គាត់​​ទៅ​ហើយ​!!! Rooney បាន​​ចាក​ចេញ​ពី​ទឹក​ដី​កំណើត​ដើម្បី​ទៅ​លេង​ឲ្យ​ក្លិប​សហរដ្ឋ​អាមេរិក​

23

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Everton កីឡាករ​ Wayne Rooney បាន​ទៅ​ចុះ​​ចូល​ជាមួយ​ក្លិប​ DC United ដែល​ជា​ក្លិប​​នៃ​លីក​កំពូល​របស់​សហរដ្ឋ​អាមេរិក​ “Major League Soccer” ជាមួយ​នឹង​កុងត្រា​រយៈ​ពេល​ ៣ កន្លះ​។ គាត់​នឹង​​បញ្ចប់​ការ​ផ្ទេរ​របស់​ខ្លួន​ជា​ផ្លូវការ​​​ នៅ​ពេល​ដែល​​រដូវកាល​ដោះ​ដូរ​កីឡាករ​ពាក់​កណ្ដាល​រដូវកាល​នៅ​​ Major League Soccer បើក​ទ្វារ​នៅ​ថ្ងៃ​ទី ១០ កក្កដា​​។ ហើយ​ការ​ផ្ទេរ​នេះ​គឺ​មិន​មាន​តម្លៃ​ខ្លួន​ទេ​ ប៉ុន្តែ​គេ​ជឿ​ថា​ DC United បាន​យល់​ព្រម​​ផ្ដល់​​ឲ្យ​នូវ​កញ្ចប់​សំណង​ខ្លះ​សម្រាប់​ Everton ។

កុងត្រា​របស់​កីឡាករ​​សញ្ជាតិ​អង់គ្លេស​ វ័យ​ ៣២ ឆ្នាំ​​​រូប​នេះ​គឺ​មាន​តម្លៃ​រហូត​ដល់​​ទៅ​ ១០ លាន​ផោន​ ដែល​មាន​ន័យ​ថា​គាត់​នឹង​ក្លាយ​ជា​កីឡាករ​ដែល​មាន​ចំណូល​ខ្ពស់​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ដ្រ​​របស់​ក្រុម​ DC United ។ ហើយ​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ និង​ក៏​ជា​អតិត​​ខ្សែ​ប្រយុទ្ធ​​របស់​​ក្រុម​បិសាច​ក្រហម Manchester United រូប​នេះ​នឹង​ធ្វើ​ការ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ឲ្យ​ DC United នៅ​ពេល​ក្លិប​បើក​ទ្វារ​កីឡដ្ឋាន​​ ​Audi Field ថ្មី​របស់​ពួក​គេ​ដែល​ផ្ទុក​​អ្នក​ទស្សនា​បាន​ ២ ម៉ឺន​​នាក់​នៅ​ថ្ងៃ​ទី​ ១៤ កក្កដា​​។ “ការ​ផ្លាស់​ទៅ​លេង​នៅ​លីក​របស់​សហរដ្ឋ​​អាមេរិក​គឺ​ជា​ការ​បំពេញ​បាន​នូវ​មហិច្ឆតា​មួយ​ផ្សេង​ទៀត​សម្រាប់​ខ្ញុំ​។” Rooney បាន​និយាយ​។ “ខ្ញុំ​មាន​ការ​ស្រេក​ឃ្លាន​​នឹង​​ភាព​ជោគជ័យ​នៅ​ទីនេះ​​ ហើយ​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​ DC United ឲ្យ​អស់​ ១០០% ដូច​កាល​ដែល​ខ្ញុំ​លេង​ឲ្យ​ក្លិប​​មុនៗ​ដែរ​។ ពេល​នេះ​ខ្ញុំ​អន្ទះ​សារ​ជា​ខ្លាំង​ក្នុង​ការ​ដើរ​ចូល​ទីលាន​ប្រកួត​ជាមួយ​អាវ​ DC United និង​ចូល​រួម​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​ដើម្បី​នាំ​យក​ភាព​ជោគជ័យ​ជូន​ក្លិប​មួយ​នេះ​។”

ប្រែ​សម្រួល​ ៖ ភក្ដី