និស្សិតវិស្វករសំណង់ស៊ីវិលម្នាក់ ត្រូវរថយន្តកុងតឺន័របើកកៀរ និងកិនបែកក្បាលស្លាប់

11

ភ្នំពេញ៖ កាលពីវេលាម៉ោង ២០ យប់ថ្ងៃទី ១៦ខែកុម្ភះឆ្នាំ ២០២០ និស្សិតវិស្វករសំណង់ស៊ីវិលម្នាក់ត្រូវ រថយន្តកុងតឺន័រ បើកកៀរ និងកិនបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មខណៈកំពុងជិះម៉ូតូតាមដងផ្លូវ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងច្រកចូលផ្សារទួលបង្រក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះឆន រីណា ភេទប្រុស អាយុ ២២ឆ្នាំមុខរបរនិស្សិតវិស្វករសំណង់ស៊ីវិល ស្នាក់នៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ មានស្រុកកំណើតស្រុកអង្គរបុរី ខេត្តតាកែវ ។

មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ឆ្នាំ ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-4750 ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3A-3581បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយបានកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលទៅ និងថ្នល់រួចកិនពីលើបែកក្បាលស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ។ ភ្លាមៗនោះតៃកុងរថយន្តបានទុករថយន្តចោលបើកទ្វាររត់ខ្លួនបាត់ស្រម៉ោល ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖​ ហ្វេសបុក