COVID-19ចាប់ផ្តើមវាយប្រហារនៅសហរដ្ឋអាមេរិក យ៉ាងគំហុក ក្នុងមួយថ្ងៃស្លាប់ជាង ១០០នាក់ ធ្វើអោយ ចំនួនមនុស្សស្លាប់កើនឡើងសរុប៥២០នាក់

39

(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន បាននិយាយថា មកទល់ពេលនេះសហរដ្ឋអាមេរិក បានធ្វើតេស្តលើមនុស្សសរុប ៣១៣,០០០នាក់ហើយ ដើម្បីរកមើលអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី (COVID-19) ដោយក្នុងនោះជាង ៤១,០០០នាក់ចេញលទ្ធផលវិជ្ជមាន COVID-19 ហើយអាជ្ញាធរសុខាភិបាលក៏បានបញ្ជាក់ផងដែរថា ចំនួនមនុស្សស្លាប់នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ (ពេលវេលានៅអាមេរិក) បានលោតដល់ ១០១នាក់ក្នុងមួយថ្ងៃ និងជាលើកដំបូងបំផុត។ នេះបើតាមការចេញផ្សាយដោយ CNN នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលអាមេរិកបានបញ្ជាក់ថា ពេលនេះចំនួនមនុស្សស្លាប់ដោយសារ COVID-19 មានសរុប ៥២០នាក់ហើយ ក្នុងចំណោមអ្នកឆ្លងសរុបជាង ៤១,០០០ករណី។ សម្រាប់រដ្ឋដែលកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេគឺញូយ៉ក ដែលមានអ្នកជំងឺ COVID-19 បាត់បង់ជីវិតរហូតដល់ ១៥៧នាក់។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ទីភ្នាក់ងារសង្គ្រោះបន្ទាន់នៃសហព័ន្ធអាមេរិក (FEMA) នឹងបរិច្ចាគម៉ាសប្រភេទ N95 ប្រមាណ ៨លាន និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួនទៀត ទៅកាន់ក្រុមជំនាញទប់ស្កាត់ COVID-19 ដើម្បីបំពេញភារកិច្ចនៅតាមតំបន់ក្តៅ ដែលមានផ្ទុះករណីឆ្លងខ្លាំងក្លាបំផុតដូចជា វ៉ាស៊ីនតោនស្ទេត ញូយ៉ក និងកាលីហ្វរញ៉ាជាដើម៕

ប្រភព៖ Heng Ly