ព័រទុយហ្គាល់​ឡើង​ឈរ​លេខ​ ១ ក្នុង​ពូល​ ខណៈ​ដែល​ម៉ារ៉ុក​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ដែល​ធ្លាក់​ចេញ​ពី​ World Cup ឆ្នាំ​ ២០១៨ នេះ​

20

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​បន្ត​ការ​បង្ហាញ​ទម្រង់​លេង​ល្អ​របស់​ខ្លួន​​នៅ​ក្នុង​ការ​ប្រកួត​នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​ទម្លាក់​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក​ចេញ​ពី​ការ​ប្រកួត​នោះ​​ដោយ​លទ្ធផល​មួយ​គ្រាប់​ទល់​នឹង​សូន្យ​ ដែល​ជា​ការ​ធ្វើ​បាន​សម្រេច​ចិត្ត​​ដោយ​ Ronaldo ក្រោយ​ចាប់​ផ្ដើម​ការ​ប្រកួត​​ទើប​​តែ​បាន​ ៤ នាទី​។ ហើយ​គ្រាប់​បាល់​ដែល​គាត់​​ទម្លុះ​សំណាញ់​ទី​របស់​ម៉ារ៉ុក​នោះ​ដែរ​គឺ​ជា​គ្រាប់​បាល់​ទី​ ៤ ហើយ​ដែល​ Ronaldo រក​បាន​នៅ​ World Cup បន្ទាប់​​ពី​គាត់​រក​បាន​ស​ម្រេច​ ៣ គ្រាប់​​រួច​មក​ហើយ​កាល​ពី​​ប្រកួត​ជាមួយ​អេស្ប៉ាញ​​ដែល​បាន​បញ្ចប់​ដោយ​លទ្ធផល​ ៣ ស្មើ​។

ជ័យជម្នះ​នេះ​​ដែរ​បាន​នាំ​​ព័រទុយហ្គាល់​​ដែល​ជា​ក្រុម​​ម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប​មួយ​នេះ​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​នៃ​ពូល​ B ដែល​មាន​អ៊ីរ៉ង់​ ​អេស្ប៉ាញ​ និង​​ម៉ារ៉ុក​នៅ​ពី​ក្រោយ​។ ចំណែក​ម៉ារ៉ុក​​ដែល​កាល​ពី​សប្ដាហ៍​មុន​បាន​បរាជ័យ​ក្នុង​ការ​​ដេញ​ថ្លៃ​យក​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​ World Cup ឆ្នាំ​ ២០២៦ មួយ​នេះ​​បាន​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ដែល​ត្រូវ​បាន​ជម្រុះ​ចេញ​ពី​ World Cup ឆ្នាំ​នេះ​ បើ​ទោះ​បី​ជា​នៅ​សល់​មួយ​ប្រកួត​ទៀត​នៅ​ក្នុង​ដៃ​ដែល​ពួក​គេ​​នឹង​​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​ម្ចាស់​ជើង​ឯក​ពាន​ World Cup ​ឆ្នាំ​ ២០១០ អេស្ប៉ាញ​​នៅ​ថ្ងៃ​ ២៦ ខាង​មុខ​។ ម៉ារ៉ុក​ដែល​បាន​ឡើង​មក​លេង​នៅ​ World Cup ជា​លើក​ដំបូង​ក្នុង​​រយៈ​ពេល​ ២០ ឆ្នាំ​កន្លង​មក​នេះ​មួយ​នេះ​ត្រូវ​បាន​អ៊ីរ៉ង់​ផ្ដួល​ដោយ​លទ្ធផល​ ១-0 កាល​ពី​​ថ្ងៃ​បើក​ឆាក​​ការ​ប្រកួត​នៅ​ក្នុង​ពូល​របស់​ពួក​គេ​។

ប្រែ​សម្រួល​ ៖ ភក្ដី