ស្រ្តីពោះធំ៤ខែម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ សាកថ្មទូរស័ព្ទមើលរឿងភាគបណ្តើរ បោកខោអាវបណ្តើរក្នុងបន្ទប់ទឹក

20

ភ្នំពេញ ៖ ហេតុការណ៍គួរអោយសង្វេគនេះ បានកើតឡើង កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រកដើមគរ ផ្លូវបេតុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះមានឈ្មោះ រឿន ធី ភេទស្រី អាយុ៣៧ឆ្នាំ (កំពុងមានផ្ទៃពោះ៤ខែ) ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិព្រែកក្របៅ១ ឃុំអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែក បុរសជាប្តីឈ្មោះរឿង សារីម អាយុ៣៥ឆ្នាំ ។

ប្អូនស្រីបង្កើតរបស់ស្រ្តីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ នាងបានទូរស័ព្ទរកបងស្រី(ស្រ្តីរងគ្រោះ) ជាច្រើនលើកច្រើនសារតែតេមិនចូលសោះ ដោយមានការសង្ស័យនាង ក៏បានធ្វើដំណើរមករកបងដល់បន្ទប់ជួលឃើញទ្វារបិទជិត និងខ្ទាស់គន្លឹះជាប់ខាងក្នុង ទោះជាគោះក៏មិនមានឮបងស្រីឆ្លើយតបសោះ ធ្វើឲ្យនាងការសង្ស័យជាខ្លាំង ក៏បានហៅឲ្យអ្នកជិតខាងជួយមកមើល និងគាស់ទ្វារចូលទៅក៏ស្រាប់តែបានឃើញនាងដេកផ្កាប់មុខមាន ឱបរ៉ូឡូខ្សែភ្លើងដែលមានដាក់សាកថ្មទូរស័ព្ទនៅក្នុងបន្ទប់ទឹក ស្លាប់ទៅហើយ ទើបបង្កឲ្យការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយពីកម្លាំងមានសម្ថកិច្ចមូលដ្ឋានចុះមកធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និង កោសល្យវិច័យសពស្ត្រីរងគ្រោះ រួចបញ្ជាក់ថា ស្រី្តរងគ្រោះពិតជាបានស្លាប់ដោយសារតែការឆក់ខ្សែភ្លើងនៅក្នុងបន្ទប់ទឹក ពិតប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ ។ បន្ទាប់មក សមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតវិញ៕