រដ្ឋបាលរាជធានីដាំដើមឈើជិត១០០០ដើមអមផ្លូវជាតិលេខ៦ ពង្រីកគម្របពណ៌បៃតង និងបរិស្ថាន កាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងទីក្រុង

15

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ មេសានេះ នៅមុខវត្តមង្គលសិរីកៀនឃ្លាំងក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញនិងលោក ម៉ៃឃើល យូបៀល តំណាងឯកអគ្គរដ្ឋទូតនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាចូលរួមផងដែរ។

ដើមឈើប្រភេទធ្នង់ប្រមាណជិត១០០០ដើម ត្រូវបានអាជ្ញាធររាជធានី ដាក់ដាំពង្រាយអមតាមចិញ្ចើមផ្លូវជាតិលេខ៦  ចាប់ពីរង្វង់មូលព្រហ្មមុខបួនរហូតដល់វត្តវារិន្ទសង្កាត់ព្រែកលាបស្ថិតក្នុងខណ្ឌជ្រោយចង្វារ ក្នុងគោលបំណងដើម្បីបង្កើនសម្រស់បៃតង និងលើកកម្ពស់សោភណ្ឌភាព បរិស្ថានស្អាតក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញក្នុងពិធីខាងលើបានមានប្រសាសន៍ អោយដឹងថា៖ ការដាំដើមឈើនៅពេលនេះគឺដើម្បីពង្រីកនូវគម្របពណ៌បៃតងនៅក្នុងរាជធានីភ្នំពេញ ដែលជាផែនការមួយនៅក្នុងចំណោមផែនការជាច្រើនដែលក្នុងនោះរួមមានទីក្រុងវ័យឆ្លាតដែលរដ្ឋបាលរាជធានីកំពុងរៀបចំ ប្លង់មេ Master Plan រួមមានការពង្រីកគម្របពណ៌បៃតងនៅក្នុងរាជធានីភ្នំពេញផងដែរ។ឯកឧត្តម នួន ផារ័ត្ន បានបន្តអោយដឹងថា ការដាំដើមឈើនៅពេលនេះជាជំហានតូចៗនៅក្នុងជំហានដ៏វែងឆ្ងាយ សំរាប់អភិវឌ្ឍន៍រាជធានីភ្នំពេញ គម្របបៃតងដែលនឹងធ្វើការពង្រីកនិងចូលរួមលើកនៅសោភណ្ឌភាពរាជធានីភ្នំពេញផង ក៏ដូចជាកាត់បន្ថយនៅផលប៉ះពាល់ពីការផ្លាស់ប្តូអាកាសធាតុផងដែរ។

តំណាងឯកអគ្គរដ្ឋទូតនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាលោក ម៉ៃឃើល យូបៀល មានប្រសាសន៍អោយដឹងថា ការដាំដើមឈើនៅពេលនេះគឺដើម្បីអបអរខួបលើកទី៧០នៃទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក ដែលប្រធានបទនៅក្នុងខែនេះ ទាក់ទងទៅនឹងបញ្ហាបរិស្ថាន។ លោក ម៉ៃឃើល យូបៀល បានបញ្ជាក់អោយដឹងថា ការដាំដើមឈើនោពេល នេះគឺដើម្បីបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ។

គួរបញ្ជាក់ថាដើមឈើប្រភេទធ្នង់ប្រមាណជិតមួយពាន់ដើម ដែលមានអាយុកាលចន្លោះចាប់ពី៤ឆ្នាំទៅ៦ឆ្នាំដែលរដ្ឋបាលរាជធានីភ្នំពេញទទួលបានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមរយៈរដ្ឋបាលព្រៃឈើ ត្រូវបានដាក់ដាំពង្រាយតាមបណ្តោយផ្លូវជាតិលេខ៦ចាប់ពីរង្វង់មូលជ្រោយចង្វារ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល៕