Riyad Mahrez ផ្លាស់​ទៅ​ Man City ជាមួយ​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ក្លិប​

10

ក្រុម​មេឃ​ខៀវ​ Manchester City បាន​បំបែក​កំណត់ត្រា​ក្លិប​ក្នុង​ការ​ចុះ​ហត្ថលេខា​ទិញ​ខ្សែ​បម្រើ​ស្លាប​ Riyad Mahrez ពី​ក្រុម​កញ្ជ្រោង​ខៀវ​ Leicester City ជាមួយ​នឹង​តម្លៃ​ខ្លួន​ផ្ទេរ​ ៦០​ លាន​ផោន​ ខណៈ​ដែល​កីឡាករ​វ័យ​ ២៧ ឆ្នាំ​រូប​នេះ​បាន​ចុះ​កុងត្រា​រយៈ​ពេល​ ៥ ឆ្នាំ​ជាមួយ​កីឡដ្ឋាន​ Etihad របស់​ Man City ។

Man City បាន​បដិសេធ​ការ​ផ្ទេរ​យក​ Mahrez កាល​ពី​ខែ​មករា​ដោយសារ​ការ​ចរចារ​គ្នា​មិន​ត្រូវ​រឿង​តម្លៃ​ខ្លួន​​ដែល​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ Leicester ទាមទារ​ខ្ពស់​ពេក​គឺ​ដល់​ទៅ​ ៩៥ លាន​​ផោន​សម្រាប់​តម្លៃ​ខ្លួន​របស់​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​អាល់ហ្សេរី​រូប​នេះ​។ តែ​ទោះ​ជា​យ៉ាង​ណា​ពេល​នេះ​ Mahrez និង​ Man City បាន​ជួប​គ្នា​ដូច​បំណង​ហើយ​ ខណៈ​ដែល​គាត់​​បាន​និយាយ​ថា​ប្រព័ន្ធ​​​លេង​របស់​​ Man City គឺ​ល្អ​បំផុត​សម្រាប់​គាត់​។ “ការ​មើល​ពួក​គេ​លេង​គឺ​ជា​ក្ដី​សុខ​មួយ​។” Mahrez និយាយ​។ “ហើយ​ការ​បង្ហាញ​ទម្រង់​លេង​របស់​ពួក​គេ​កាល​ពី​រដូវកាល​មុន​គឺ​ពិត​ជា​​គួរ​ឲ្យ​សរសើរ​​​ខ្លាំង​ណាស់​។ ខ្ញុំ​គិត​ថា​យើង​អាច​ជោគជ័យ​នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ ហើយ​ខ្ញុំ​ជឿ​​ថា​ទម្រង់​លេង​របស់​​ខ្ញុំ​នឹង​​រីក​ចម្រើន​ក្រោម​​ការ​ដឹកនាំ​របស់​លោក​ Pep Guardiola ។”

ប្រែ​សម្រួល​ ៖ ភក្ដី