Mesut Özil បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ត្រឹមវ័យ29ឆ្នាំ ក្រោយរងការរិះគន់បែបរើសអើងពូជសាសន៍ !

7

កីឡា៖កីឡាករបាល់ទាត់វ័យ ២៩ឆ្នាំរូបនេះ បានរិះគន់យ៉ាងខ្លាំងក្លាទៅលើបណ្តាញសារព័ត៌មានអាឡឺម៉ង់ក្នុងការសាកសួរពីភក្ដីភាពរបស់គាត់ចំពោះប្រទេសអាឡឺម៉ង់ ហើយចោទប្រកាន់គាត់តែម្នាក់ឯងចំពោះការបរាជ័យរបស់ក្រុមជម្រើសជាតិនៅក្នុងព្រឹត្តិការណ៍ World Cup 2018 នាប្រទេសរុស្ស៊ី។

 ខ្សែបម្រើប្រយុទ្ធ Mesut Ozil ដែលមានដើមកំណើតមកពីប្រទេសទួរគី កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ បានប្រកាសចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ហើយ ដោយបានលើកឡើងពីការមិនពេញចិត្តចំពោះ “ការរើសអើងជាតិសាសន៍ និងការមិនគោរព” ។

Mesut Ozil បាននិយាយទាំងទឹកមុខក្រៀមក្រមទៀតថា “ខ្ញុំធ្លាប់ពាក់អាវក្រុមជម្រើសជាតិអាឡឺម៉ង់ដោយមោទនភាព ប៉ុន្តែពេលនេះខ្ញុំមិនពាក់វាទៀតទេ”។ គាត់បានបន្ថែមថាវាគឺជាការសម្រេចចិត្តដ៏លំបាកបំផុតសម្រាប់គាត់។

Mesut Ozil និយាយថា “ខ្ញុំគឺជាជនជាតិអាឡឺម៉ង់នៅពេលយើងឈ្នះ ប៉ុន្តែខ្ញុំជាជនអន្តោប្រវេសន៍នៅពេលយើងចាញ់” ។ Ozil បានសម្តែងនូវការខកចិត្តជាខ្លាំង ដែលខ្លួននៅតែប្រឈមនឹងការរើសអើង និងការប្រកាន់ពូជសាសន៍រហូតមក បើទោះបីគាត់បានកើតនិងបានរៀនសូត្រនៅប្រទេសអាល្លឺម៉ង់ក៏ដោយ។

សូមបញ្ជាក់ដែរថា កីឡាករដែលកំពុងលេងឱ្យក្លឹបកាំភ្លើងធំ Arsenal រូបនេះ ត្រូវបានរិះគន់ដោយពួកអ្នកនយោបាយអាល្លឺម៉ង់ និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន បន្ទាប់ពីគាត់បានជួបជាមួយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan កាលពីខែឧសភា កន្លងទៅ នៅក្នុងពហុកីឡាដ្ឋាន Manchester City៕ប្រភពBusiness