ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាត បូកសរុបការងារលើកទី៨ របស់សមាគម និងពិធីសម្ពោធពិព័រណ៍សំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ ២០១៩

16

ភ្នំពេញ៖ សមាគមអ្នកសាងសង់កម្ពុជា បានរៀបចំមហាសន្និបាតបូកសរុបការងារលើកទី៨ និងបានសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃពុធ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ ប្រធានសហព័ន្ធអន្តរជាតិនៃសមាគមអ្នកសាងសង់អាស៊ីនិងប៉ាស៊ីហ្វិកខាងលិច ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលធុរកិច្ចចិន-អាស៊ាន រួមនឹងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប ។


ក្នុងឱកាសនោះ អ្នកឧញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹកថានេះជាលើកទី ៨ហើយ ដែលសមាគមរៀបចំមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់សមាគម ហើយក៏ជាលើកទី៦ នៃការរៀបចំពិធីតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា មានលក្ខណៈអន្តរជាតិ ធំជាងគេដែលមានស្តង់ចំនួន៣៥០ និងផលិតផលជិត ១០០០ ប្រភេទ ក្នុងនោះផលិតផលដែលត្រូវដាក់តាំងបង្ហាញ គឺមានខ្លះជាផលិតផលក្នុងស្រុក និងខ្លះទៀតជាផលិតផលនាំចូលពីបណ្តាប្រទេសជាច្រើនលើពិភពលោក និងមានការចូលរួមពីក្រុមហ៊ុនចំនួន ២០៧ ក្រុមហ៊ុន ។ សមាគមអ្នកសាងសង់កម្ពុជា តែងតែរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យសមាគម និងធុរកិច្ចជនផ្សេងៗទៀត ដែលមានមុខរបរជំនួញលើវិស័យសំណង់នៅកម្ពុជា និងអ្នកដែលនៅក្រៅប្រទេសមានឱកាសបានមកធ្វើការទំនាក់ទំនង់ពិភាក្សាអំពីកិច្ចការជំនួញពាណិជ្ជកម្មជាមួយគ្នាដោយផ្ទាល់ និងជិតស្និទ្ធ ដើម្បីឱ្យដឹងច្បាស់ពីតម្រូវការនិងការផ្គត់ផ្គង់សម្ភារៈ ឧបករណ៍ និងគ្រឿងចក្រសំណង់លើទីផ្សារកម្ពុជា ។

ជាមួយនេះ លោកឧញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា បានចាត់ទុកការរៀបចំកម្មវិធីនេះឡើងដោយសមាគមអ្នកសាងសង់កម្ពុជា ថាមានសារៈសំខាន់ព្រោះព្រឹត្តិការណ៍នេះអាចបញ្ជាក់អំពីការអភិវឌ្ឍ និងការរីកចម្រើនលើវិស័យសំណង់នៅកម្ពុជា មិនត្រឹមតែប៉ុណ្ណោះក៏បង្ហាញឱ្យឃើញថាទីផ្សារពាណិជ្ជកម្មសំណង់នៅកម្ពុជា មានភាពទូលំទូលាយដោយឃើញមានសម្ភារបរិក្ខា ឧបករណ៍ គ្រឿងចក្រសំណង់ និងបច្ចេកវិទ្យានៃកម្មសិទ្ធិអចលនទ្រព្យដល់ជនបរទេសក៏អាចធ្វើកម្មសិទ្ធិករលើសំណង់អគារចាប់ពីជាន់ទី១ ឡើងទៅបានទៀតផង ។


ក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះគឺពិតជាផ្តល់ការលើកទឹកចិត្តក្នុងការរួមចំណែកដល់កិច្ចអភិវឌ្ឍសង្គមកម្ពុជា។ គ្មានការអភិវឌ្ឍទាំងឡាយណាដែលកើតមានឡើងក្នុងស្ថានភាពនៃប្រទេសជាតិដែលមានស្ថិរភាពនយោបាយ និងសន្តិភាពនោះទេ។ នេះជាភស្តុតាងជាក់ស្តែងដែលយើងបានបង្ហាញជូនសាធារណជន អំពីសមត្ថភាព និងការងើបឈរឡើងនូវវិស័យសេដ្ឋកិច្ច ធនធានមនុស្ស តាំងពីឆ្នាំ១៩៧៩ មករហូតដល់បច្ចុប្បន្ននេះ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការរៀបចំតាំងពិព័រណ៍សំណង់កម្ពុជា -អន្តរជាតិនេះ គឺមានសារសំខាន់ដែលបង្ហាញឱ្យឃើញពីបច្ចេកវិទ្យា និងភាពជឿនលឿន តម្លៃទីផ្សារ ដែលធ្វើឱ្យយើងអាចបញ្ជាទិញ អាចធ្វើកិច្ចការសាងសង់ឱ្យមានលក្ខណៈជឿនលឿន បើមិនដូច្នេះទេ បើសិនជាការសាងសង់គ្មានបទដ្ឋានបច្ចេកទេស គ្មានសម្ភារៈគ្រប់គ្រាន់ទេនោះ គឺបង្កឱ្យមានលក្ខណៈពិបាកក្នុងការងារសាងសង់ ។

បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា បានងើបឈរឡើងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍឆាប់រហ័ស ហើយក្នុងឆ្នាំ២០៣០ នឹងប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយឆ្នាំ២០៥០ នឹងប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់។ នេះគឺជាមហិច្ឆតានៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ តាមរយៈកម្មវិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានអំពាវនាវឱ្យទាំងអស់គ្នាត្រូវខិតខំរួមចំណែកក្នុងការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីស្ថិរភាព និងការរីកចម្រើនរបស់កម្ពុជា សំដៅឱ្យក្លាយទៅជាប្រទេសដែលមានមោទនភាព ស្ថិរភាព និងជាប្រទេសដែលអាចទទួលយកនូវបរិយាកាសវិនិយោគទុន គ្រប់ទិសទីនៅលើពិភពលោក ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ៕