ផ្លូវការ​​​!!! Real Madrid រក​បាន​អ្នក​ចាត់​ការ​ថ្មី​ជំនួស​ Zidane ហើយ​ ថែម​ទាំង​ជា​គ្រូ​ជម្រើស​​ជាតិ​អេស្ប៉ាញ​ទៀត​ផង​

8

ក្រុម​យក្ស​អេស្ប៉ាញ​​ Real Madrid ​បាន​ប្រកាស​ជា​ផ្លូវការ​​ក្នុង​​ការ​តែង​តាំង​លោក​ Julen Lopetegui ឲ្យ​មក​កាន់​តំណែង​អ្នក​​ចាត់​ការ​ថ្មី​​របស់​ពួកគេ​ ខណៈ​ដែល​​លោក​ Julen បាន​យល់​ព្រម​ចុះ​​កុងត្រា​រយៈ​ពេល​ ៣ ឆ្នាំ​ជាមួយ​ក្រុម​នៃ​​​ក្របខ័ណ្ឌ​ La Liga មួយ​នេះ​។ ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា​អ្នក​ចាត់​ការ​ចាស់​របស់​ Real លោក​ Zinedine Zidane បាន​លា​លែង​ពី​តំណែង​កាល​ពី​ខែ​មុន​​ ក្រោយ​ជួយ​ឲ្យ​​ក្លិប​​លើក​ពាន​ Champions League រួច​​ ខណៈ​ដែល​គ្រូ​​ជនជាតិ​បារាំង​រូប​នេះ​​និយាយ​ថា​ Real មិន​ត្រូវ​ការ​​ស្ដាប់​សម្លេង​គ្រូ​បង្វឹក​ដដែល​ទេ​ គឺ​ពួក​គេ​ត្រូវ​ការ​ការ​ផ្លាស់​ប្ដូរ​។

ការ​ចាក​ចេញ​របស់​ Zidane ​ធ្វើ​ឲ្យ​ Real ត្រូវ​បាន​គេ​ផ្សា​ភ្ជាប់​ជាមួយ​គ្រូ​បង្វឹក​ជា​ច្រើន​រូប​​​ដែល​អាច​នឹង​មក​ជំនួស​កៅអី​របស់​គាត់​ ប៉ុន្តែ​ជា​លទ្ធផល​គឺ​មិន​ដូច​អ្វី​ដែល​គេ​បាន​រំពឹង​ទុក​នោះ​​ឡើយ​ ខណៈ​ដែល​​ពេល​នេះ​​​ Real បាន​ប្រកាស​តែងតាំង​លោក​ Julen ដែល​មិន​ធ្លាប់​មាន​សារពត៌មាន​ណា​ផ្សា​ភ្ជាប់​គាត់​ទាល់តែ​សោះ​នោះ​ឲ្យ​មក​ជំនួស​ Zidane ។ Julen ពី​មុន​ធ្លាប់​ដឹកនាំ​ក្រុម​​យក្ស​​របស់​ព័រទុយហ្គាល់​ Porto បាន​ ២ ឆ្នាំ​​ដែរ​ មុន​ពេល​​​​ទៅ​​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​​នៅ​ក្នុង​ឆ្នាំ​ ២០១៦ និង​បន្ត​ធ្វើ​មក​ដល់​សព្វ​ថ្ងៃ​។ តែ​ទោះ​ជា​យ៉ាង​​ណា​ នៅ​ពេល​រួច​ពី​ World Cup ឆ្នាំ​ ២០១៨ ​ដែល​នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​​នា​ថ្ងៃ​ ១៤ ខាង​មុខ​នេះ Julen នឹង​ផ្លាស់​ពី​តំណែង​​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ទៅ​កាន់​ការងារ​អ្នក​ចាត់​​ការ​នៅកីឡដ្ឋាន​ Bernabeu របស់​ Real Madrid វិញ​។

បុរស​វ័យ​ ៥១ ឆ្នាំ​,​ Julen ដែល​ជា​អតីត​អ្នក​ចាំ​ទី​រូប​នេះ​​ធ្លាប់​បង្ហាញ​ខ្លួន​លើ​ទៅលាន​ប្រកួត​ឲ្យ​ Real Madrid បាន​​តែ​មួយ​ប្រកួត​ឲ្យ​គត់​ ប៉ុន្តែ​បង្ហាញ​ខ្លួន​បាន​​ដល់​ទៅ​ ១០៧ ប្រកួត​​ឲ្យ​​​ក្រុម​ Logrones ។ គាត់​បាន​ចាប់​ផ្ដើម​​អាជីព​គ្រូ​បង្វឹក​កាល​​ពី​ឆ្នាំ​ ២០០៣ ដោយ​កាល​នោះ​គឺ​គាត់​ធ្វើ​ជា​ជំនួយ​ការ​​​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​អាយុ​ក្រោម​ ១៧ ឆ្នាំ​។ ក្រោយ​មក​គាត់​បាន​ដឹកនាំ​​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​​ពី​ក្រោម​អាយុ​ ១៩ ដល់​ ២០ ឆ្នាំ​ មុន​ពេល​ផ្លាស់​ទៅ​កាន់​ការងារ​នៅ​ Porto ។

លោក​ Zinedine Zidane អតីត​​អ្នក​ចាត់​ការ​ Real Madrid

ប្រែ​សម្រួល ៖ ភក្ដី​