Paris មាន​​មហិច្ឆតា​​ចង់​ទិញ​ Coutinho ដោយ​​ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​ថ្លៃ​ជាង​កាល​ដែល​ពួក​គេ​ទិញ​​ Neymar

11

ក្លិប​​អ្នក​មាន​របស់​បារាំង​ Paris Saint Germain បាន​ធ្វើ​ការ​​ដាក់​ដេញ​ថ្លៃ​ចំនួន​ ២៧០ លាន​អឺរ៉ូ​​ដើម្បី​​​តាម​ចុះ​ហត្ថលេខា​ទិញ​ខ្សែ​បម្រើ​ Philippe Coutinho ពី​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ។ នេះ​បើ​យោងតាម​ប្រភព​ដែល​បាន​​​​ចុះ​ផ្សាយ​​ពី​​កាសែត​អេស្ប៉ាញ​ Mundo Deportivo ។ តម្លៃ​ខ្លួន​ផ្ទេរ​ជាប់​កុងត្រា​របស់​ Coutinho នា​ពេល​នេះ​គឺ​​ ៤០០ លាន​អឺរ៉ូ​ឯណោះ​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ PSG បាន​បញ្ចូន​សំណើ​​មួយ​រួច​ជា​​ស្រេច​ទៅ​កាន់​ភ្នាក់ងារ​របស់​កីឡាករ​​នៃ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​​ដោយ​រំពឹង​ថា​សំណើ​នោះ​​នឹង​ត្រូវ​បាន​បញ្ចូន​បន្ត​ទៅ​កាន់​ Barcelona ។

​Coutinho គឺ​​ជា​មិត្ត​ភក្ដិ​ជិត​ស្និត​បំផុត​មួយ​រូប​របស់​​​​ Neymar ខ្សែ​ប្រយុទ្ធ​ឆ្នើម​​ដែល​ត្រូវ​​​បាន​ក្រុម​ PSG ​​​ចុះ​ហត្ថលេខា​ទិញ​ពី Barcelona ក្នុង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពិភពលោក​ ២០០ លាន​​អឺរ៉ូ​កាល​ពី​រដូវក្ដៅ​ឆ្នាំ​ទៅ​។ ហើយ​​ PSG ទំនង​ជា​ចង់​យក​​ Coutinho មក​លេង​ជាមួយ​ Neymar ក្នុង​គោល​បំណង​តែ​មួយ​គត់​គឺ​​ចង​​ចិត្ត​​​​ Neymar កុំ​ឲ្យ​​​ចង់​ចាក​ចេញ​ពី​ក្រុម​របស់​ពួក​គេ​​ ចំពេល​ដែល​​ពាក្យ​ចរចាម​អារ៉ាម​បាន​ផ្សា​ភ្ជាប់​តារា​សំខាន់​​នៃ​ក្រុម​ជម្រើស​ប្រេស៊ីល​​​រូប​នេះ​ជាមួយ​ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid ។

ប្រែ​សម្រួល​ ៖ ភក្ដី