លទ្ធផល៣គូប្រកួតនៅយប់ថ្ងៃអង្គារ៍ ជប៉ុនឈ្នះក្រុមខ្លាំង កូឡុំប៊ី, សេណេហ្គាល់ ឈ្នះប៉ូឡូញ រុស្ស៊ី បំបាក់អេហ្ស៊ីប

11

(រុស្ស៊ី) ទី១៖ ក្រុមបាល់ទាត់សាម៉ូរៃជប៉ុន​ បានយកឈ្នះក្រុមខ្លាំងកូឡុំប៊ី​ ២-១​ ដើម្បីទទួលបាន​ ៣ពិន្ទុឡើងទៅឈរលេខ១​ បណ្តោះអាសន្ននៃពូល​ H ក្នុង​ World Cup 2018 នៅប្រទេសរុស្ស៊ី។ ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន​ Mordovia Arena ជប៉ុន​ បាននាំមុខ១គ្រាប់ដោយបាល់ប៉េណាល់ទី១១ម៉ែត្រ​ ត្រឹមចាប់លេងបាន៤នាទីប៉ុណ្ណោះ​ ទាត់ដោយកីឡាករ​ Shinji Kagawa នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ​ ៤២៨២៥នាក់។ យ៉ាងណាមិញ​ កូឡុំប៊ីបានតាមស្មើ​ ១-១​ នៅនាទីទី៣៩​ ដោយបាល់ហ្រ្វីឃីក​ មុនពេលកីឡាករជប៉ុន​ តែតគ្រាប់ជ័យជម្នះនៅនាទីទី៧៣។

តាមរយ:ជ័យជន្នះនេះដែរ​ បានធ្វើឲ្យក្រុមខ្លាំងនៅអាស៊ីសងសឹកកូឡុំប៊ីបានសម្រេចវិញ​ ក្រោយពួកគេបានចាញ់ស្ពឹកមុខកាលពី​ World Cup 2014 នៅប្រេស៊ីល​ ក្នុងវគ្គសន្សំពិន្ទុក្នុងពូលដូចគ្នា។

ទី២៖ ក្រុមបាល់ទាត់មកពីតំបន់អាហ្រ្វិក​ សេណេហ្គាល់​ បានយកឈ្នះក្រុមនៅអឺរ៉ុប​ ប៉ូឡូញ​ ២-១​ ពីការជួបគ្នាលើកទី១ជាប្រវត្តិសាស្រ្ត​ នៅ​ FIFA World Cup 2018 ដែលរុស្ស៊ីធ្វើម្ចាស់ផ្ទះ។ ក្នុងជំនួបដ៏ស្វិតស្វាញដែលបានធ្វើឡើងនៅកីឡដ្ឋាន​ Spartak Stadium មានអ្នកទស្សនាផ្ទាល់ប្រមាណ​ ៤៤១៩០នាក់​ កីឡាករខ្សែការពារ ប៉ូឡូញធ្វេសប្រហែសធ្វើឲ្យបាល់ចូលទីខ្លួនឯងនៅនាទីទី៣៧​ មុនពេលគ្រាប់ទី២​ កើតឡើងនៅនាទីទី៦០។

ចំណែក១គ្រាប់របស់ប៉ូឡូញវិញ កើតឡើងនៅនាទីទី៨៦​ តែយឺតពេលបាត់ទៅហើយ ដោយធ្លាក់ទៅឈរបាតតារាងបណ្តោះអាសន្ននៃពូល​ H ចុងក្រោយគេ។

ទី៣៖ ក្រុមបាល់ទាត់របស់ម្ចាស់ផ្ទះរុស្ស៊ី បានកក់កៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយមុនគេ បន្ទាប់ពីបំបាក់អេហ្ស៊ីប ៣-១ នៅ World Cup 2018 ប្រចាំពូល A។ នេះជាជ័យជម្នះលើកទី២ របស់រុស្ស៊ី បន្ទាប់ពីបំបាក់អារ៉ាប៊ីសាអូឌីត ៥-០ កាលពីថ្ងៃបើកឆាក ក្នុងនាមជាក្រុមរកបាន ៦ពិន្ទុពេញ ដោយនៅសល់១ប្រកួតទៀតត្រូវជួប អ៊ុយរូហ្គាយនៅថ្ងៃទី២៨ ខែមិថុនា។

គ្រាប់ទី១ របស់រុស្ស៊ីកើតឡើងនៅនាទីទី៤៧ មុនគ្រាប់ទី២ ធ្វើបានសម្រេចនៅនាទី៥៩ និងគ្រាប់ទី៣ កើតឡើងនៅនាទីទី៦២ និង១គ្រាប់របស់ក្រុមមកពីទ្វីបអាហ្រ្វិក អេហ្ស៊ីប កើតឡើងនៅនាទីទី៧៣ ដោយបាល់ពិន័យ ១១ម៉ែត្រទាត់ដោយ Mohamed Salah នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៦៤៤៦៨នាក់នៅក្នុងកីឡដ្ឋាន Saint Petersburg Stadium៕