Pogba ថា​ World Cup ឆ្នាំ​ ២០១៨ នេះ​អាច​នឹង​ជា​ឱកាស​ចុង​ក្រោយ​​​សម្រាប់​គាត់​​ក្នុង​ការ​​លេង​ឲ្យ​បារាំង​

11

ខ្សែ​បម្រើ​ Paul Pogba ចង់​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង​របស់​គាត់​ឈ្នះ​ពាន​ World Cup ឆ្នាំ​ ២០១៨ ខណៈ​ដែល​គាត់​​ទំនង​ជា​នឹង​មិន​ចូល​រួម​ជាមួយ​ជម្រើស​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​ពាន​​រង្វាន់​បាល់ទាត់​ពិភពលោក​នា​ពេល​អនាគត​ទៀត​​ទេ​។ ខ្សែ​បម្រើ​​របស់​ក្រុម​បិសាច​ក្រហម​ Manchester United រូប​នេះ​បាន​ជួយ​បារាំង​ទទួល​ជ័យជម្នះ​លើ​​អូស្ដ្រាលី​ និង​ប៉េរ៉ូ​​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល​ C នៃ​ការ​ប្រកួត​ពាន​ World Cup និង​បាន​កក់​កៅអី​ឡើង​​វគ្គ​ ១៦ ក្រុម​ទាំង​នៅ​សល់​មួយ​ប្រកួត​ទៀត​ក្នុង​ដៃ​។

ហើយ​នៅ​ថ្ងៃ​អង្គារ​​ខាង​មុខ​​នេះ​​បារាំង​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​លេខ​ ២ ក្នុង​ពូល​របស់​ពួក​គេ​ គឺ​ក្រុម​ជម្រើសជាតិ​ដាណឺម៉ាក​ ខណៈ​ដែល​ទម្រង់​លេង​របស់​​ Pogba ជា​ថ្មី​ម្ដង​ទៀត​​កំពុង​ត្រូវ​បាន​ស្ថិត​ក្រោម​ការ​រិះ​គន់​។ តែ​ទោះ​ជា​យ៉ាង​ណា​ Pogba ថា​គាត់​មិន​​​ខ្វល់​​ជាមួយ​អ្វី​ដែល​អ្នក​រិះ​គន់​របស់​​ខ្លួន​និយាយ​នោះ​ទេ​ ប៉ុន្តែ​​ជំនួស​មក​វិញ​គឺ​គាត់​បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ជួយ​ឲ្យ​បារាំង​លើក​ពាន​​ World Cup ។ “ប្រហែល​ជា​​នេះ​គឺ​ជា​ឱកាស​ចុង​ក្រោយ​​ហើយ​ដែល​ខ្ញុំ​​មាន​​វត្តមាន​​នៅ​ World Cup ។” កីឡាករ​វ័យ​ ២៥ ឆ្នាំ​រូប​នេះ​បាន​ប្រាប់​អ្នក​យក​ពត៌មាន​​។ “ហើយ​យើង​​សុទ្ធ​តែ​មិន​ដឹង​ដូចគ្នា​។ ខ្ញុំ​ពិត​ជា​​ពេញ​ចិត្ត​ចំពោះ​​​​ខ្លួន​​ឯង​។ ខ្ញុំ​នឹង​បំភ្លេច​ចោល​នូវ​ពាក្យ​រិះគន់​ និង​លះ​បង់​​គ្រប់​យ៉ាង​ដើម្បី​ក្រុម​ជម្រើស​ជាតិ​​បារាំង​របស់​ខ្ញុំ​។ ខ្ញុំ​ពិត​ជា​ចង់​ឈ្នះ​ពាន World Cup ​នេះ​ណាស់​។”

នៅ​ពេល​​ត្រូវ​បាន​គេ​សួរ​​​​ថា​ហេតុអ្វី​គាត់​និយាយ​ថា​ World Cup ឆ្នាំ​ ២០១៨ នេះ​អាច​នឹង​ជា​​ឱកាស​ចុង​ក្រោយ​សម្រាប់​គាត់​ Pogba បាន​ឆ្លើយ​តប​ទៅ​វិញ​ថា​ ៖ “ខ្ញុំ​មាន​ភាព​ប្រាកដ​និយម​​ចំពោះ​ការ​ពិត​មួយ​​ដែល​ថា​​វា​អាច​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រកួត​ World Cup ចុង​ក្រោយ​សម្រាប់​ខ្ញុំ​​។ យើង​មិន​អាច​ដឹង​ឡើយ​ថា​នឹង​មាន​អី​កើត​ឡើង​នៅ​ថ្ងៃ​​ស្អែក​។ ប្រហែល​ជា​ខ្ញុំ​អាច​នឹង​របួស​​ ឬ​មួយ​ក៏​មាន​កីឡាករ​ណា​ផ្សេង​​ទៀត​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ជាមួយ​គ្នា​នេះ​គាត់​មាន​ភាព​លេច​ធ្លោ​ជាង​ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​ខ្លួន​ខ្ញុំ​អាច​បង្ហាញ​ខ្លួន​​នៅ​ World Cup បាន​ច្រើន​ជាង​មួយ​ដង​​ ខណៈ​ដែល​កីឡាករ​ខ្លះ​​​​មិន​បាន​បង្ហាញ​ខ្លួន​សូម្បី​តែ​មួយ​ដង​ផង​នៅ​ World Cup ក្នុង​អាជីព​របស់​ពួក​គេ​។”

ប្រែ​សម្រួល​ ៖ ភក្ដី