រាជធានីភ្នំពេញ វិនិយោគលើវិស័យសំណង់នៅតែមានភាពរលូន ក្នុងការអភិវឌ្ឍន៍ ទោះបីខិតជិតដល់ពេលបោះឆ្នោតខាងមុខនេះ ក៏ដោយ

29

រាជធានីភ្នំពេញ ៖ រាជធានី វិនិយោគលើវិស័យសំណង់នៅតែមានភាពរលូន ក្នុងការអភិវឌ្ឍន៍ ទោះបីខិតជិតដល់ពេលបោះឆ្នោតខាងមុខនេះ ក៏ដោយ យោងតាមមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សង្កេតឃើញថា ការវិនិយោគក្នុងវិស័យសំណង់រយៈពេល៤ខែដើមឆ្នាំ២០១៨នេះ នៅមានសន្ទុះរឹងមាំគួរឱ្យកត់សម្គាល់នៅទូទាំងប្រទេសកម្ពុជា។
លោក ឡៅ ទិព្វសីហា មន្ត្រីជំនាញរូបនេះ មានប្រសាសន៍កាលពីថ្ងៃទី១៨ ឧសភា ម្សិលមិញថា ពាក់ព័ន្ធនឹងសន្ទុះនៃការវិនិយោគក្នុងវិស័យសំណង់រយៈពេលប៉ុន្មានខែដើមឆ្នាំ២០១៨នេះ ការអភិវឌ្ឍនៅតែខ្លាំង និងមានភាពរឹងមាំនៅឡើយ ដោយសារនៅគ្រប់ការដ្ឋានសាងសង់នៅទូទាំងប្រទេស ក៏ដូចជាការសាងសង់ក្នុងខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ កំពុងមានសកម្មភាពយ៉ាងមមាញឹក ពិសេសគឺគម្រោងអគារខ្ពស់ៗជាច្រើនកំពុងដំណើរការសាងសង់ និងបន្តរីកចម្រើនខ្លាំងឡើងថែមទៀត ។


អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ លោក សន សៀប នាយកក្រុមហ៊ុន Key Real Estate បានមានប្រសាសន៍ថា ៖« សកម្មភាពសាងសង់ និងសកម្មភាពទិញ-លក់ នៅមានដំណើរការធម្មតា ។ សកម្មភាពនៅតំបន់កំពុងអភិវឌ្ឍន៍ និងតំបន់ដែលមានគម្រោងផ្សេងៗ គេតាមសួរទិញរហូតហ្នឹង ។ តួយ៉ាង នៅតំបន់សែនសុខ ជ្រោយចង្វា តំបន់ផ្លូវលេខ៦០ និងនៅខេត្តព្រះសីហនុ ជាដើម » ។
លោកបញ្ជាក់ថា ៖« វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា វាមានការប៉ះពាល់ លុះត្រាតែមានអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច តែនយោបាយ និងសេដ្ឋកិច្ចយើងអត់មានបញ្ហាអីផង » ។
លោក វ៉ា វីរៈ នាយកក្រុមហ៊ុន Century 21 Fortuna investment បានយល់ស្របនឹងការលើកឡើងរបស់មន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយលោកមិនឃើញមានកន្លែងណាធ្លាក់ចុះ ឬផ្លាស់ប្តូរទេ។ ផ្ទុយមកវិញ នៅខណ្ឌសែនសុខបង្ហាញថា មានកំណើនឡើង ព្រោះគម្រោងផ្សារទំនើបអុីអនទី២ ជិតបើកដំណើរការ ។ លើសពីនេះ នៅតាមផ្លូវជាតិលេខ១, លេខ៦ និងផ្លូវជាតិលេខ៣ មានកំណើនកើនឡើង ។


លោក វ៉ា វីរៈ មានប្រសាសន៍ថា ៖«ទោះ បីការបោះឆ្នោតថ្នាក់ជាតិ នឹងខិតមកដល់នា២ខែខាងមុខទៀតក្តី ក៏មិនឃើញមានផលប៉ះពាល់ដូចការបោះឆ្នោតនាប៉ុន្មានឆ្នាំមុនៗដែរ។ វិស័យអចលនទ្រព្យហាក់ដូចបង្ហាញការកើនឡើងនៅច្រើនកន្លែង ហើយតម្លៃនៃការទិញ-លក់ កើនឡើងបនិ្តចបន្តួចដែរ ។ ជាទូទៅ នៅពេលជិតដល់បោះឆ្នោត តម្លៃធ្លាក់ចុះ បន្ទាប់ មកសកម្មភាពស្ងាត់តែម្តង ប៉ុន្តែផ្ទុយមកវិញសកម្មភាពពេលនេះហាក់ដូចកើនឡើង » ។
លោក ឡៅ ទិព្វសីហា មន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសុទិដ្ឋិនិយមថា បើទោះបីឆ្នាំ២០១៨នេះ ត្រូវជាឆ្នាំបោះឆ្នោតថ្នាក់ជាតិក៏ដោយ ក៏មិនធ្វើឱ្យប៉ះពាល់ដល់វិស័យសំណង់ដែរ ព្រោះការលក់ដូរក្នុងវិស័យសំណង់មានលក្ខណៈធម្មតា អត់មានបញ្ហាអ្វីទេ ។ អ្នកលក់ដូរផ្ទះល្វែង និងអគារនានាមានដំណើរការខ្លាំងឡើងៗ អត់មានការប្រែប្រួល ឬថមថយឡើយ ។
លោកបញ្ជាក់ថា ៖« ការវិនិយោគលើវិស័យសំណង់នៅអំឡុងដើមឆ្នាំ២០១៨នេះ មានសន្ទុះគួរឱ្យកត់សម្គាល់ ។ ការរីកចម្រើននេះ ដោយសារតែគម្រោងស្នើសុំនៅឆ្នាំ២០១៧មានច្រើន បូករួមទាំងគម្រោងស្នើសុំបន្ថែមនៅឆ្នាំ២០១៨នេះទៀត ។ អីចឹង ធ្វើឱ្យការវិនិយោគក្នុងវិស័យសំណង់នៅរក្សាបានស្ថានភាពនឹងនរល្អ » ។


លោកសង្កត់ធ្ងន់ថា ៖« ជារួម ការវិវត្តនៃវិស័យសំណង់ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ រួមនឹងការវិវត្តវិស័យសំណង់កាលពីឆ្នាំ២០១៧កន្លងមក វិស័យសំណង់នៅតែរក្សាស្ថិរភាពល្អ ហើយការអភិវឌ្ឍនៅតែបន្តខ្លាំងក្លា បូករួមជាមួយការទិញដូរលំនៅឋានមានដំណើរការល្អ រួមនឹងអចលនទ្រព្យ និងវិស័យដីធ្លីក៏អីចឹងដែរ សកម្មភាពការទិញដូរកំពុងតែខ្លាំងក្លា ។ ចំណែកដីនៅរក្សាតម្លៃខ្ពស់ អត់មានស្រកចុះទេ » ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឆ្នាំ២០១៧ បង្ហាញថា ទិន្នន័យសំណង់ទូទាំងប្រទេស មានចំនួនសរុប៣.០៥២គម្រោង មានផ្ទៃក្រឡាជាង១០លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ានស្មានទុនវិនិយោគជាង៦ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ មានចំនួន២.៤០៥គម្រោង មានផ្ទៃក្រឡាសាងសង់ សរុប១១លានម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៥ពាន់លានដុល្លារ ពោលគឺកើនឡើងចំនួន២២,៣១% ។
យោងតាមរបាយការណ៍ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស័យសំណង់ ត្រូវបានព្យាករណ៍ថា នឹងអត្រាកំណើនប្រមាណ១៦,៧%ក្នុងឆ្នាំ២០១៨ និង១៦,៩%ក្នុងឆ្នាំ២០១៩ ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តងាកទៅរកប្រភេទគម្រោងសំណង់ថ្លៃទាប និងមធ្យម ដែលជួយប៉ះប៉ូវដល់កំណើនយឺតនៃប្រភេទសំណង់ថ្លៃខ្ពស់ ។ ភាពរឹងមាំនៃវិស័យនេះត្រូវបានបន្តគាំទ្រដោយការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ, ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងភាពជឿជាក់ចំពោះការវិនិយោគ ដោយសារភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចកម្ពុជា ទោះជាមានឥរិយាបថប្រុងប្រយ័ត្នពីសំណាក់វិនិយោគិនមួយចំនួនក្នុងឆ្នាំ២០១៨ ដែលជាឆ្នាំបោះឆ្នោតក៏ដោយ ៕