បង្ក្រាបថ្នាំសណ្តំយកស្រីៗទៅរំលោភ ហើយនាងមិនអាចចងចាំអ្វីទាំងអស់ គេហៅថាថ្នាំ “សម្លាប់ព្រហ្មចារិយ៍ស្រីៗ”

470

(ប្រទេសថៃ) ការិយាល័យក្រុមប្រឹក្សាគ្រប់គ្រងគ្រឿងញៀន (ONCB) បានចេញសេចក្តីប្រុងប្រយ័ត្នមួយអំពីថ្នាំដែលគេហៅថាថ្នាំ “សម្លាប់ព្រហ្មចារិយ៍ស្រីៗ”។

ថ្នាំរបៀបនេះ ដែលឥឡូវកំពុងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើអ៊ីនធឺណេត មានផ្ទុកនូវសារធាតុរំងាប់អារម្មណ៍ Alprazolam និងត្រូវបានគេលក់នៅក្រៅប្រទេសក្រោមម៉ាកសញ្ញាឈ្មោះថា Xanax ។ អគ្គលេខាធិការ ONCB លោក Niyom Termsrisuk និយាយថា “ចំនួននៃបទឧក្រិដ្ឋដែលបានរាយការណ៍ទាក់ទងនឹងថ្នាំបែបនេះកំពុងកើនឡើង”។ ថ្នាំប្រភេទសណ្តំអារម្មណ៍នេះមានប្រសិទ្ធភាពទៅលើចំណង់ផ្លូវភេទ ការសណ្តំអារម្មណ៍ ការបន្ថយការថប់ក្នុងអារម្មណ៍ ការប្រឆាំងនឹងការច្របាច់ ការកន្ត្រាក់សាច់ដុំ និងការមមើលមមាយឥតចងចាំអ្វីបាន។ ដូច្នេះហើយទើបថ្នាំនេះភាគច្រើនគឺគេចេញវេជ្ជបញ្ជាចំពោះអ្នកជំងឺ ដែលស្រវឹងស្រាជោគជាំ ប្រកាច់ ថប់បារម្ភ ស្លន់ស្លោ ឆាប់ភ័យ និងគេងមិនលក់។

ទោះយ៉ាងណា នៅពេលដែលលេបថ្នាំនេះ វាអាចមានគ្រោះថ្នាក់ដល់ស្រីៗ។ ឧទាហរណ៍ជាក់ស្តែង ជនរងគ្រោះនៃបទល្មើសផ្លូវភេទ នឹងមិនចាំអ្វីទាំងអស់ ប្រសិនបើពួកនាងត្រូវបានគេបញ្ច្រកថ្នាំនេះដោយចេតនា។ ជាការពិត ពួកអ្នកលក់ថ្នាំបែបនេះបានផ្សព្វផ្សាយយ៉ាងគឃ្លើនថា “ថ្នាំសម្លាប់ព្រហ្មចារិយ៍ស្រីៗ” ហើយដូច្នេះវាបានទាក់ទាញអ្នកទិញប្រុសៗដែលមានបំណងអាក្រក់។

 

លោក Niyom Termsrisuk ដែលបានចង្អុលបង្ហាញថាសារធាតុ Alprazolam ត្រូវបានចាត់ថ្នាក់ជាថ្នាំតាមវេជ្ជបញ្ជានិងមិនអាចដាក់លក់នៅតាមឱសថស្ថានបាននោះ បាននិយាយថា “ជនរងគ្រោះដែលត្រូវគេសណ្តំជាមួយថ្នាំនេះភាគច្រើនត្រូវគេរំលោភផ្លូវភេទ និងប្លន់”។

លើសពីនេះទៅទៀត ច្បាប់ថៃថែមទាំងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះអ្នកដែលប្រព្រឹត្តបទល្មើសទាក់ទងនឹងថ្នាំនេះទៀតផង។

អ្នកនាំចូល អ្នកផលិត ឬ អ្នកនាំចេញសារធាតុ Alprazolam ដែលគ្មានអាជ្ញាប័ណ្ណប្រឈមនឹងការជាប់ពន្ធនាគារចន្លោះពី ៥ ឆ្នាំទៅ ២០ ឆ្នាំនិងពិន័យជាប្រាក់ចន្លោះ ៥០០.០០០ បាតទៅ ២ លានបាត ខណៈអ្នកលក់ខុសច្បាប់ប្រឈមមុខការជាប់គុក ៧ ទៅ ២០ ឆ្នាំនិងពិន័យជាប្រាក់ ៧០.០០០ បាតទៅ ២ លានបាត៕ ប្រភពរីផតធើរ