អតីត​ខែល​ការពារ​របស់​ Real Madrid មួយ​រូប​សរសើរ​ Modric ​ថា​ជា​កីឡាករ​​លេខ​ ១០ ល្អ​បំផុត​លើ​ពិភពលោក​

4

អតីត​ខ្សែ​ការពារ​របស់​ក្រុម​​​ Real Madrid កីឡាករ​ Alvaro Arbeloa ជឿ​ជាក់​ថា​ខ្សែ​បម្រើ​ Luka Modric គឺ​ជា​កីឡាករ​ដែល​ពាក់​លេខ​ ១០ ល្អ​បំផុត​នៅ​​លើ​ពិភពលោក​។ Modric បាន​បង្ហាញ​ខ្លួន​ និង​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​ក្រូអាត​លត់​ក្រុម​​​ជម្រើស​ជាតិ​អាហ្សង់ទីន​ដោយ​លទ្ធផល​ ៣-០ នៃ​ការ​ប្រកួត​ពាន​​ World Cup នា​វគ្គ​ជម្រុះ​ក្នុង​ពូល​ D ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​ ខណៈ​ដែល​គាត់​ក៏​រក​បាន​​គ្រាប់​បាល់​​បញ្ចូល​ទី​មួយ​គ្រាប់​ផង​ដែរ​​​ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​​ឆ្នើម​អាហ្សង់ទីន​​​ Lionel Messi ដែល​ក៏​ពាក់​​​​អាវ​លេខ​ ១០ ដូច​ Modric ដែរ​នោះ​​កំពុង​តែ​ត្រដរ​ខ្យល់​ បន្ទាប់​ពី​ ២ ប្រកួត​របស់​ពួក​គេ​​​រក​​​ជ័យជម្នះ​​​មិន​ទាន់​ឃើញ​(ស្មើ​​ពេល​ប៉ះ​​អ៊ីស្លង់​ និង​ចាញ់​​ពេល​ប៉ះ​ជាមួយ​​ក្រូអាត​)។

Alvaro Arbeloa អតីត​ខ្សែ​ការពារ​របស់​ក្រុម​​​ Real Madrid

ទន្ទឹម​នឹង​ការ​បង្ហាញ​​ទម្រង់​លេង​ល្អ​ពី​សំណាក់​​ Modric បាន​ធ្វើ​ឲ្យ​ Arbeloa ដែល​បាន​ចំណាយ​ពេល​អស់​ ៧ រដូវកាល​លេង​នៅ​ក្លិប​អេស្ប៉ាញ​ Real Madrid រូប​នេះ​ជឿ​ថា​ Modric ពិត​ជា​សម​ជា​កីឡាករ​ពាក់​លេខ​ ១០ ដែល​ល្អ​​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​។ “កីឡាករ​ពាក់​លេខ​ ១០ ដែល​ល្អ​បំផុត​​នៅ​ក្នុង​ពិភពលោក​គឺ​ Luka Modric ។” Arbeloa បាន​សរសេរ​យ៉ាង​ដូច្នេះ​នៅ​​លើ​ទំព័រ​បណ្ដាញ​សង្គម​ Twitter របស់​គាត់​ដោយ​បាន​​អម​មក​ជាមួយ​នូវ​រូប​​​របស់​ Modric ផង​ដែរ​។ Modric រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ២ គ្រាប់​ហើយ​​នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ពាន​បាល់​ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​ ខណៈដែល​​​ជម្រើស​ជាតិ​របស់​គាត់​​កំពុង​បោះ​ជំហាន​ទៅ​កាន់​វគ្គ​ ១៦ ក្រុម​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៨ ។

ប្រែ​សម្រួល​ ៖ ភក្ដី