ហាងលក់ទំនិញជាច្រើននៅអាមេរិកត្រូវជនឆ្លៀតឱកាស (ចោរ) វាយកម្ទេច និងលួចយកទំនិញ ក្នុងនោះក៏មានហាង Apple ផងដែរ

24

អាមេរិក៖ កំឡុងបាតុកម្មក៏ដូចជាភាពវឹកវរនៅសហរដ្ឋអាមេរិក ហាងលក់ទំនិញជាច្រើន ក្នុងនោះក៏មានហាងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ផងដែរ ត្រូវបានជនឆ្លៀតឱកាស ឬដែលអាចហៅថាចោរនោះ វាយកម្ទេច ដើម្បីចូលទៅលួចយកទំនិញបច្ចេកវិទ្យាដ៏មានតម្លៃពីទីនោះ ប៉ុន្តែពួកគេក៏បានដឹងដែរថា ការលួចរបស់របរទាំងនោះ គឺមិនអាចយកទៅប្រើការអ្វីបានឡើយ ព្រោះពួកវាសុទ្ធតែមានភ្ជាប់ជាមួយនូវប្រព័ន្ធការពារ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន TMZ នៅរសៀលថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។

ខណៈពួកអ្នកឆ្លៀតឱកាសទាំងនោះប្រហែលជាបានគិតថា ពួកគេនឹងរួចខ្លួនពីទង្វើលួចយកសម្ភារៈបច្ចេកវិទ្យាទាំងនោះ ព្រោះប្រទេសកំពុងតែស្ថិតក្នុងភាពចលនា តាមពិតពួកគេបានទៅជួញទុក្ខមកដាក់ខ្លួនទៅវិញទេ។ ទូរស័ព្ទ ថេប្លេត និងកុំព្យួទ័រយួរដៃដែលពួកគេបានលួច ចេញពីបណ្តាហាងមួយចំនួនរបស់ Apple គឺសុទ្ធតែជាឧបករណ៍ឌីម៉ូ (Demo) គឺសម្រាប់ឲ្យអតិថិជនតេស្តមើលប៉ុណ្ណោះ ហើយពួកវាមានបំពាក់នូវកម្មវិធីពិសេស ដែលអាចរារាំងមិនឲ្យផលិតផលទាំងនោះ reset ទៅប្រព័ន្ធ setting ដើមវិញបានឡើយ ពោលគឺធ្វើឲ្យការលួចយកពួកវាទៅ គ្មានបានប្រយោជន៍អ្វីឡើយ ដោយប្រើក៏មិនបានហើយយកទៅលក់ ឬបញ្ចាំបន្តក៏មិនកើតដែរ។

គួរជម្រាបថា នៅលើអេក្រង់ឧបករណ៍ទាំងនោះ ក៏មានសារព្រមានឲ្យប្រគល់ទៅកាន់ហាងវិញដែរ ព្រោះពួកវាមានប្រព័ន្ធ GPS ដើម្បីតាមដាន។ កំឡុងការគាស់ហាង Apple ដើម្បីលួចយកទំនិញនេះ គឺពួកជនឆ្លៀតឱកាសទាំងនោះ មិនអាចចូលទៅដល់កន្លែងរក្សាទុកផលិតផល សម្រាប់លក់ឲ្យអតិថិជនតែម្តងឡើយ ដោយសារតែមានការការពារខ្ពស់ ដោយពួកគេយកបានតែរបស់របរ ដែលតាំងបង្ហាញនៅខាងក្រៅផ្ទាល់ៗប៉ុណ្ណោះ៕