ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ប្រាប់មន្ដ្រីបក្សប្រជាជន ត្រូវមានឆន្ទៈខ្ពស់ធ្វើការបម្រើប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋតាមមូលដ្ឋាននៅពេលគាត់ជួបការលំបាក

13

ព្រះសីហនុ៖ ឯកឧត្តម ជាម ហ៊ីម សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សខេត្ត ប្រាប់មន្ដ្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវមានឆន្ទៈធ្វើការបម្រើប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋខ្លួន ដោយស្មោះអស់ពីចិត្ត ដែលពួកគាត់ចង់បាន ។


ការលើកឡើងបែបនេះ របស់ឯកឧត្តម ជាម ហ៊ីម ក្នុងឱកាសបើកកិច្ចប្រជុំជីវភាពនយោបាយប្រចាំខែ សីហា ឆ្នាំ២០២០ ជាមួយមន្ត្រីគណបក្សប្រជាជនខេត្តព្រះសីហនុ ប្រមាណ ៥០នាក់ នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ដែលមានចូលរួមពី ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណបក្សប្រជាជនខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សំរិទ្ធ ភុំ ប្រធានគណៈប្រចាំការ និងជាគណៈអចិន្ត្រៃយ៍ ជាអនុប្រធានគណបក្សខេត្ត ព្រមទាំមងមន្ត្រីថ្នាក់ដឹកនាំពាក់ព័ន្ធដទៃទៀតផងដែរ ។


ឯកឧត្តម ជាម ហ៊ីម បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បាននិងកំពុងដឹកនាំប្រទេសដោយធានាបាននូវ សន្តិភាព សន្តិសុខ ស្ថេរភាព ក្នុងដំណើរការកសាងការពារ និងការអភិវឌ្ឍ ជួយជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋ។ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងតែមានភាពស្មោះស រួមសុខរួមទុក្ខនៅជាប់ជាមួយប្រជាជន និងដោះស្រាយរាល់ការលំបាកសំណូមពរ បញ្ហាប្រឈម បញ្ហាធំៗ ធានាបាននូវសន្តិសុខ សន្តិភាព ស្ថេរភាព ក្នុងដំណើរការកសាង ការពារ និងការអភិវឌ្ឍន៍គ្រប់កាលៈទេសៈ។
ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា សូមឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់របស់គណបក្សខេត្ត បានចុះស្វែងយល់ និងក្ដាប់នូវសភាពការណ៍រួមទូទៅ បញ្ហាប្រឈម សំណូមពរ តម្រូវការ ដែលបានលើកឡើងដោយមន្ត្រីមូលដ្ឋាន ដើម្បីបន្តវិធានការដោះស្រាយឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស ហើយបម្រើប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានចំគោលដៅ និងមានប្រសិទ្ធភាព តាមអនុវត្តតាមការណែនាំ និងគោលនយោបាយរបស់បក្ស និងរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម គួច ចំរើន ក៏បានស្នើដល់មន្ត្រីបក្ស ត្រូវមានឆន្ទៈ សហការគ្នាលើកកម្ពស់អំពើល្អ និងគុណភាពសេវាសាធារណៈ បង្កើនការទប់ស្កាត់បទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀន និងបង្កើនការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចបញ្ហាខ្វះខាតជូ ប្រជាពលរដ្ឋ ឲ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងស្ថានភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបច្ចុប្បន្ននៅមិនទាន់បានធូរស្បើយនៅឡើយ។


ឯកឧត្តមបានបន្តទៀតថា យើងទាំងអស់គ្នា ត្រូវបង្កើនស្មារតីគិតគូរផលប្រយោជន៍របស់ប្រជាជន និងបក្សពង្រឹងគុណភាពរចនាសម្ព័ន្ធមន្ត្រីគណបក្ស ឲ្យបានកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ដើម្បីឈានទៅដណ្ដើមយកភាពជោគជ័យ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០២៣ ៕