ផ្លូវការ​!!! ខ្សែ​បម្រើ​ប្រេស៊ីល​ Paulinho បាន​ត្រលប់​ទៅ​លេង​ឲ្យ​ក្លិប​ចិន​វិញ​ បន្ទាប់​ពី​​លេង​នៅ​ Barca បាន​មួយ​ឆ្នាំ​

6

ខ្សែ​បម្រើ​ប្រេស៊ីល​ Paulinho បាន​វិល​ត្រលប់​ទៅ​​ចុះ​ចូល​ជាមួយ​ក្លិប​ Guangzhou Evergrande របស់​ចិន​វិញ​ បន្ទាប់​ពី​​គាត់​ផ្លាស់​ទៅ​​ជ្រក​កោន​​នៅ​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona បាន​មួយ​រដូវកាល​ ខណៈ​ដែល​ដំណើរ​នៃ​ការ​វិល​ត្រលប់​របស់​កីឡាករ​វ័យ​ ២៩ ឆ្នាំ​រូប​នេះ​​ទៅ​កាន់​​លីក​របស់​ចិន​វិញ​គឺ​ត្រូវ​បាន​ប្រកាស​នា​ថ្ងៃ​អាទិត្យ​​ដោយ​ក្លិប​ Guangzhou ។

Paulinho ត្រូវ​បាន​​ Barcelona ទិញ​​ពី​ក្រុម​ Guangzhou ក្នុង​តម្លៃ​ ៤០ លាន​អឺរ៉ូ​កាល​ពី​រដូវក្ដៅ​ឆ្នាំ​ទៅ​​ និង​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ៩ គ្រាប់​​ឲ្យ​ក្រុម​នៃ​លីក​កំពូល​របស់​អេស្ប៉ាញ​មួយ​នេះ​នៃ​ការ​ប្រកួត​​ក្នុង​​លីក​​ ខណៈ​ដែល​ Barcelona បាន​លើក​ពាន​ La Liga ។ ហើយ​បើ​យោង​តាម​​ប្រភព​ពី​អេស្ប៉ាញ​បាន​បង្ហើប​​ឲ្យ​ដឹង​ថា​​ Paulinho ​​ទទួល​​​បាន​ចំណូល​​ស្ទើរ​តែ​​​ទ្វេរ​ជា​ពីរ​​​ទៅ​លើ​ចំណូល​របស់​គាត់​ ដោយ​កើន​ពី​ ៨.៥ លាន​អឺរ៉ូ​ក្នុង​មួយ​​ឆ្នាំ​​ទៅ​កាន់​ ១៥ លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​។

យ៉ាង​ណា​មិញ​ការ​ផ្ទេរ​របស់​ Paulinho ទៅ​ក្លិប​ចិន​វិញ​គឺ​​ស្ថិត​ក្នុង​កុងត្រា​ខ្ចី​ជើង​​ពី​ Barcelona ប៉ុណ្ណោះ​ ពុំ​មាន​ជា​ការ​ផ្ទេរ​ជា​អចិន្ដ្រៃយ៍​​ឡើយ​។ “កម្រិត​នៃ​ក្របខ័ណ្ឌ​បាល់ទាត់​របស់​ចិន​​បាន​រីក​ចម្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។” Paulinho បាន​និយាយ​។ “ហើយ​បន្ទាប់​ពី​ការ​ហ្វឹកហាត់​នៅ​ Guangzhou Evergrande និង​ Barcelona និង​ការ​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​នៅ​ឯ​ព្រឹត្តិការណ៍​ World Cup បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​បាន​នូវ​បទពិសោធន៍​ដ៏​ល្អ​។ ខ្ញុំ​​បាន​​សម្រេច​ចិត្ត​ត្រលប់​ទៅ​លេង​នៅ​លីក​របស់​ចិន​វិញ​​នា​ពេល​នេះ​ដោយ​សង្ឃឹម​ថា​​នឹង​អាច​នាំ​យក​ជ័យជម្នះ​កាន់​តែ​ច្រើន​​​សម្រាប់​ Guangzhou និង​អ្នក​គាំទ្រ​របស់​ពួក​​គេ​។ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ផង​ដែរ​ថា​នឹង​អាច​នាំ​យក​ភាព​រំភើប​រីករាយ​​សម្រាប់​​​ក្របខ័ណ្ឌ​កំពូល​របស់​ចិន​​កាន់​តែ​ច្រើន​។”

ប្រែ​សម្រួល​ ៖ ភក្ដី