បុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសាររថយន្តដឹកត្រយូងចេក បុកម៉ូតូជិះពេលឆ្លង

8

(កំពង់ធំ) យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ភ្លាមៗនៅកនន្លែងកើតហេតុ ក្រោយពីកើតមានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធុនធំ ដឹកត្រយូងចេក និងម៉ូតូ បើកឆ្លងផ្លូវ កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃសុក្រ ០១កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ នៅលើផ្លូវជាតិលេខ៦២ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ចំណុចភូមិបុសវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឱ្យដឹងថា៖ មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ធំ 3A-2129 ដឹកត្រយ៉ូងចេកពេញ បើកបរ ដោយឈ្មោះ អឿន លីការ អាយុ២៨ឆ្នាំ រស់នៅភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែកម៉ូតូ ម៉ាក យ៉ាម៉ាហា ពណ៌ខ្មៅ ផ្លាកលេខគ្មាន បើកបរដោយឈ្មោះ ម៉ន បូរ៉ា អាយុ៣០ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលបានចុះអន្តរាគមន៍វាស់វែង និងចាត់ចែងប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕