នៅផ្ទះក៏អាចរៀនបានដែរ ក្រសួងអប់រំ ផលិតវីដេអូស្តីពីការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីជួយឱ្យសិស្សអាចធ្វើស្វ័យសិក្សាតាមផ្ទះ

9

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងបាននឹងផលិតវីដេអូស្តីពីការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិច (E-Learning) សម្រាប់មតេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ដើម្បីជួយដល់ឱ្យសិស្សានុសិស្សទាំងអស់ អាចធ្វើស្វ័យសិក្សានៅតាមផ្ទះ រួមជាមួយនឹងការរៀនសូត្រពីសៀវភៅសិក្សាគោល ដែលមានស្រាប់។ នេះបើយោងតាមសេចក្តី ណែនាំរបស់ក្រសួង នៅថ្ងៃទី២ ខែមេនា ឆ្នាំ២០២០នេះ។

តាមសេចក្តីណែនាំរបស់ក្រសួងអប់រំ បានឱ្យដឹងថា៖

*ទី១៖ គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ (បឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ) និងមតេយ្យសិក្សាគ្រប់កម្រិតគ្រប់ប្រភេទ ទាំងសាធារណៈ និងឯងជន

* ត្រូវផ្តល់លទ្ធភាពឱ្យសិស្សបានខ្ចីសៀវភៅសិក្សាគោល ដើម្បីស្វ័យសិក្សាបន្ថែមរៀងៗខ្លួ

* ទាញយក Download ឯកសារ និងវីដេអូបង្រៀន ដែលផលិតដោយក្រសួងអប់រំ យុវជន និងកីឡា តាមគ្រប់លទ្ធភាព ដើម្បីទុកចែកជូនដល់មាតា បិតា អ្នកអាណាព្យាបាលសិស្ស

* រក្សាវិធានការអនាម័យ និងអនុវត្តតាមការណែនាំស្តីពី ការបង្ការ និងការទប់ស្កាត់ជំងឺ COVID-19 របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។

*ទី២៖ មាតា បិតា អ្នកអាណាព្យាបាល

* អប់រំ និងណែនាំកូនចៅកុំឱ្យទៅកន្លែងដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺ COVID-19 និងត្រូវថែរក្សាសុខភាព អនាម័យ លាងសម្អាតដៃនឹងសាប៊ូឱ្យបានញឹកញាប់ និងត្រឹមត្រូវតាមការណែនាំ

* បង្កលក្ខណៈ និងរៀបចំបន្ទប់សិក្សានៅតាមផ្ទះ ឱ្យបានសមស្រប និងទៅតាមលទ្ធភាព ដូចជា៖ តុ កៅអី ក្តារខៀន ទូរទស្សន៍ ស្មានហ្វូន កុំព្យូទ័រ និងភ្ជាប់ប្រព័ន្ធអ៊ីនធើណិត

* ស្វែងរក និងសាកសួររកឯកសារបន្ថែមពីសាលារៀន ឬទាញយកឯកសារ និងវីដេអូបង្រៀនពីគេហទំព័រផ្លូវការរបស់ក្រសួង និងពីប្រភពផ្សេងៗទៀត។ ឯកសារទាំងនោះមានដូចជា សៀវភៅសិក្សាគោល ការផ្សាយអំពីការបង្រៀនដោយឥតគិតថ្លៃ ដែលអាចរកបាននៅតាម You Tube ផ្លូវការរបស់ក្រសួង (www.youtupe.com/moeys) ទំព័រ Facebook ផ្លូវការរបស់ក្រសួង (www.facebook.com/moeys.goc.kh) និងមជ្ឈមណ្ឌលសិក្សាអេឡិចត្រនិក elearning.moeys.gov.kh រួមជាមួយនឹងប្រព័ន្ធ E-School Cambodia និងប្រព័ន្ធ Wiki School ទាំងលើទូរស័ព្ទដៃ Android និង iOS និងការចាក់ផ្សាយតាមទូរទស្សន៍នានា។

* រៀបចំកាលវិភាគសិក្សាជាមួយកូនឱ្យបានច្បាស់លាស់ ជាពិសេសជាមួយកូនៗ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៩-២០២០

* លើកទឹកចិត្តកូនចៅរបស់ខ្លួនឱ្យធ្វើស្វ័យសិក្សាដោយខ្លួនឯង តាមកាលវិភាគដែលបានរៀបចំ៕

ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា៖