ព្រះរាជជីវប្រវត្តិ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះនិមិត្តរូបនៃរបាំព្រះរាជទ្រព្យ

15

សម្ដេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះជន្ម​ ​៧៦ ព្រះវស្សា​ ​នា​វេលា​ម៉ោង​ ​១២​:​៣០​ ​នាទី​ ​ថ្ងៃទី១៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ក្នុង​មន្ទីរពេទ្យ​ព្រះរាជាណាចក្រ​ថៃ​ ​ដោយ​ជរាពាធ​ ។​ ​ព្រះអង្គ​ ​ព្រះ​ប្រសូត​នៅ​ថ្ងៃទី ០៨​ ​ខែមករា​ ​ឆ្នាំ ១៩៤៣​ ​នា​រាជធានី​ភ្នំពេញ​ ​ទ្រង់​ជា​ព្រះរាជ​បុត្រី​ច្បង​ ​នៃ​ព្រះករុណា​ ​ព្រះបាទ​សម្តេច​ព្រះ​ ​នរោត្តម​ ​សីហនុ​ ​ព្រះ​មហា​វីរក្សត្រ​ ​ព្រះ​វររាជ​បិតា​ឯករាជ្យ​ ​បូរណភាព​ដែនដី​ ​និង ​ឯកភាពជាតិ​ខ្មែរ​ ​ព្រះ​បរម​រតន​កោដ្ឋ​ ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​និង​ អ្នកម្នាង​ ​ផាត់​ ​កា​ញ៉ុល​ ​នាដការី​ ​នៃ​របាំ​ព្រះរាជទ្រព្យ​ ​។​

តទៅ​នេះ​សូម​ប្រជា​នរា​ស្ត្រ​ខ្មែរ​មក​ដឹងពី​ព្រះរាជ​ជីវប្រវត្តិ​ ​សម្តេច​រាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ដែល​ដកស្រង់​ចេញពី​គេហទំព័រ​សារព័ត៌​មាន​ថ្មី​ៗ​ដូចតទៅ​ ៖​ ​

​សម្តេច​រាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​សែ​រាជវង្ស​ដ៏​ល្បីល្បាញ​ផ្នែក​របាំ​រាជទ្រព្យ​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម​ ​ទ្រង់​ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្តល់​គោរមងារ​ថា​ ​ទេព​នា​ថ​វដ្តី​ឯក​ ​និង​ ​ជាម​រត​ក​មនុស្ស​រស់​របស់​កម្ពុជា​។​ ​សម្រាប់​សិល្បៈ​ផ្នែក​របាំ​ព្រះរាជទ្រព្យ​នេះ​ ​សម្តេច​ ​បុប្ផា​ទេវី​ ​គឺជា​ព្រះ​និមិត្តរូប​នៃ​របាំ​នេះ​ ​ពីព្រោះ​តែ​កាលពី​អតីតកាល​ ​ប្រជាជន​ខ្មែរ​ ​ដែល​ស្គាល់​ ​ឬឮ​ឈ្មោះ​របាំ​ព្រះរាជទ្រព្យ​ ​ ​តែង​នឹកឃើញ​ដល់​ព្រះនាម​របស់​ទ្រង់​ ​ដែល​ជា​អ្នក​សម្តែង​របាំ​នេះ​ ​និង​ ​មាន​សម្រស់​ស្រស់​សោភា​ ​។​

​នៅ​សម័យ​សង្គម​រាស្ត្រនិយម​ ​ជាពិសេស​នៅ​អំឡុង​ឆ្នាំ​ ​១៩៦០​ ​កិត្តិសព្ទ​របស់​ព្រះរាជ​បុត្រី​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ត្រូវ​បាន​ប្រជានុ​រាស្ត្រ​ខ្មែរ​ស្គាល់​ច្រើន​ក្នុងនាម​ជា​សិល្បៈ​ការិនី​ផ្នែក​របាំ​ព្រះរាជទ្រព្យ​ ។​ ​ពីព្រោះ​ថា​ ​រាជបុត្រី​របស់​ព្រះបាទ​នរោត្តម​ ​សីហនុ​ ​អង្គ​នេះ​ ​មាន​ទេពកោសល្យ​ពិសេស​ផ្នែក​របាំ​ព្រះរាជទ្រព្យ​ ​ហើយ​ជា​ញឹកញាប់​ព្រះបិតា​របស់​ទ្រង់​តែងតែ​អនុញ្ញាត​ឲ្យ​ព្រះនាង​ម្ចាស់​សម្តែង​របាំ​នៅពេល​ដែល​មេ​ដឹក​នាំ​ធំៗ​បរទេស​ដូចជា​មេដឹកនាំ​បារាំង​ ​និង​ចិន​ជាដើម​ ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ ​។​

​ទេពកោសល្យ​ពិសេស​ផ្នែក​របាំ​ព្រះរាជទ្រព្យ​របស់​ព្រះរាជ​បុត្រី​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​នេះ​ ​មិនមែន​កើតឡើង​ដោយ​រឿង​ចៃដន្យ​នោះ​ឡើយ​ ​តែ​វា​ជា​រឿង​ស័ក្តិ​សមណាស់​ ​ដែល​ព្រះអង្គ​ត្រូវតែ​មាន​ជំនាញ​ផ្នែក​នេះ​ជាងគេ​ ។​ ​សម្តេច​ព្រះ​ ​បុប្ផា​ទេវី​ ​មាន​បន្ទូល​ថា​ ​ទ្រង់​បា​នប្រ​សូត្រ​នៅក្នុង​សែ​រាជវង្ស​ ​ដែល​មាន​លោហិត​ស្រឡាញ់​វិស័យ​សិល្បៈ​តែម្តង​ ​ជាពិសេស​មាតា​របស់​ទ្រង់​ ​គឺ​អ្នកម្នាង​ ​ផាត់​ ​កា​ញ៉ុល​ ​ជា​អ្នករបាំ​ព្រះរាជទ្រព្យ​ ​និង​ជា​អ្នកលេង​ល្ខោន​ផង​ដែរ​ ​។​

​ ​

​ដោយសារ​កត្តា​ខាងលើ​នេះ​ ​បន្ទាប់ពី​ព្រះរាជ​បុត្រី​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ប្រសូត្រនៅ​ឆ្នាំ​ ​១៩៤៣​ ​កន្លងទៅ​បាន​ ​៥​ ​ឆ្នាំ​ ​ពោល​គឺ​ព្រះអង្គ​មាន​ព្រះជន្ម​ ​៥​ ​វស្សា​ ​ទ្រង់​បាន​ចូលរៀន​ផ្នែក​របាំ​ព្រះរាជទ្រព្យ​នៅក្នុង​ព្រះបរមរាជវាំង​ទៅ​ហើយ​។​ ​ពេលនោះ​ ​ព្រះ​អយ្យិកា​របស់​ទ្រង់​ ​គឺ​ព្រះ​មហាក្សត្រិយានី​ ​ស៊ីសុវត្ថិ​ ​កុស​មៈ​នារីរត្ន​ ​ដែល​ជា​អ្នកថែរក្សា​ព្រះអង្គ​ ​បាន​ហៅ​គ្រូ​ចាស់​ៗ​ដែល​សេសសល់​ពី​សម័យ​ព្រះបាទ​ ​អង្គឌួង​ ​នរោត្តម​ស៊ីសុវត្ថិ​មក​បង្រៀន​របាំ​ព្រះរាជទ្រព្យ​នេះ​ដល់​ទ្រង់​។​

​ពីព្រោះ​តែ​ភាព​ឆ្លៀវឆ្លាត​ក្នុង​សិល្បៈ​របាំ​ព្រះរាជទ្រព្យ​នេះ​ ​ទើប​ពេល​ដែល​ព្រះរាជ​បុត្រី​មាន​ព្រះ​ជន​បាន​ ​១៨​ ​ព្រះវស្សា​ ​ព្រះ​មហា​ក្សត្រីយ៍​ ​ស៊ីសុវត្ថិ​ ​កុស​មៈ​នារីរត្ន​ ​បាន​ប្រទាន​ព្រះនាម​ ​ដល់​ព្រះអង្គ​ថា​ ​ជា​នាដការី​ដ៏​ស្រស់​ស្អាត​។​ ​ត្រង់នេះ​សូម​ឆ្លៀត​ជម្រាប​ជូន​ប្រិយមិត្ត​បន្តិច​ថា​ ​សម្តេច​ ​បុប្ផា​ទេវី​ ​គឺជា​ព្រះរៀម​របស់​សម្តេច​ក្រុមព្រះ​នរោត្តម​ ​រណឫទ្ធិ​ ​ដែល​ព្រះអង្គ​ទាំង​ទ្វេ​ជា​បុត្រ​របស់​អ្នកម្នាង​ ​ផាត់​ ​កា​ញ៉ុល​ ​និង​អតីត​ព្រះមហាក្សត្រ​ព្រះបាទ​ ​សម្តេច​ព្រះ​ ​នរោត្តម​ ​សីហនុ​ ​។​ ​ព្រះរាជ​បុត្រី​ ​បាន​បញ្ចប់​ការសិក្សា​នៅ​អនុវិទ្យាល័យ​ព្រះ​រា​ម្រិ​ត​ ​ហើយ​ទ្រង់​រៀបអភិសេក​នៅ​ព្រះជន្ម​ ​១៥​ ​ព្រះវស្សា​ ​និង​មាន​បុត្រ​ ​៥​ ​អង្គ​។​ ​

​ពេល​របប​ប៉ុល​ ​ពត​ ​មកដល់​ ​នាដការី​ ​និង​ជា​សាស្ត្រា​ចារ្យ​របាំ​ព្រះរាជទ្រព្យ​អង្គ​នេះ​ ​បាន​ភៀស​ព្រះ​កាយ​ទៅ​រស់នៅ​ក្នុង​ជំរុំ​ជនភៀសខ្លួន​ខ្មែរ​-​ថៃ​ ​មួយ​រយៈ​ ​ហើយ​មុន​បន្ត​ទៅ​រស់នៅ​ប្រទេស​បារាំង​ ​ព្រះអង្គ​បាន​បង្ហាត់បង្រៀន​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ក្នុង​ជំរុំ​អំពី​របាំ​ព្រះរាជទ្រព្យ​នេះ​។​ ​ព្រះអង្គ​បង្រៀន​ ​ដើម្បីឲ្យ​ប្រជាជន​ទាំងនោះ​ ​ភ្លេច​នូវ​ការ​លំបាក​ពេល​រស់នៅ​ក្នុង​ជំរុំ​ផង​ ​និង​ដើម្បី​ថែរក្សា​នៅ​របាំ​នេះ​ផង​ ​ព្រោះ​ទ្រង់​បារម្ភ​ខ្លាច​បាត់បង់​ពេល​ប្រទេស​ធ្លាក់​ចូលក្នុង​សង្គ្រាម​។​ ​

​ក្រោយ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​២៣​ ​តុលា​ ​ឆ្នាំ​ ​១៩៩១​ ​សម្តេច​ ​នរោត្តម​ ​បុប្ផា​ ​ទេវី​ ​បានសម្រេច​យាង​ចូល​ប្រទេស​កម្ពុជា​វិញ​។​ ​ពេល​មកដល់​កម្ពុជា​វិញ​ ​តួឯក​អប្សរា​ទី​ ​១​ ​អង្គ​នេះ​ ​បាន​ខ្នះខ្នែង​បង្រៀន​សិស្ស​ផ្នែក​របាំ​ព្រះរាជទ្រព្យ​ ​ហើយ​កាន់​តំណែង​ជា​អនុរដ្ឋ​មន្ត្រី​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​។​ ​ហើយ​បន្ទាប់ពី​បោះឆ្នោត​អាណត្តិ​ទី​ ​២​ ​សម្តេច​ព្រះរៀម​ ​បាន​ឡើង​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​ហើយ​ស្នាដៃ​សំខាន់​របស់​ទ្រង់​ពេល​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​នេះ​ ​ព្រះអង្គ​ ​បាន​បញ្ចូល​របាំ​ព្រះរាជទ្រព្យ​ដែល​ទ្រង់​ជំនាញ​របាំ​នេះ​ ​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ ​នៅ​អង្គការ​យូ​ណេស្កូ​ ​នៅ​ថ្ងៃទី០៧ខែវិច្ឆិកា​ឆ្នាំ២០០៣​។​

​ដំណឹង​នៃ​ការ​យាង​សោច​ទិវង្គ​ត​ ​នៃ​សម្តេច​រាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​បាន​ធ្វើ​ឱ្យ​ប្រជា​នរា​ស្ត្រខ្មែរ​ទូទាំង​ប្រទេស​មាន​សេចក្ដីសោក​សង្រេង​ក្រៃលែង​ ​។​ ​យើងខ្ញុំ​ជា​ប្រជា​នរា​ស្ត្រ​ខ្មែរ​ ​សូម​ថ្វាយ​មហា​ព្រះរាជ​កុសល​ ​ថ្វាយ​ព្រះ​វិញ្ញា​ណ​ក្ខ័ន្ធ​ ​សម្ដេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ស្តេច​យាង​ទៅកាន់​ទីឋាន​ព្រះ​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ​៕​