លទ្ធផល៣គូក្រកួតយប់ថ្ងៃសៅរ៍៖ ប៊ែលហ្ស៊ិក ឈ្នះទុយនេស៊ី 5-2. មិចស៊ិក បំបាក់កូរ៉េខាងត្បូងចេញពី World Cup 2018 ឯអាល្លឺម៉ង់ ឈ្នះ ស៊ុយអែត 2-1

5

(ម៉ូស្គូ)​ នាយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ការប្រកួត World Cup 2018 នៅរុស្ស៊ី មាន៣គូក្នុងនោះមាន៖ ប៊ែលហ្ស៊ិក​ ឡើងទៅវគ្គ១៦ក្រុម​ ក្រោយឈ្នះទុយនេស៊ី​ ៥-២, មិចស៊ិក​ ទាត់ទម្លាក់កូរ៉េខាងត្បូង​ចេញពី​ World Cup 2018 ខណៈអាល្លឺម៉ង់ បំបាក់ ស៊ុយអែត នៅចុងម៉ោង។

ទី១៖ ប៊ែលហ្ស៊ិក​ ជាប្រទេសទី៥​ កក់កៅអីវគ្គ១៦ក្រុម​ ក្រោយឈ្នះទុយនេស៊ី​

ក្រុមបាល់ទាត់ជម្រើសជាតិប៊ែល​ហ្ស៊ិក​ បានឈ្នះកៅអីមួយ​ ដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិហើយនៃ​ FIFA World Cup 2018 នៅរុស្ស៊ី​ ក្រោយបំបាក់ទុយនេស៊ី​ ៥-២។ នេះជាជ័យជម្នះទី២​ សម្រាប់ក្រុមនៅអឺរ៉ុប​ ប៊ែលហ្ស៊ិក​ ដោយរកបាន៦ពិន្ទុពេញនៃវគ្គសន្សំពិន្ទុពូល​ G ក្រោយបំបាក់ប៉ាណាម៉ា​ ៣-០​ កាលពីប្រកួតក្នុងជុំទី១​ ស្របពេលអង់គ្លេសក៏បានយកឈ្នះទុយនេស៊ី​ ២-១​ ដែរនោះ។

Eden Hazard ជាអ្នកទាត់បាល់ប៉េណាល់ទីពិន័យ​ ១១ម៉ែត្រឲ្យប៊ែលហ្ស៊ិកនៅនាទីទី៦​ មុនពេលបន្ថែម២គ្រាប់ទៀត​ដោយ​ Romelu Lukaku ដែលរកបាន៤គ្រាប់ច្រើនជាងគេ​ ស្មើនឹង​ Cristiano Ronaldo នៃក្រុមជម្រើសជាតិព័រទុយហ្គាល់​ ក្នុង​ World Cup លើកទី២១នេះ​ និងគ្រាប់ទី៤​ ដោយ​ Hazard ដដែលនៅនាទីទី៥៤ និងគ្រាប់ទី៥​ នៅទីទី៩០​ និងទុយនេស៊ី​ រកបាន២គ្រាប់ដែរនៅនាទីទី១៨​ និងនាទីទី៩០+៣។

ប៊ែលហ្ស៊ិកបានក្លាយេជាក្រុមទី៥​ ក្នុងចំណោម​ ៣២ប្រទេសដែលបានកក់កៅអីវគ្គ១៦ក្រុម​ បន្ទាប់ពីអ៊ុយរ៉ាហ្គាយ​ បារាំង​ ក្រូអាត​ និងម្ចាស់ផ្ទះរុស្ស៊ី​ ហើយក្រុមមកពីអាហ្រ្វិក​ ទុយនេស៊ី​ ក៏បានកក់សំបុត្រយន្តហោះទៅផ្ទះវិញផងដែរជាមួយ​ អេហ្ស៊ីប​ អារ៉ាប៊ីសាអូឌីត​ ម៉ារ៉ុក​ ប៉េរូ​ និងកូស្តារីកា។

ទី២៖ មិចស៊ិក​ និង កូរ៉េខាងត្បូង

ក្រុមបាល់ទាត់មកពីតំបន់អាមេរិកខាងជើង​ មិចស៊ិក​ បានទម្លាក់ក្រុមអាស៊ី​ កូរ៉េខាងត្បូង ត្រឹមវគ្គចែកពូល​ F ដោយលទ្ធផល​ ២-១​ នៃព្រឹត្តិការ​ណ៍​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។ ៣ពិន្ទុបន្ថែមនេះដែរ​ បានជួយឲ្យមិចស៊ិក​ រកបាន៦ពិន្ទុពេញឈរនៅកំពូលតារាង​ ក្រោយយកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់​ ១-០​ ដែរនោះនៅថ្ងៃបើកឆាកពូល​ F ដោយនៅសល់១ប្រកួតបង្រ្គប់កិច្ចត្រូវជួបស៊ុយអែត។

Carlos Vela ជាអ្នករកគ្រាប់ទី១​ ឲ្យមិចស៊ិក​ ពីការទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទីទី២៦​ មុនពេលមិត្តរួមក្រុម​ Jevier Hernandez រកបានគ្រាប់ទី២​ នៅនាទីទី៦៦​ និង១គ្រាប់របស់កូរ៉េខាងត្បូង កើតឡើងនៅនាទីទី៩០+៥​ នៅពីមុខប្រធានាធិបតីកូរ៉េខាងត្បូង​ ដែលចូលរួមទស្សនាដោយផ្ទាល់ក្នុងកីឡដ្ឋានស្ថិតក្នុងទីក្រុង​ Rostov។

មិចស៊ិក​ បានក្លាយជាក្រុមទី៦​ ដែលបានឈ្នះកៅអីទៅវគ្គ១៦​ក្រុម​នៃ​ World Cup 2018 ខណៈកូរ៉េខាងត្បូង​ បានក្លាយជាក្រុមអាស៊ីទី២​ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត​ ដែលហាលអាវ​ នៅសល់តែអ៊ីរ៉ង់​ និងជប៉ុនប៉ុណ្ណោះ​ ក្នុងចំណោម៤ក្រុមដែលឡើងទៅលេង​ World Cup លើកទី២១នេះ​ តំណាងអោយទ្វីបអាស៊ី។

ទី៣៖ អាល្លឺម៉ង់​ ឈ្នះ ស៊ុយអែត​ ២-១​ មានសង្ឃឹមឡើងវិញ​ នៅ​ World Cup 2018

ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់​ រកបាន៣ពិន្ទុដំបូង​ ក្រោយឈ្នះស៊ុយអែត​ ២-១​ នៃ​ World Cup 2018 នៅប្រទេសរុស្ស៊ី។ ការរកបាន​ ៣ពិន្ទុនេះបានធ្វើឲ្យក្រុមការពារ តំណែងជើងឯក​ អាល្លឺម៉ង់​ ឡើងទៅឈរនៅលេខ២ ក្នុងពូល​ F មានកូរ៉េខាងត្បូង​ ហាលអាវឈរលេខ៤​ ស៊ុយអែតលេខ៣ និង មិចស៊ិក​ លេខ១​ ក្នុងពូល។ អាល្លឺម៉ង់​ មិនភ័យព្រួយឡើយពេលជួបកូរ៉េខាងត្បូង​ នៅជុំទី៣​ ខណៈស៊ុយអែត​ ត្រូវការឈ្នះពេលប៉ះ មិចស៊ិក​ នាសប្តាហ៍ក្រោយ៕