្គី យកចង្កូតមិនទាន់ក៏ជ្រុលទៅបុកផ្ទះប្រជាពលរដ្ ឋពេញមួយទំហឹងបណ្ដាលឲ្យរថយន្តនិងរបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ ហើយអ្នកបើកបរ រងរបួសបែកមុខបែកមាត់ និងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ដឹកយកទៅធ្វើការសាកសួរ ផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ឲ្យចុះមកវាស់វែង និងយកអ្នកបើកបរ រួមទាំងស្ទូចយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់ ៕