លទ្ធផល៤គូប្រកួត Wolrd Cup 2018 យប់ថ្ងៃសៅរ៍

9

(រុស្ស៉ី) ការប្រកួត World Cup 2018 នៅរុស្ស៊ី នាយប់ថ្ងៃសៅរ៍ទី១៦ ខែមិថុនា ឆ្នាំ២០១៨ មានរហូតដល់៤គូ ក្នុងនោះមាន៖ បារាំង​ ឈ្នះអូស្រ្តាលី​, អាហ្សង់ទីន​ ស្មើជាមួយ អាយឡែន, ដាណាម៉ាក​ ឈ្នះប៉េរូ​ និង ក្រូអាត ឈ្នះនីហ្សេរីយ៉ា។

ទី១៖ បារាំង ឈ្នះ អូស្រ្តាលី​ (២-១)

ក្រុមបាល់ទាត់ជម្រើសជាតិបារាំង​ រកបាន៣ពិន្ទុនៅថ្ងៃបើកឆាកនៃពូល​ C ក្រោយឈ្នះអូស្រ្តាលី​ ២-១​ នៅ​ World Cup 2018។ កីឡាករខ្សែប្រយុទ្ធ​ Antoine Griezmann ជាអ្នករកគ្រាប់បែកពងមាន់​ ដោយបាល់ប៉េណាល់ទីនៅនាទីទី៥៨​ និងរំលងបានតែ៤នាទីអូស្រ្តាលីតាមស្មើ​ ១-១​ វិញ។ ការប្រកួតអូសបន្លាយរហូតដល់នាទីទី៨២​ ទើបកីឡាករ​ Paul Pogba រកគ្រាប់ជ័យជម្នះ​ ២-១​ជួយបារាំងឡើងឈរលេខ១​ នៃពូល​ C បណ្តោះអាសន្ន​។

ទី២៖ អាហ្សង់ទីន ស្មើអាយឡែន (១-១)

ការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិអាហ្សង់ទីន​ ប៉ះ អាយឡែន​ បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា​ ១-១​ ប្រចាំពូល​ D នៃ​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។

អាហ្សង់ទីន​ ជាអ្នកស៊ុតគ្រាប់នាំមុខមុន​ នៅនាទីទី១៩​ មុនពេល អាយឡែន តាមបានស្មើវិញ​ នៅ៤នាទីបន្ទាប់បន្តរហូតដល់ចប់ការប្រកួតពេញម៉ោង៩០នាទី។ លុះចូលដល់វគ្គទី២​ អាហ្សង់ទីន មានឱកាសនាំមុខ​ តែកីឡាករខ្សែប្រយុទ្ធ​ Lionel Messi ទាត់បាល់ប៉េណាល់ទី១១ម៉ែត្រ អត់ចូលនៅនាទីទី៦៤​ គួរអោយស្តាយ។

ទី៣៖ ដាណាម៉ាក ឈ្នះ ប៉េរូ (១-០)

ក្រុមបាល់ទាត់ស្ថិតក្នុងទ្វីបអឺរ៉ុប​ ដាណាម៉ាក​ បានយកឈ្នះគូប្រជែង​ប៉េរូ​ ១-០​ ដើម្បីបាន​ ៣ពិន្ទឡើងទៅឈរលេខ២​ ពូល​ C បណ្តោះអាសន្ននៃ​ World Cup 2018 នៅរុស្ស៊ី។ ១គ្រាប់ជ័យជម្នះរបស់ដាណាម៉ាក​ កើតឡើងនៅនាទី៥៩​ ដោយកីឡាករ​ Yussuf Poulsen ក្រោយទទួលបាល់ពី​ Christian Erikesn។ ជ័យជម្នះនេះក៏ផ្តល់ការខកចិត្ត ដល់ក្រុមពីអាមេរិឡាំទីន​ ប៉េរូ​ ខណ:ប៉េណាល់ទី១គ្រាប់អត់ចូល នៅចុងម៉ោងនៃវគ្គទី១​ ដោយធ្លាក់ទៅឈរនៅបាតតារាងនៃពូល​ C ស្របពេលបារាំង​ លេខ១​ បន្ទាប់ពីឈ្នះ​ អូស្រ្តាលី​ ២-១។

ទី៤៖ ក្រូអាត ឈ្នះ នីហ្សេរីយ៉ា (២-០)

ក្រុមបាល់ទាត់ជម្រើសជាតិ ក្រូអាត​ បានលត់ក្រុមពីអាហ្រ្វិក​ នីហ្សេរីយ៉ា​ ២-០​ ដើម្បីទទួលបាន​ ៣ពិន្ទុឡើងឈរកំពូលតារាងនៃពូល​ D បណ្តោះអាសន្ននៅ​ World Cup 2018 ។ ក្រូអាតបានក្លាយជាក្រុមទី១​ ក្នុងចំណោម​ ៤ក្រុមស្ថិតក្នុងពូល​ D ដែលរកបាន​ ៣ពិន្ទុពេញ​ ក្រោយពេល អាហ្សង់ទីន​ និងអាយឡែន​ មាន១ពិន្ទុ​ បន្ទាប់ប្រកួតស្មើគ្នា​ ១-១

កីឡាករខ្សែការពារធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទីទី៣២​ ធ្វើឲ្យក្រូអាតនាំមុខ​ ១-០​ ក្នុងវគ្គទី១​ មុនកីឡាករ​ Luka Modric បន្ថែមគ្រាប់ទី២​ ដោយបាល់ប៉េណាល់ទី១១ម៉ែត្រ​ នៅនាទីទី៧១​ ដើម្បីធានាជ័យជម្នះ​ ១០០%​ តែម្តង៕