ផ្លូវក្រុងចំនួន​ ៣៤ខ្សែ​ នៅខេត្តព្រះសីហនុ ដែលកំពុងត្រូវបានស្ថាបនា សម្រេចការសាងសង់បានប្រមាណ ៩០%​ ហើយ​

11

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នេះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការ ពារជាតិ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូប នីយកម្ម និងសំណង់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងប្រតិភូអមដំណើរ និងមន្ត្រីជំនាញជាច្រើនរូបទៀត បានអញ្ជេីញចុះពិនិត្យពីវឌ្ឍនភាពនៃការ ស្ថាបនាផ្លូវក្នុងគំរោងទាំង ៣៤ខ្សែ ទូទាំងខេត្តព្រះសីហនុ។

ជាលទ្ធផលសរុបការស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុ គិតទាំងការងារគ្រឹះផ្លូវសម្រេចបានប្រមាណ ៩០. ៦០% លឿនជាងផែនការប្រមាណ៤. ៥% ដោយមិនគិតបញ្ចូលការងារអ៊ុតកៅស៊ូ គំនូសសញ្ញា ចរាចរណ៍ ដាំដើមឈើ បង្គោល ភ្លើង ការរៀបកម្រាលថ្មក្រានីត។

ដំណើរទស្សនកិច្ចចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មន្ទីរសាធារណការនិងដឹកជញ្ជូន មន្ត្រីរាជការជុំវិញខេត្ត តំណាងក្រុមហ៊ុនសាងសង់ ទីប្រឹក្សាបច្ចេកទេសសាងសង់ និងភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុចំនួន ៣៤ខ្សែ ដែលបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គិតរហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ សម្រេចបាន ៩០,៦០ភាគរយហើយ។

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ចំនួន ៣៤ខ្សែនេះ មានប្រវែងសរុបចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួនប្រាំពីរ គ្រោងចំណាយរយៈពេលសាងសង់ចំនួន ៨ខែ ចាប់ពីថ្ងៃចុះកិច្ចសន្យា ហើយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ មានភារកិច្ចត្រួតពិនិត្យការអនុវត្តគម្រោងនេះ។

គួរកត់សម្គាល់ផងដែរថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងនៃខេត្តព្រះសីហនុ ត្រូវបានស្ថាបនាឡើងវិញទាំងស្រុង បន្ទាប់ពីទទួលរងការខូចខាតទាំងស្រុងដោយសារ កំណើននៃការអភិវឌ្ឍន៍យ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុង​ក្រោយនេះ ហើយនេះជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នៃខេត្តព្រះសីហនុ​ដែលមិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ។

លើសពីនេះទៀត ​ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះ​ ធ្វើឡើងក្រោមការយកចិត្តទកដាក់ពីប្រមុខរាជរដ្ឋាភិបាល​ ដែលធ្វើឱ្យខេត្តជាប់ឆ្នេរ សមុទ្រមួយនេះមាន​​ភាព​ស៊ីវិល័យទាក់ទាញការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលក្នុង ការប្រែក្លាយឱ្យទៅជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់ និងជាខេត្តបំពង់ករសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

ហេតុដូច្នេះហើយ រាជដ្ឋាភិបាលបានសម្រេចបញ្ចេញថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទាំងនេះក្រុងក្នុងខេត្តព្រះសីហនុក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុឲ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ចជាពិសេស ធានានូវបានគុណភាពរឹងមាំអាច ប្រើប្រាស់បានយូរអង្វែង៕