Griezmann បាន​​ស្រាយ​មន្ទិល​សង្ស័យ​​​ទាក់ទង​​​ជាមួយ​​អនាគត​របស់​ខ្លួន​​ដោយ​ប្រកាស​ថា​…

6

ខ្សែ​ប្រយុទ្ធ​​ Antoine Griezmann ដែល​ជា​កីឡាករ​គោលដៅ​របស់​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona បាន​ប្រកាស​ថា​គាត់​នឹង​បន្ត​ការ​ស្នាក់​នៅ​​ជាមួយ​ក្រុម​ Atletico Madrid ដោយ​កីឡាករ​បារាំង​រូប​នេះ​បាន​​បញ្ជាក់​ឲ្យ​ដឹង​​យ៉ាង​ដូច​ច្នេះ​​នៅ​​ក្នុង​កម្មវិធី​​មួយ​របស់​បុស្ដិ៍​ទូរទស្សន៍​​​អេស្ប៉ាញ​ដែល​មាន​ឈ្មោះ​ថា​ «La Decision» ។ Griezmann ​បាន​និយាយ​ថា​​ខ្លួន​​ចង់​ស្រាយ​មន្ទិល​សង្ស័យ​ទាក់ទង​​​ជាមួយ​នឹង​​អនាគត​របស់​គាត់​​​​ឲ្យ​បាន​មុន​ការ​ប្រកួត​​រវាង​ក្រុម​ជម្រើស​ជាតិ​បារាំង​ និង​​អូស្ដ្រាលី​នៅ​ក្នុង​ជំនួប​នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​​នា​ថ្ងៃ​សៅរ៍​​នេះ​។

Griezmann កីឡាករ​វ័យ​ ២៧ ឆ្នាំ​រូប​នេះ​បាន​មក​ចុះ​ចូល​ជាមួយ​ At Madrid ក្រុម​នៃ​លីក​កំពូល​របស់​អេស្ប៉ាញ​កាល​ពី​ឆ្នាំ​ ២០១៤ ដោយ​ការ​ផ្ទេរ​ចេញ​ពី​ក្រុម​ក្នុង​លីក​អេស្ប៉ាញ​ដូចគ្នា​​គឺ​ក្រុម​ Real Sociedad ខណៈ​ដែល​មក​ទល់​ពេល​​នេះ​គាត់​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ១១២ គ្រាប់​ហើយ​ពី​​គ្រប់​ការ​ប្រកួត​ទាំង​អស់​ឲ្យ​ At Madrid ។ “ខ្ញុំ​បាន​សម្រេច​ចិត្ត​ស្នាក់​​នៅ​ជាមួយ​ At Madrid បន្ត​ទៀត​។” Griezmann បាន​និយាយ​នៅ​ចុង​​​ម៉ោង​នៃ​កម្មវិធី​ «La Decision» ។ ហើយ​​បន្ទាប់​ពី​ការ​ប្រកាស​ឲ្យ​ដឹង​ទាក់ទង​នឹង​ការ​សម្រេច​ចិត្ត​​របស់​ខ្លួន​​ Griezmann ដែល​ជាប់​កុងត្រា​នៅ​ At Madrid ដល់​ឆ្នាំ ២០២២ រូប​នេះ​​បាន​ផុស​នៅ​លើ​បណ្ដាញ​សង្គម​​​ Twitter ដោយ​សរសេរ​ថា​ ៖ “អ្នក​គាំទ្រ​របស់​ខ្ញុំ​ ក្រុម​របស់​ខ្ញុំ​ ផ្ទះ​របស់​ខ្ញុំ​…”

កាល​ពី​រដូវក្ដៅ​ឆ្នាំ​ទៅ​ Griezmann បាន​បន្ត​កុងត្រា​របស់​គាត់​ចំនួន​មួយ​ឆ្នាំ​បន្ថែម​ទៀត​​នៅ​ At Madrid និង​ព្រម​បន្ត​​រួម​រស់ជាមួយ​ក្រុម​ម្ចាស់​ជើង​ឯក​ពាន​ Europa League មួយ​នេះ​ បើ​ទោះ​បី​ជា​ក្លិប​ត្រូវ​បាន​រង​ការ​ពិន័យ​មិន​ឲ្យ​ទិញ​កីឡាករ​។ ហើយ​កាល​​នោះ​ដែរ​គាត់​បាន​និយាយ​ថា​ឱកាស​ដែល​ខ្លួន​អាច​នឹង​ផ្ទេរ​ទៅ​កាន់​ក្រុម​បិសាច​ក្រហម​ Manchester United គឺ​មាន​ ៦ លើ​ ១០ ។ ចំណែក​ At Madrid វិញ​​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ថ្មីៗ​​នេះ​បាន​ប្រកាស​ថា​ពួក​គេ​​បាន​​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជា​បឋម​មួយ​ក្នុង​ការ​ចុះ​ហត្ថលេខា​ទិញ​ខ្សែ​បម្រើ​​រួម​សញ្ជាតិ​​របស់​ Griezmann គឺ​កីឡាករ​ Thomas Lemar ពី​ក្រុម​ Monaco ។

ប្រែ​សម្រួល​ ៖ ភក្ដី